កីឡា
តើកីឡាអាស៊ានប៉ារ៉ាហ្គេមមានប្រវត្តិយ៉ាងណា?
កីឡាជនពិការអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ពហុកីឡាធំបំផុតសម្រាប់អត្តពលិកមានពិការភាពនៅក្នុងតំបន់អាស៊ានដែលមានអាយុកាល២២ឆ្នាំហើយ។ កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលរៀបចំការប្រកួតរាល់ពីរឆ្នាំម្តង ត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០១ ខណៈលើកទី១២ នឹងធ្វើនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣។
គោលដៅសំខាន់របស់អាស៊ានប៉ារ៉ាហ្គេម
គោលបំណងចម្បងនៃការបង្កើតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមគឺដើម្បីជំរុញ និងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពក្នុងចំណោមជនមានពិការភាពនៅក្នុងតំបន់អាស៊ាន។ ផ្តល់ឱកាសឲ្យពួកគាត់បញ្ចេញសមត្ថភាព និងកសាងស្នាដៃជូនជាតិរៀងៗខ្លួន។
សហស្ថាបនិក
ប្រទេសចំនួន១០នៅក្នុងតំបន់អាស៊ានគឺជាសហស្ថាបនិករួមមាន ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប្រទេសទាំង១០នេះបានឯកភាពគ្នារៀបចំការប្រកួតកីឡាជនពិការរាល់២ឆ្នាំម្តងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០១ និងបានបង្កើត«សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF)» ជាផ្លូវការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០១ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី។ ក្នុងព្រឹត្តិការណ៍ប្រកួតលើកទី២ ឆ្នាំ២០០៣ នៅប្រទេសវៀតណាមបានទទួលស្គាល់ប្រទេសទីម័រខាងកើតជាសមាជិកបណ្តោះអាសន្ន។
និម្មិតសញ្ញា
កីឡាអាស៊ានប៉ារ៉ាហ្គេមបង្ហាញនិម្មិតសញ្ញាអាស៊ានដាក់នៅចំកណ្តាលដែលមានសញ្ញាប៉ារ៉ាឡាំពិកឆ្នាំ១៩៩៤-២០០៤ នៅផ្នែកខាងលើ និងរូបឡូរ៉ាល់ជ័យជម្នះនៅជុំវិញ។ វាត្រូវបានប្រើប្រាស់គ្រប់ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមតាំងពីឆ្នាំ២០០៨មក។
ប្រភេទកីឡា
រហូតដល់ពេលនេះមានកីឡាចំនួន១៩ប្រភេទត្រូវបានដាក់ឲ្យប្រកួតដណ្តើមមេដាយ ប៉ុន្តែរាល់ម្ចាស់ផ្ទះរៀបចំការប្រកួតនីមួយៗមិនមែនសុទ្ធតែដាក់កីឡាទាំងអស់នោះទេ។ កីឡាខ្លះជាប្រភេទកីឡាស្នូល កីឡាខ្លះជាប្រភេទកីឡាគោលដៅ និងកីឡាទូទៅផងដែរ។
កីឡាស្នូលមានដូចជាអត្តពលកម្ម លើកទម្ងន់ យូដូ និងអុក។ ប្រភេទកីឡាគោលដៅមានដូចជាបាញ់ធ្នូ ជិះកង់ បាញ់កាំភ្លើង និងគុនដាវជិះរទេះ ព្រមទាំងកីឡាលើទឹកដូចជា ហែលទឹក និងទូកក្តោងជាដើម។ ជាមួយគ្នានេះ ក៏មានកីឡាវាយសី ប៊ូស្យា ប៊ូលីង បាល់ទាត់ បាល់បោះពិការភ្នែក វាយកូនឃ្លីលើតុ បាល់បោះជិះរទេះ និងបាល់ទះអង្គុយ។
ថ្នាក់ដឹកនាំ
- លោក Osoth Bhavilai (ថៃ) ជាប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន
- លោកស្រី Wandee Tosuwan (ថៃ) ជាអគ្គលេខាធិការ
- លោកស្រី Ho Thanh My (វៀតណាម) ជំនួយការលេខាធិការដ្ឋាន
- លោក Than Than Htay (មីយ៉ាន់ម៉ា) ប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រកីឡា
- លោក Senny Marbun (ឥណ្ឌូណេស៊ី) ប្រធានផ្នែកទីផ្សារ និងផ្សព្វផ្សាយ
- លោក យី វាសនា (កម្ពុជា) ប្រធានផ្នែកអភិវឌ្ឍ និងយុទ្ធសាស្ត្រ
- លោក Charnvit Munikarnon (ថៃ) ប្រធានផ្នែកហិរញ្ញវត្ថុ
ប្រទេសរៀបចំធ្វើជាម្ចាស់ផ្ទះ
ជាទូទៅ ប្រទេសដែលទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ជាអ្នកទទួលរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ប៉ុន្តែក៏មានប្រទេសខ្លះមិនបានរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមទេ បើទោះបីជាបានរៀបចំការប្រកួតកីឡាស៊ីហ្គេម ដូច្នេះប្រទេសផ្សេងបានទទួលរៀបចំ។
- លើកទី១៖ ម៉ាឡេស៊ី ឆ្នាំ២០០១
- លើកទី២៖ វៀតណាម ឆ្នាំ២០០៣
- លើកទី៣៖ ហ្វីលីពីន ឆ្នាំ២០០៥
- លើកទី៤៖ ថៃ ឆ្នាំ២០០៨
- លើកទី៥៖ ម៉ាឡេស៊ី ឆ្នាំ២០០៩
- លើកទី៦៖ ឥណ្ឌូណេស៊ី ឆ្នាំ២០១១
- លើកទី៧៖ មីយ៉ាន់ម៉ា ឆ្នាំ២០១៤
- លើកទី៨៖ សិង្ហបុរី ឆ្នាំ២០១៥
- លើកទី៩៖ ម៉ាឡេស៊ី ឆ្នាំ២០១៧
- លើកទី១០៖ ហ្វីលីពីន លុបចោលឆ្នាំ២០២០
- លើកទី១១៖ ឥណ្ឌូណេស៊ី ឆ្នាំ២០២២
- លើកទី១២៖ កម្ពុជា ឆ្នាំ២០២៣
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា