កីឡា
កម្ពុជា ជួប U-19 បារាំង ម្ដងទៀត ខណៈអគ្គលេខាធិការបាល់ទះកម្ពុជា ជឿជាក់ថា នឹងជក់ចិត្តជាងមុន
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៩ ឆ្នាំ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយលទ្ធផល ៣ សិត ទល់ ០ កាលពីល្ងាចថ្ងៃអាទិត្យ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅវិមានក្នុងសាល នៃពហុកីឡដ្ឋានជាតិ។

ការប្រកួតដែលស្ថិតក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជិត ៥ ពាន់នាក់ បានទាក់ទាញការចាប់អារម្មណ៍ ដោយចាប់ផ្ដើមសិតទី ១ កម្ពុជា ហាក់ធ្វើបានយ៉ាងល្អជាមួយការនាំមុខជាច្រើនដង ប៉ុន្តែនៅទីបំផុត U-19 បារាំង បានវាយបករហូតយកឈ្នះសិតទី ១ ក្នុងលទ្ធផល ២៣-២៥។ ចូលដល់សិតទី ២ ក៏កម្ពុជា ចាប់ផ្ដើមស្រដៀងគ្នា តែចុងក្រោយនៅតែ U-19 បារាំង យកឈ្នះក្នុងលទ្ធផល ២១-២៥ និងសិតចុងក្រោយ U-19 ផ្ដាច់ជ័យជម្នះ ២៣-២៥។
ទោះបីជាលទ្ធផលបែបនេះ ប៉ុន្តែលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមើលឃើញពីគុណផលរបស់កីឡាករកម្ពុជាមានការកើនឡើងជាងមុន ហើយរំពឹងជក់ចិត្តជាងនេះបន្ថែមទៀតសម្រាប់ការប្រកួតជើងទី ២។

លោក អាំង សេរីពិសិដ្ឋ បាននិយាយដូច្នេះថា «លទ្ធផលនៅថ្ងៃនេះ ៣-០ ខ្ញុំគិតថាបងប្អូនជនរួមជាតិមួយចំនួនអាចនឹងខកចិត្ត ប៉ុន្តែចំពោះខ្ញុំក្នុងនាមថ្នាក់ដឹកនាំ គឺខ្ញុំគិតថាគុណផលកីឡារបស់យើងនៅមានកម្រិតកើនឡើងជាងមុនមែន ប៉ុន្តែដែលយើងជួបចំណាត់ថ្នាក់លេខ ៣ ពិភពលោក ដែលជាថ្នាលរបស់គេនេះគឺជារបស់ពិតរបស់គេតែម្ដង អ៊ីចឹងយើងឃើញថា លទ្ធភាព នៃការតដៃរបស់យើងគឺវាត្រដមត្រសងដែរ ហើយខ្ញុំជឿជាក់ថា នៅថ្ងៃទី ២២ រឹតតែល្អមើលជាងហ្នឹង ដោយសារតែបានដឹងទឹកដៃរៀងៗខ្លួន ហើយចំពោះគ្រូបង្វឹកក៏ដូច្នោះដែរ គាត់នឹងគិតកែច្នៃនូវតិកនិក តើត្រូវលេងបែបម៉េចទៀត»។
«ឥលូវបើតាមការវិភាគខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិយើងគាត់បានទស្សនាតាំងពីគ្រាប់ទី ១ រហូតដល់គ្រាប់បញ្ចប់ អ៊ីចឹងយើងឃើញថា នៅពេលដែលកម្ពុជាយើងវាយដាច់ ៤,៥ ពិន្ទុ គឺមានការប្រែប្រួលទាំងអស់ មានការប្រែប្រួលក្នុងការបិទក្នុងការបើក ហើយក្នុងការរៀបចំយុទ្ធសាស្ត្រក្នុងការប្រយុទ្ធត្រលប់មកវិញ អ៊ីចឹងនេះជាបទពិសោធថ្មីមួយទៀត ដែលគណៈគ្រប់គ្រង ជាពិសេសគ្រូបង្វឹករបស់យើងត្រូវតែសិក្សាដើម្បីពង្រឹងគុណផលកីឡារបស់យើងឲ្យរឹតតែប្រសើរជាងនេះ ពីព្រោះថាក្នុងនាមអគ្គលេខាធិការ ខ្ញុំអត់ទាន់ពេញចិត្តទេ បានន័យថា យើងនៅតែបន្តខិតខំពង្រឹង និងពង្រីកគុណផលរបស់យើងបន្ថែមទៀត»។ លោក អាំង សេរីពិសិដ្ឋ បានសង្កត់ធ្ងន់។
នេះគឺជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ដែលវិមានក្នុងសាល នៃពហុកីឡដ្ឋានជាតិ ត្រលប់មកមានការប្រកួតលក្ខណៈអន្តរជាតិឡើងវិញ ជាពិសេសលើប្រភេទកីឡាបាល់ទះ ជាមួយគ្នាអគ្គលេខាធិការដដែលរូបនេះ ចាត់ទុកថាជាភាពអស្ចារ្យមួយ ភ្ជាប់ទៅដោយចំនួនអ្នកចូលរួមទស្សនាដ៏ច្រើនកុះករ លើទីតាំងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ កម្ពុជា-បារាំង។
ការប្រកួតមិត្តភាពអន្តរជាតិរវាងជម្រើសជាតិកម្ពុជា ជាមួយ U-19 បារាំង នឹងត្រូវធ្វើឡើងម្ដងទៀតនាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ នាវិមានក្នុងសាល នៃពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាច៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង