កីឡា
៧សំនួរជាមួយម្ចាស់មេដាយមាសពិភពលោក ពៅ សុខា ពីក្តីរំពឹងក្នុងស៊ីហ្គេម២០២៣
កម្ពុជាទើបតែទទួលបានលទ្ធផលល្អក្នុងការប្រកួតវ៉ូវីណាមជើងឯកអាស៊ាន កាលពីខែមីនាកន្លងនេះដែលកម្ពុជាឈ្នះមាស១០ ប្រាក់៩ និងសំរឹទ្ធ១០ សរុប២៩គ្រឿង ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស៧ចូលរួមប្រកួត។ លទ្ធផលល្អនេះអាចជាកម្លាំងចិត្តសំខាន់សម្រាប់អត្តពលិកវ៉ូវីណាមកម្ពុជាក្នុងការប្រជែងមេដាយពីកីឡាស៊ីហ្គេមនៅកម្ពុជា។
ក្នុងចំណោមម្ចាស់មេដាយជើងឯកអាស៊ានទាំង២៩គ្រឿងនោះ កីឡាការិនី ពៅ សុខា ឈ្នះបានមេដាយមាស៣ ប្រាក់ និងប្រាក់២។ កីឡាការិនីរូបនេះឈ្នះមេដាយពិភពលោក មេដាយជើងឯកអាស៊ី និងស៊ីហ្គេម ជាច្រើនគ្រឿង។
ខាងក្រោមជាបទសម្ភាសផ្តាច់មុខរវាង«សារព័ត៌មានកម្ពុជាថ្មី» ជាមួយកីឡាការិនី ពៅ សុខា ជុំវិញការត្រៀមខ្លួន និងក្តីរំពឹងសម្រាប់កីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។
កម្ពុជាថ្មី៖ តើការទទួលបានលទ្ធផលល្អពីការប្រកួតវ៉ូវីណាមជើងឯកអាស៊ានកាលពីខែមីនាកន្លងទៅនេះ អាចនឹងធ្វើឲ្យមានលទ្ធផលល្អក្នុងកីឡាស៊ីហ្គេម ក្នុងនាមជាម្ចាស់ផ្ទះទេ?
ពៅ សុខា៖ លទ្ធផលដែលទទួលបានពីការប្រកួតវ៉ូវីណាមជើងឯកអាស៊ានឆ្នាំ២០២៣គឺសប្បាយចិត្តដែលខ្លួនឯងធ្វើបានលទ្ធផលបែបហ្នឹង ប៉ុន្តែអ្វីដែលខ្ញុំត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់គឺស៊ីហ្គេម ព្រោះយើងអត់អាចរំពឹងលទ្ធផលដូចការប្រកួតជើងឯកទេគឺយើងត្រូវពង្រឹង កែកំហុស និងប្រុងប្រយ័ត្នកាន់តែខ្ពស់។
កម្ពុជាថ្មី៖ តើកញ្ញាគិតថា មានហេតុផលអ្វីទេដែលមិនរំពឹងទទួលបានលទ្ធផលដូចការប្រកួតជើងឯកអាស៊ាន?
ពៅ សុខា៖ ការប្រកួតគឺជា បុរេស៊ីហ្គេម (Pre Sea Games) យើងខ្លាចប្រទេសផ្សេងមានលាក់កីឡាករ កីឡាការិនីទុកខ្លះ ឬបញ្ចេញសមត្ថភាពមិនទាន់អស់។ អីចឹងទាំងគេ ទាំងប្រទេសយើងមានលាក់ទុកដូចគ្នា ដោយសារយើងខ្លាចមានរបួស ព្រោះកៀកស៊ីហ្គេម។
កម្ពុជាថ្មី៖ តាមការយល់ឃើញ តើ សុខា គិតថា ប្រទេសណាខ្លះលាក់ទុកអត្តពលិក ឬបញ្ចេញសមត្ថភាពមិនទាន់អស់?
ពៅ សុខា៖ អ្វីដែលខ្ញុំគិតគឺម្ចាស់ក្បាច់គុនវៀតណាម បន្ទាប់មកមាន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ និងថៃ។ ពួកគាត់ទាំងអស់ហ្នឹងក៏ចាប់ផ្តើមពង្រឹងលើផ្នែកប្រយុទ្ធដែរ អីចឹងទាំងអស់នេះសុទ្ធជាបញ្ហាប្រឈមសម្រាប់ខ្ញុំ។ ម្យ៉ាងទៀតសុទ្ធជាដៃគូចាស់ៗពីមុន គាត់ធ្លាប់លេងយូរហើយ ឆ្នាំនេះគាត់មកលេងវិញ ដូច្នេះខ្ញុំឃើញថា កីឡាករ កីឡាការិនីដែលចូលរួមការប្រកួតពេល Pre Sea Games មានចំនួនច្រើន ពេលស៊ីហ្គេម ក៏ពួកគាត់នឹងចូលរួមប្រកួតច្រើន ហើយក៏អាចប្លែកមុខខ្លះ។
កម្ពុជាថ្មី៖ និយាយពីបច្ចេកទេស តើក្រុមកម្ពុជាមានកម្រិតយ៉ាងណា បើប្រៀបធៀបនឹងប្រទេសផ្សេង?
ពៅ សុខា៖ ក្រុមកម្ពុជាយើងមិនក្រោមគេប៉ុន្មានទេពីបច្ចេកទេស ហើយក៏មានវិញ្ញាសាខ្លះ យើងលើគេថែមទៀត។
កម្ពុជាថ្មី៖ អ្វីជាបញ្ហាប្រឈមចម្បងសម្រាប់ សុខា ក៏ដូចជាអត្តពលិកវ៉ូវីណាមផ្សេងទៀតក្នុងស៊ីហ្គេម?
ពៅ សុខា៖ ខ្ញុំគិតថា បញ្ហាប្រឈមចម្បងគឺផ្នែកស្មារតី ដោយសារប្រទេសផ្សេងៗមានបទពិសោធប្រកួតច្រើន។ ពួកគាត់ស៊ាំនឹងការប្រកួតលក្ខណៈអន្តរជាតិ។ យ៉ាងណា ក្រុមកម្ពុជាយើងមួយរយៈនេះក៏មានការប្រកួតអន្តរជាតិច្រើនដែរ តែនៅតែមានការភ្លាំងភ្លាត់។ ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ក៏មានកំហុសដែរ ដូច្នេះទាំងខ្ញុំ និងក្រុមទាំងមូលត្រូវតែបង្កើនការពង្រឹងស្មារតី។
កម្ពុជាថ្មី៖ តើការហ្វឹកហាត់ដំណាក់កាលចុងក្រោយមុនស៊ីហ្គេមយ៉ាងណាហើយ?
ពៅ សុខា៖ ឥឡូវនេះ ក្រុមវ៉ូវីណាមកម្ពុជាកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម។ យើងហ្វឹកហាត់នៅទីនេះពេញមួយខែតែម្តងទើបត្រឡប់ទៅកម្ពុជាវិញ។ យើងបានបន្ថែមម៉ោងការហ្វឹកហាត់ច្រើនជាងមុនទាំងបច្ចេកទេស កម្លាំង និងស្មារតី ហើយយើងត្រៀមខ្លួនឲ្យរួចរាល់មុនពេលត្រឡប់ទៅខ្មែរវិញថ្ងៃទី៤ ខែឧសភា។ ក្រោយថ្ងៃបើកទី៥ ខែឧសភា យើងចាប់ផ្តើមប្រកួត។
កម្ពុជាថ្មី៖ ជារួមតើលទ្ធផលរំពឹងទុកបែបណាសម្រាប់ស៊ីហ្គេម ក្នុងនាមជាម្ចាស់ផ្ទះ?
ពៅ សុខា៖ អ្វីដែលខ្ញុំរំពឹងទុកគឺអាចរក្សាលទ្ធផលដូចដែលយើងធ្វើបានក្នុងការប្រកួតជើងឯកអាស៊ាន។ ខ្ញុំគិតថា យើងនឹងធ្វើបានល្អជាងស៊ីហ្គេមលើកមុន ដោយសារយើងជាម្ចាស់ផ្ទះ យើងដាក់ច្រើនវិញ្ញាសា ហើយវិញ្ញាសាមួយចំនួនយើងមានអាទិភាព។
ខ្ញុំ និងអត្តពលិកវ៉ូវីណាមទាំងអស់នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជាឲ្យបានច្រើនកុះករ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ