កីឡា
ក្រុមបាល់បោះជនពិការនារីកម្ពុជា ត្រៀមចេញទៅហ្វឹកហាត់នៅជប៉ុន
ក្រោមការគាំទ្ររបស់ភាគីជប៉ុន នៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីទៅហ្វឹកហាត់ និងដកស្រង់បទពិសោធថ្មីបន្ថែមទៀតក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិកបាល់បោះរទេះជនពិការ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ លោក អ៊ុអិណូ អាត្សឹស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្ដែងសេចក្តីសោមនស្សរីករាយដែលកម្ពុជា-ជប៉ុន បានចាប់ផ្ដើមផ្លាស់ប្តូរទស្សនកិច្ចក្នុងវិស័យកីឡានៅដើមឆ្នាំបែបនេះ ខណៈឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ៧០នៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា។
បើតាមលោកឯកអគ្គរាជទូត ទស្សនកិច្ចរបស់អត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាទៅកាន់ប្រទេសជប៉ុន គឺធ្វើឡើងតាមរយៈកម្មវីធីផ្លាស់ប្តូរយុវជន JENESYS។ លោកឯកអគ្គរាជទូត បានថ្លែងឲ្យដឹងថា អត្តពលិកកម្ពុជាដែលត្រូវបញ្ជូនទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ នឹងចូលរួមសិក្ខាសាលាជាមួយសហព័ន្ធកីឡាប៉ារ៉ាជប៉ុន ហើយមានការផ្លាស់ប្ដូរ និងការហ្វឹកហាត់រួមគ្នាជាមួយក្រុមកីឡាករជប៉ុន។
លោកទូតជប៉ុន សង្ឃឹមថា ក្រុមអត្តពលិកបាល់បោះរទេះជនពិការកម្ពុជានឹងពង្រឹងសមត្ថភាព ហើយត្រូវប្រើបទពិសោធដែលទទួលបានពីដំណើរទស្សនកិច្ចទៅកាន់ជប៉ុននេះឲ្យអស់លទ្ធភាព និងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រេចបានលទ្ធផលដ៏ប្រសើរនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងត្រូវធ្វើឡើងនៅខែឧសភា ឆ្នាំនេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការកម្ពុជា បានបញ្ជាក់ថា ការចេញទៅហ្វឹកហាត់ និងដកស្រង់បទពិសោធនៅប្រទេសជប៉ុននេះ គឺជាការជំរុញទឹកចិត្តអត្តពលិករបស់កម្ពុជាឲ្យកាន់តែក្លាហានប្រកបដោយទំនុកចិត្ត និងមានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រកួតឲ្យទទួលបានជោគជ័យ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់បោះជនពិការកម្ពុជា លោក លី ធុជ ក៏បានបង្ហាញក្ដីរំពឹងថា ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា នឹងទទួលបានភាពជោគជ័យ ហើយនាំយកកិត្តិយស និងមោទនភាពជាតិសម្រាប់ការប្រកួត នាពេលខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ