កីឡា
មកដឹងពីស្ថានភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលហ្វឹកហាត់នៅចិន ត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣
បន្ទាប់ពីបានដឹកនាំប្រតិភូធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ នៅប្រទេសចិន កាលពីថ្មីៗកន្លងទៅនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានជម្រាបជូនពីស្ថានភាពរបស់កីឡាករ-កីឡាការិនីកម្ពុជា ដ្បិតកាន់តែកៀកទៅបញ្ចប់ការបោះជំរំហ្វឹកហាត់។
ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន ១៦១ នាក់ លើ ១២ ប្រភេទកីឡា ដែលកំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសចិន កំពុងដំណើរការហ្វឹកហាត់យ៉ាងរលូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរជាម្ចាស់ផ្ទះ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នៅកម្ពុជា នាខែឧសភាខាងមុខ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចខាងលើ ប្រតិភូ CAMSOC បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងការចុះពិនិត្យទីតាំងហ្វឹកហាត់ និងការស្នាក់នៅផ្ទាល់របស់កីឡាករ-កីឡាការិនីកម្ពុជា ដែលកំពុងមមាញឹកក្នុងការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ នៅខេត្តណាននីង និងខេត្តគួនមីង។ លើសពីនេះ ក៏មានកិច្ចពិភាក្សាការងារមួយចំនួន ជាមួយភាគីចិន ជុំវិញការយកចិត្តទុកដាក់លើបោះជំរំរបស់ក្រុមជម្រើសជាតិកម្ពុជាទាំង ១២ ប្រភេទកីឡាផងដែរ។
លោកអគ្គលេខាធិការបន្តថា «យើងឃើញថា មិត្តចិនបានយកចិត្តទុកដាក់ ការហ្វឹកហាត់មានវិន័យ មានស្តង់ដារ កន្លែងហ្វឹកហាត់ក៏មានលក្ខណៈពិសេស ដែលអាចធ្វើឲ្យកីឡាករ-កីឡាការិនីរបស់យើង បន្ទាប់ពីហ្វឹកហាត់ប្រមាណ ៥ ខែមកនេះ យើងពិនិត្យឃើញថា មានការវិវឌ្ឍ កម្រិតបច្ចេកទេសរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយគេបានផ្ដល់គ្រូល្អៗ សុទ្ធសឹងជាគ្រូជម្រើសជាតិ ក្នុងការបង្ហាត់បង្រៀន និងជំរុញកម្លាំងចិត្ត ក៏ដូចជាបច្ចេកទេសដល់កីឡាករ-កីឡាការិនីកម្ពុជាយើង»។
«រីឯការរស់នៅ ក៏មានសុខដុមរមនាល្អ ការរស់នៅល្អ កន្លែងស្នាក់នៅសមរម្យ អ្នកខ្លះស្នាក់នៅដល់សណ្ឋាគារផ្កាយប្រាំទៅទៀត ហើយមានម្ហូបអាហារគ្រប់គ្រាន់ និងបរិយាកាសល្អ ដែលជំរុញឲ្យការហ្វឹកហាត់ដំណើរការរលូន និងល្អប្រសើរ។ ការយកចិត្តទុកដាក់ខ្ពស់របស់មិត្តចិន ក្នុងការបណ្ដុះបណ្ដាលនេះ យើងឃើញថា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ តែនៅសល់ប៉ុន្មានខែទៀត យើងសង្ឃឹមថា ពួកគាត់នឹងមានគុណផលកាន់តែល្អ»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។
លោកមានសុទិដ្ឋិនិយមថា កីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតស៊ីហ្គេម។ តាមការគ្រោងទុកក្រុមជម្រើសជាតិកម្ពុជាទាំង ១២ ប្រភេទកីឡា នឹងហ្វឹកហាត់នៅចិន រហូតដល់ចុងខែមេសា ទើបត្រឡប់មកវិញ ដើម្បីត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
គួររំលឹកថា ដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន ១៦១ នាក់ លើ ១២ ប្រភេទកីឡា (កីឡាអត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, វាយសី, ចំបាប់, លើកទម្ងន់, បាល់ទាត់នារី និងកីឡាបាល់ទះនារី) បានទទួលជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដើម្បីបោះជំរំហ្វឹកហាត់រយៈពេល ២ ឆ្នាំ នៅប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមលើកដំបូងនៅកម្ពុជាតែម្ដង៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ