យ៉ាងហោចណាស់មានកីឡដ្ឋានបាល់ទាត់ក្នុងស្រុកចំនួន២ បានអញ្ជើញក្រុមបាល់ទាត់ជាសមាជិកលីគកំពូលកម្ពុជា (Metfone Cambodian League 2021) ផ្សេងៗគ្នា ដើម្បីប្រកួតដណ្តើមពានរង្វាន់ក្រៅ ផ្លូវការក៏ដូចជាកម្តៅសាច់ដុំ ពោលគឺមានកីឡដ្ឋានSRU Stadium ក្នុងក្រុងសៀមរាប និងកីឡដ្ឋាន Cambodia Airway Stadium ក្នុងរាជធានីភ្នំពេញ។
តាមគម្រោងកីឡដ្ឋាន SRU Stadium នៅខេត្តសៀមរាប មានឈ្មោះថា«SIEM REAP CHARITY CUP 2021» បានអញ្ជើញក្រុមបាល់ទាត់ចំនួន៤ ចូលរួមប្រកួត ដោយក្នុងនោះ មានក្រុមអង្គរថាយហ្គឺរ វិសា ខា ក្រសួងការពារជាតិ (ខ.ភ.ម) និងក្រុមព្រះខ័នរាជស្វាយរៀង។ ការប្រកួតនឹងរៀបចំពីថ្ងៃទី២០ ដល់២៤ ខែមករា ឆ្នាំ២០២១ ដោយថ្ងៃបើកឆាកក្រុមបាល់ទាត់អង្គរថាយហ្គឺរ ជួបក្រុមខ.ភ.ម នៅវេលាម៉ោង៣:៣០នាទីរសៀល ហើយក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមវិសាខា នៅវេលាម៉ោងដំណាល គ្នានៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ក្រុមដែលឈ្នះតាមប្រកួតនីមួយៗមានឈ្មោះឡើងទៅលេងដណ្តើមជើងឯក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ខណៈក្រុមរងបរាជ័យត្រូវប៉ះគ្នាដណ្តើមចំណាត់ ថ្នាក់លេខ៣ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
នេះជាលើកទី២ ហើយដែលកីឡដ្ឋាន SRU Stadium រៀបចំពានរង្វាន់បាល់ទាត់ក្រៅផ្លូវការនេះ ខណៈកាលពីឆ្នាំដំបូងកីឡដ្ឋាននេះ បានរៀបចំប្រកួតពានរង្វាន់ Super Asia Cup 2020 ពីថ្ងៃទី២៣ ដល់ទី២៦ ខែមករា ឆ្នាំ២០២០ ដោយមានក្រុមចូលរួមដូចជាក្រុមអង្គរថាយហ្គឺរ និងក្រុមវិសាខា របស់កម្ពុជា រួម ទាំងក្រុម Bhayangkara FC របស់ឥណ្ឌូនេស៊ី និងក្រុមPJ City FC របស់ម៉ាឡេស៊ី។ ជាលទ្ធផលជើង ឯកបានទៅក្រុម Bhayangkara FC របស់ឥណ្ឌូណេស៊ី។
ដោយឡែកពានរង្វាន់មួយទៀត គឺធ្វើឡើងនៅកីឡដ្ឋាន Cambodia Airways របស់ក្រុមបឹងកេត ដែល មានឈ្មោះថា Cambodia Airways Cup 2021។ គណៈកម្មការនៃការប្រកួតមិនទាន់បង្ហាញពីកាល បរិច្ឆេទនៅឡើយនោះទេ តែទំនងនឹងធ្វើឡើងនៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។ ចំណែកក្រុមនឹងចូលរួមប្រកួតក្នុងពានរង្វាន់នេះមានដូចជាម្ចាស់ផ្ទះបឹងកេត,អាស៊ីអឺរ៉ុប,អគ្គស្នងការ ដ្ឋាននគរបាលជាតិ និងក្រុមអគ្គីសនីកម្ពុជា។
សូមបញ្ជាក់ថា តាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានជូនដំណឹងថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១ គ្រោងរៀបចំចាប់ពីថ្ងៃទី០៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
ចំណែកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១ វិញនឹងធ្វើជា២ដំណាក់កាល ដោយដំណាក់កាលដំបូងជាការជម្រុះថ្នាក់ខេត្ត ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ហើយវគ្គជម្រុះជើងឯកថ្នាក់ជាតិវិញ នឹងរៀបចំឡើង ពីថ្ងៃទី០៧ ខែ កក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៕
អត្ថបទ ៖ ម៉េង ហួរ