កីឡា
ហេតុអ្វីអាស៊ានប៉ារ៉ាហ្គេមមានកីឡាតិច តែវិញ្ញាសាច្រើន?
កីឡាអាស៊ានប៉ារ៉ាហ្គេមបានក្លាយជាវេទិកាដ៏សំខាន់បំផុតសម្រាប់កីឡាករ កីឡាការិនីមានពិការភាពនៅក្នុងតំបន់អាស៊ានបង្ហាញសមត្ថភាព និងស្វែងរកឧត្តមភាពជូនជាតិ ក៏ដូចជាជំរុញលើកទឹកចិត្ត និងលើកកម្ពស់ជនពិការក្នុងសហគមន៍អាស៊ាន។
កីឡាអាស៊ានប៉ារ៉ាហ្គេមត្រូវបានបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០០១ និងមិនសូវមានកីឡាច្រើនប្រភេទឡើយ។ ទោះបីជាកីឡាមានតិច ប៉ុន្តែបើប្រៀបធៀបនឹងកីឡាស៊ីហ្គេម កីឡាអាស៊ានប៉ារ៉ាហ្គេមមានវិញ្ញាសាច្រើន។
ខាងក្រោមជាឆ្នាំរៀបចំការប្រកួតនីមួយៗ ចំនួនប្រភេទកីឡា និងវិញ្ញាសា
- លើកទី១ ឆ្នាំ២០០១ ដាក់កីឡា២ប្រភេទ មានវិញ្ញាសា៣៤១
- លើកទី២ ឆ្នាំ២០០៣ ដាក់កីឡា៥ប្រភេទ មានវិញ្ញាសា២៨៧
- លើកទី៣ ឆ្នាំ២០០៥ ដាក់កីឡា១០ប្រភេទ មានវិញ្ញាសា៣៩៤
- លើកទី៤ ឆ្នាំ២០០៨ ដាក់កីឡា១៤ប្រភេទ មានវិញ្ញាសា៤៨៨
- លើកទី៥ ឆ្នាំ២០០៩ ដាក់កីឡា១១ប្រភេទ មានវិញ្ញាសា៤០៩
- លើកទី៦ ឆ្នាំ២០១១ ដាក់កីឡា១១ប្រភេទ មានវិញ្ញាសា៣៨០
- លើកទី៧ ឆ្នាំ២០១៤ ដាក់កីឡា១២ប្រភេទ មានវិញ្ញាសា៣៥៩
- លើកទី៨ ឆ្នាំ២០១៥ ដាក់កីឡា១៥ប្រភេទ មានវិញ្ញាសា៣៣៦
- លើកទី៩ ឆ្នាំ២០១៧ ដាក់កីឡា១៦ប្រភេទ មានវិញ្ញាសា៣៦៩
- លើកទី១០ ឆ្នាំ២០២០ លុបចោលដោយសារកូវីដ-១៩
- លើកទី១១ ឆ្នាំ២០២២ ដាក់កីឡា១៤ប្រភេទ មានវិញ្ញាសា៤៥៥
កត្តាមួយចំនួនដែលបណ្តាលឲ្យកីឡាអាស៊ានប៉ារ៉ាហ្គេមដាក់កីឡាតិច ប៉ុន្តែមានវិញ្ញាសាច្រើនដូចខាងក្រោម៖
១. ហែលទឹកមានវិញ្ញាសាច្រើន
ហែលទឹកជាកីឡាសំខាន់បំផុតមួយនៅក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេម។ កីឡានេះមានច្រើនវិញ្ញាសាណាស់ ជាក់ស្តែងអាស៊ានប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០០១ គ្រាន់តែកីឡាហែកទឹកមួយមុខមានវិញ្ញាសារាប់រយ។
២. អត្តពលកម្មមានវិញ្ញាសាច្រើន
កីឡាអត្តពលកម្មក៏មិនខុសពីកីឡាហែលទឹកដែរគឺមានវិញ្ញាសារាប់រយរាល់ពេលត្រូវបានដាក់ចូលក្នុងអាស៊ានប៉ារ៉ាហ្គេមម្តងៗ។ អត្តពលកម្មនេះមានច្រើនប្រភេទណាស់ដូចជា រត់ចម្ងាយ លោតចម្ងាយ ប្រណាំងរទេះ លោតកម្ពស់ ចោលដុំដែកជាដើម ហើយក្នុងប្រភេទនីមួយៗមានវិញ្ញាសាច្រើន។
៣. ប្រភេទពិការ និងចំណាត់ថ្នាក់ពិការស្មុគស្មាញ
អ្នកគាំទ្រប្រហែលជាមិនសូវចាប់អារម្មណ៍ច្រើនទេពីប្រភេទពិការរបស់អត្តពលិកម្នាក់ៗ។ មុនពេលការប្រកួតកីឡាណាមួយ គណៈកម្មការវេជ្ជសាស្ត្រត្រូវវាយតម្លៃលើប្រភេទពិការគឺត្រូវវាយតម្លៃចំណាត់ថ្នាក់ពិការឲ្យបានច្បាស់លាស់ថាតើពិការកម្រិតណា ស្រាលឬធ្ងន់ ដៃឬជើង កាយសម្បទា និងចលនាខួរក្បាលជាដើម។ បន្ទាប់មកទើបដឹងថា អត្តពលិកណាត្រូវប្រកួតលើប្រភេទអ្វី។ ដូច្នេះនៅពេលប្រទេសមួយចុះឈ្មោះអត្តពលិកចូលរួមប្រកួតលើវិញ្ញាសាអ្វីមួយ ជូនកាលអាចមិនបានប្រកួតលើវិញ្ញាសាដែលខ្លួនបានចុះឈ្មោះក៏ថាបាន គឺអាចបានប្រកួតវិញ្ញាសាផ្សេងទៀត។ ប្រការនេះបានធ្វើឲ្យវិញ្ញាសាកាន់តែច្រើនកើនឡើង។ ឧទាហរណ៍ថា វិញ្ញាសារត់ចម្ងាយ១០០ម៉ែត្រ ប៉ុន្តែអាចមានអត្តពលិកពិការច្រើននាក់ប្រកួតផ្សេងគ្នា។
៤. អត្តពលិកម្នាក់ៗអាចប្រកួតបានច្រើនវិញ្ញាសា
ប្រសិនបើចង់ចូលរួមប្រកួត និងទទួលបានការអនុញ្ញាតពីគណៈកម្មការវាយតម្លៃចំណាត់ថ្នាក់ពិការ នោះអត្តពលិកខ្លះអាចទទួលបានឱកាសប្រកួតច្រើនវិញ្ញាសា។ ឧទាហរណ៍ថា កីឡាករអត្តពលកម្មម្នាក់អាចប្រកួតបានចាប់ពី៥វិញ្ញាសាឡើងទៅដូចជា រត់ចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ ប្រណាំងរទេះ៤០០ម៉ែត្រ ៨០០ម៉ែត្រ ប្រណាំងរទេះជាក្រុម ប្រណាំងរទេះជាក្រុមបណ្តាក់ជាដើម។ ដូច្នេះប្រទេសណាមានកីឡាករ កីឡាការិនីពិការច្រើន ប្រទេសនោះមានឱកាសចុះឈ្មោះចូលរួមប្រកួត និងដណ្តើមមេដាយកាន់តែច្រើន។
៥. វិញ្ញាសាខ្លះមានអត្តពលិកតិច
ម្យ៉ាងទៀត វិញ្ញាសាខ្លះមានបេក្ខភាពចូលរួមប្រកួតតិចអាចមាន២រូប ឬ៣រូប ហើយវិញ្ញាសាខ្លះមានតែ១រូបក៏មាន។ ករណីវិញ្ញាសាខ្លះមានបេក្ខភាព១រូបប្រកួតគឺដោយសារ ដំបូងឡើយ ប្រទេសជាសមាជិកខ្លះបានចុះឈ្មោះចូលរួមប្រកួត ប៉ុន្តែពេលវាយតម្លៃចំណាត់ថ្នាក់ពិការបែរជាមិនអាចប្រកួតវិញ្ញាសានោះបាន ដូច្នេះអត្តពលិកនោះទៅប្រកួតវិញ្ញាសាផ្សេង។ អីចឹងបេក្ខភាពប្រកួតប្រជែងកាន់តែតិច ហើយសូម្បីតែ១រូបគេក៏គណៈកម្មការអនុញ្ញាតឲ្យប្រកួតដែរ។
ចំណុចនេះបានជាពេលគោរពទង់ជាតិក្នុងពិធីបំពាក់មេដាយផ្លូវការ ពេលខ្លះឃើញមានទង់ជាតិប្រទេសតែមួយ ឬពីរ និងមានម្ចាស់មេដាយម្នាក់ ឬពីរនាក់។ កាលអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីមានករណីច្រើនដែលទង់ជាតិតែ១ត្រូវបានបង្ហូតឡើង ហើយក្នុងនោះក៏មានអត្តពលិកម្ចាស់ផ្ទះឥណ្ឌូណេស៊ីច្រើនដែលត្រូវបានបំពាក់មេដាយម្នាក់ឯង។
អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី វិញ្ញាសាខ្លះមានបេក្ខភាព២រូបចូលរួមប្រកួតគឺអ្នកឈ្នះទទួលបានមេដាយមាស ខណៈអ្នកចាញ់មិនទទួលបានមេដាយទេ។ ករណីមានបេក្ខភាព៣នាក់គឺអ្នកឈ្នះលេខ១ទទួលបានមេដាយមាស អ្នកឈ្នះលេខ២ទទួលបានមេដាយប្រាក់ ខណៈអ្នកស្ថិតនៅលេខ៣មិនទទួលបានមេដាយឡើយ។ សម្រាប់វិញ្ញាសាដែលមានបេក្ខភាពតែ១រូបគត់គឺគេឲ្យប្រកួតម្នាក់ឯង រួចហើយទទួលបានមេដាយមាសតែម្តង។
តាមរយៈមូលហេតុខាងលើនេះហើយបានជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមម្តងៗមានមេដាយមាស ប្រាក់ និងសំរឹទ្ធមិនស្មើគ្នាទេ។ ជាក់ស្តែងអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី មានមេដាយមាសចំនួន៤៥៥គ្រឿង ប៉ុន្តែមេដាយប្រាក់ត្រឹមតែ៤០៤គ្រឿងប៉ុណ្ណោះ ខណៈមេដាយសំរិទ្ធមានតែ៣៦៣គ្រឿង។
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ