កីឡា
កីឡាការិនីពិការ វ៉ិត ចន្ថា រំភើបរហូតស្រក់ទឹកភ្នែក ដោយមិននឹកស្មានថា ត្រូវបានជ្រើសឱ្យរត់ភ្លើងគប់
កីឡាការិនីពិការ វ៉ិត ចន្ថា ត្រូវបានជ្រើសឱ្យរត់ភ្លើងគប់ ដោយពោលថា នាងខ្ញុំមិននឹកស្មានថា នាងខ្ញុំជាកីឡាការិនីពិការ អាចឈានដល់ចំណុចនេះនោះទេ អត្តពលិកកម្ពុជា ដែលចូលរួមកាន់ភ្លើងគប់ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញក្តីរំភើបចិត្តជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ក្រោយពីទទួលបានការប្រោសព្រះរាជទាន «ព្រះអគ្គិជ័យកីឡា» ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចរត់ភ្លើងគប់ ឆ្ពោះទៅកាន់បណ្ដាប្រទេសជាសមាជិកទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
កីឡាការិនីពិការ វ៉ិត ចន្ថា ម្ចាស់មេដាយមាសអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ដែលទទួលបានកិត្តិយសរត់ដង្ហែភ្លើងគប់ជាមួយកីឡាករ វ៉ា មិថុនា នោះ បានបង្ហាញក្តីរំភើបរកពាក្យអ្វីប្រៀបផ្ទឹមពុំបាននោះទេ។
«នាងខ្ញុំមិននឹកស្មានថា នាងខ្ញុំជាកីឡាការិនីពិការ អាចឈានដល់ចំណុចនេះនោះទេ។ នាងខ្ញុំរំភើបខ្លាំង ដល់ស្រក់ទឹកភ្នែក។ នេះជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិរបស់យើង ក៏ដូចជាខ្លួនឯងផ្ទាល់។ កាលពីពេលមុន ខ្ញុំមិនធ្លាប់គិតទេថា ខ្ញុំទទួលបានកិត្តិយសបែបនេះ។ ខ្ញុំធ្លាប់ជាក្មេងស្នាក់នៅជាមួយគេ ខ្ញុំធ្លាប់លាងចាន បោកខោអាវ បម្រើនៅផ្ទះគេ។ ម្យ៉ាងទៀតជាក្មេងមានពិការភាព មិនធ្លាប់ស្រមៃថា នឹងបានក្លាយខ្លួនទទួលបានកិត្តិយសបែបនេះទេ»។
កីឡាការិនីលោតចម្ងាយ វ៉ិត ចន្ថា បានបន្ថែមថា «ជាមួយគ្នានេះ ខ្ញុំក៏ធ្លាប់គិតដែរថា កើតមកជាមនុស្សពិការជើង មិនមែនជាបញ្ហាធំទេ ត្រូវតែតស៊ូក្រាញននៀលនឹងជីវិត កុំឱ្យគេថា ខ្លួនពិការហើយ ធ្វើអ្វីមិនកើត។ ដូច្នេះនាងខ្ញុំប្តេជ្ញាចិត្តថា ខិតខំតស៊ូប្រឹងប្រែងនឹងជីវិត បើទោះបីជាត្រូវជួបនឹងការលំបាកបែបណាក៏ដោយ ក៏ត្រូវតែតស៊ូពុះពារទៅមុខជានិច្ច។ ជាក់ស្តែងពេលបានចូលប្រឡូកក្នុងវិស័យកីឡា គឺនាងខ្ញុំជោគជ័យ»។
គួរបញ្ជាក់ថា កីឡាការិនីអត្តពលកម្មជនពិការ វ៉ិត ចន្ថា ជាម្ចាស់មេដាយមាស លើវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
ដោយឡែក កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា បានលើកឡើងថា ការរត់ភ្លើងគប់បែបនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុង១ជីវិត អាចមានតែម្តងប៉ុណ្ណោះ។ «ខ្ញុំមានសេចក្តីរីករាយ និងមានកិត្តិយសខ្លាំងណាស់ ដែលទទួលការប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ពីអង្គព្រះមហាក្សត្រ»។
ជាមួយនឹងអារម្មណ៍ដ៏រំភើបរីករាយឥតឧបមាបែបនេះ អត្តពលិកតេក្វាន់ដូ WT រូបនេះ ក៏បានបង្ហាញការប្តេជ្ញាខ្ពស់បន្ថែមថា នឹងបន្តការហ្វឹកហាត់ឱ្យខ្លាំងក្លា ដើម្បីត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ «ពេលនេះ ខ្ញុំបានដាក់គោលដៅដណ្តើមឱ្យបានមេដាយមាស ជាថ្មីម្តងទៀត ក្នុងស៊ីហ្គេម នៅកម្ពុជា ដើម្បីថែរក្សាការពារមេដាយមាស ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ»។
បន្ថែមពីលើនេះ អត្តពលិកម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបានសំណូមពរដល់ប្រជាពលរដ្ឋ យុវជនចូលរួមគាំទ្រ និងអបអរសាទរពិធីរត់ភ្លើងគប់ នៅកម្ពុជា ក៏ដូចជាការរត់ភ្លើងនៅគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ឱ្យបានផុសផុល ហើយចូលរួមគាំទ្រការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ឱ្យបានច្រើនកុះករ។
កីឡាករជម្រើសជាតិតេក្វាន់ដូ វ៉ា មិថុនា ដែលបានឈ្នះមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម លើ Kyorugi ក្រោម៧៤គីឡូក្រាមនោះ បានបញ្ជាក់ថា «ប្រជាពលរដ្ឋ គឺជាកម្លាំងចិត្ត ដែលជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ឱ្យកាន់តែមានស្មារតី ទឹកចិត្ត ដើម្បីដណ្តើមមេដាយ។ ក្នុងនាមខ្ញុំជាកីឡាករជម្រើសជាតិកម្ពុជា ខ្ញុំប្តេជ្ញាថា នឹងខិតខំដណ្តើមមេដាយជូនជាតិមាតុភូមិឱ្យទាល់តែបាន»៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់