Connect with us

កីឡា

គួរ​​ឲ្យ​សរសើរ​ Thiago ជួយ​​ផ្សព្វ​ផ្សាយ​​​«គុន​​ខ្មែរ​»​​បាន​​​ច្រើន​

បានផុស

នៅ

កីឡាករ​ប្រដាល់​​ប្រេស៊ីល Thiago Teixeira បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ​គុន​ខ្មែរទៅ​កាន់​ពិភព​ខាង​ក្រៅ​ឲ្យ​ស្គាល់​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ឆ្នាំ​២០២២ Thiago Teixeira បាន​ប្រកួត​ឈ្នះ ឡៅ ចន្ទ្រា ដោយ​ពិន្ទុ។ បន្ទាប់​មក​​ រូប​គេ​តែង​តែ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ ធឿន ធារ៉ា ដែល​កំពុង​ឡើង​ជើង​ខ្លាំង។ ជា​ពិសេស បន្ទាប់​ពី​​កីឡាករ​កម្ពុជា​រូប​នេះ​​ឈ្នះ​ខ្សែ​ក្រវាត់ Thai Fight កីឡាករ​ប្រេស៊ីល​រូប​នេះ​តែង​តែ​ចង់​ជួប​ប្រកួត​។ ទី​បំផុត រូប​គេ​បាន​ជួប​ ធារ៉ា តាម​ការ​គ្រោង​ទុក ហើយ​រូប​គេ​បាន​ប្រកាស​ក្តែង​ៗ​ពី​ការ​ផ្តួលអ្នក​លេង​គុន​ខ្មែរ។ យ៉ាង​ណា រូប​គេ​បាន​ចាញ់​ក្នុង​ទឹក​ទី​៥ បន្ទាប់​ពី​បែក​ធំ​ដែល​មិន​អាច​ប្រកួត​បាន។

ការ​ពិត​នៅ​លើ​សង្វៀន និង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម Thiago មាន​​កាយ​វិការ​ខុស​គ្នា​ដាច់​តែ​ម្តង។ រូប​គេ​បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​អ្នក​ទស្សនា​មុន​ការ​ប្រកួត ប៉ុន្តែ​នៅ​ពេល​ប្រកួត​ រួប​គេ​សុភាព​រៀបរាប​សារ និង​គោរព​ សំពះ​ឱន​លំទោន​គួរ​ឲ្យ​គោរព។

ជា​រឿយ​ៗ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម Thiago តែង​តែ​តាម​ដាន់​សកម្មភាព​ប្រដាល់​គុន​ខ្មែរ និង​សរសេរ​ខ្លឹម​ជា​បន្ត​បន្ទាប់​ពី​ការ​ចូល​ចិត្ត និង​ស្រឡាញ់​គុន​ខ្មែរ។ ក្រៅ​ពី​ការ​ Share និង​និយាយ​ពី​ការ​ស្រឡាញ់​គុន​ខ្មែរ រូបគេ​ក៏​បាន​ឆ្លើយ​ឆ្លង​ជា​មួយ​អ្នក​គាំទ្រ​ទៀត​ផង។

ជាក់ស្តែង​រូប​គេ​បាន​សរសេរ​ឆ្លើយ​នឹងគណនី​ Facebook មួយ​ថា ៖«តែង​តែ​ស្រឡាញ់​កម្ពុជា​ជា​និច្ច។ គុន​ខ្មែរ​ត្រូវ​តែ​នាំ​ទៅ​កាន់​ពិភព​លោក»។

ការ​ប្រកួត​របស់ Thiago ជា​មួយ ធឿន ធារ៉ា ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ តាម​ការ​ផ្សាយផ្ទាល់​លើ​ផេក​មាន​អ្នក​ទស្សនា​រហូត​ដល់៣០០K ក្នុង​នោះ​ក៏​មាន​អ្នក​ទស្សនា​នៅ​ក្រៅ​ប្រទេស​ច្រើន​ដែរ។ គេ​ក៏​សង្កេត​ឃើញ​ថា ​មាន​កីឡាករ​ប្រដាល់​ថៃ​ជា​​ច្រើន​បានទស្សនា ដូច​ជា​កំពូល​អ្នក​ប្រដាល់​ថៃ Buakaw ជា​ដើម ដោយសាររូប​គេ​ធ្លាប់​ប្រកួត​នៅ Thai Fight ជា​ច្រើន​លើក។

ចុង​ក្រោយ​បំផុត​នេះ រូប​គេ​បាន​សរសេរ​ថា ៖«ស្រឡាញ់​​ក្រុម​ការងារ​គុន​ខ្មែរ​កម្ពុជា​ខ្លាំង​ណាស់។ វា​ពិត​ជា​ល្អ​​ដែល​បាន​ជួប​ដៃ​គូ​ចាស់​របស់​ខ្ញុំ និង​ជា​មិត្តភក្តិ​គឺ​កីឡាករ សេន ប៊ុនថេន»។​

Thiago ធ្លាប់​ប្រកួត​​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប​ដូច​ជា​ធ្លាប់​ប្រកួត​ជា​មួយ​ សេន ប៊ុនថេន ៣​ដង ក្នុង​ឈ្នះ​១​ដង ធ្លាប់​ឈ្នះ ធន់ សុភា និងឈ្នះ​ ឡៅ ចន្ទ្រា ប៉ុន្តែ​ប្រកួត​ចុង​ក្រោយ​ចាញ់​កីឡាករ​ ធឿន ធារ៉ា ហើយ​មុន​ពេល​ចេញ​ទៅ​ប្រទេស​កំណើត​វិញ រូប​គេ​ក៏​បាន​ធ្វើ​សកម្មភាព​មនុស្ស​ធម៌។

ប្រសិន​បើ​សហព័ន្ធ​កីឡា​គុន​ខ្មែរ និង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​នាំ​យក​កីឡាករ​បរទេស​ផ្សេង​ៗ​មក​ប្រកួត​ឲ្យ​បាន​ច្រើន ហើយ​រៀបចំ​ឲ្យ​កីឡាករ​បរទេស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ នោះ​ពួក​គាត់​មាន​ឈ្មោះ​ជា​​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក​ ដូច្នេះ​ពួក​គេ​យក​ប្រើ​ប្រាស់​​ខ្សែ​ក្រវាត់​គុន​ខ្មែរ ដោយ​​ផ្សព្វផ្សាយ​ពាក្យ«គុន​ខ្មែរ»​​ទាំង​មិន​​បាច់​បង្ខំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម