កីឡា
ស្ត្រីពិការវ័យ៤២ឆ្នាំ ងួន រតនា ស្រក់ទឹកភ្នែកពេលនឹកដល់មេដាយមាសអាស៊ានប៉ារ៉ាហ្គេមម្តងៗ
កីឡាការិនីរត់ប្រណាំជនពិការកម្ពុជា ងួន រតនា បានធ្វើការជាអ្នកបោសសំអាតនៅសាលារៀនឯកជនមួយក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១២។ ពេលព្រឹក និងទំនេរពីការងារ អ្នកស្រីតែងតែចេញរត់ហាត់ប្រាណដើម្បីសុខភាព។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកស្រីរត់កាន់តែបានឆ្ងាយ និងរត់រហូតដល់ពហុកីឡដ្ឋានជាតិអូឡាំពិកជាកន្លែងដែលអ្នកស្រីបានស្គាល់កីឡាករ កីឡាការិនីជនពិការជម្រើសជាតិកម្ពុជាដែលពួកគាត់បានណែនាំឲ្យអ្នកស្រីបានចូលរួមហ្វឹកហាត់ជាមួយក្រុមអត្តពលកម្មជម្រើសជាតិកម្ពុជានៅឆ្នាំ២០១៣។
បន្ទាប់ពីបានហ្វឹកហាត់រយៈពេលពីរបីឆ្នាំក្រោយមក អ្នកស្រី ងួន រតនា ទទួលបានឱកាសចេញទៅប្រកួតលក្ខណៈអន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ អ្នកស្រី ងួន រតនា បានរៀបរាប់ថា ៖«ឆ្នាំ២០១៧ ខ្ញុំត្រៀមចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសម៉ាឡេស៊ី ពេលនោះនៅដើមខែ ម្តាយរបស់ខ្ញុំបានលាចាកលោក។ ខ្ញុំគ្មានអារម្មណ៍ក្នុងខ្លួនទេ តែខ្ញុំបានតាំងចិត្តថា ទោះបីជាខ្ញុំនៅទីនេះទុក្ខ ក៏គ្មានអ្វីប្រែប្រួល ហើយនៅតែប៉ុណ្ណឹង។ ខ្ញុំក៏សុខចិត្តទៅប្រកួត ចាំមកវិញទើបគិតទៀត»។
ទោះបីជាយ៉ាងណា ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមដំបូងគឺនៅឆ្នាំ២០១៧ អ្នកស្រីមិនទទួលបានលទ្ធផលល្អទេ ប៉ុន្តែអ្នកស្រីនៅតែតស៊ូហ្វឹកហាត់ និងមិនបោះបង់ចោលឡើយ។ ទីបំផុតអ្នកស្រីទទួលបានជោគជ័យក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីគឺបានឈ្នះមេដាយមាសរត់ចម្ងាយ១៥០០ម៉ែត្រ។ នេះជាជោគជ័យ និងរីករាយខ្លាំងបំផុតសម្រាប់ជីវិតរបស់អ្នកស្រី និងប្រទេសជាតិ។
«ពេលទទួលបានមេដាយ ខ្ញុំរំភើបណាស់។ និយាយមិនចេញទេ អរពេក ធ្លាប់លំបាកយូរហើយ។ ដល់ពេលបានជោគជ័យអរណាស់។ ឥឡូវនេះ ជីវិតរបស់ខ្ញុំសប្បាយរីករាយច្រើន តែរាល់ពេលសប្បាយរីករាយម្តងៗ ខ្ញុំតែងតែស្រក់ទឹកភ្នែក ពេលនឹកដល់ឪពុកម្តាយរបស់ខ្ញុំដែលឃ្លាតឆ្ងាយគ្មានថ្ងៃវិលវិញ។ ពួកគាត់មិនបានឃើញជោគជ័យរបស់ខ្ញុំ។ ពេលខ្ញុំបានមេដាយភ្លាម ខ្ញុំនឹកគិតដល់ម៉ែឪរបស់ខ្ញុំមុនគេ»។ កីឡាការិនីជនពិការដើមកំណើតស្វាយរៀងរៀបរាប់ និងបានបញ្ជាក់ថា កីឡាបានជួយផ្តល់ឲ្យអ្នកស្រីល្អប្រសើរច្រើនទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងជីវភាពរស់នៅប្រចាំថ្ងៃ។
ឥឡូវនេះ កីឡាការិនីអត្តពលកម្មជនពិការជម្រើសជាតិកម្ពុជា ងួន រតនា កំពុងត្រៀមការពារមេដាយមាសរបស់ខ្លួននៅពេលព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
ងួន រតនា បានប្រាប់ថា វិញ្ញាសាដែលច្បាស់១០០%ត្រូវប្រកួតគឺរត់ចម្ងាយ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ ប៉ុន្តែវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ឬរត់ចម្ងាយ៥០០០ម៉ែត្រមិនទាន់ច្បាស់នៅឡើយទេ។
សម្រាប់ការត្រៀមខ្លួនប្រកួតលើទឹកដីកំណើត ស្ត្រីមានពិការភាពរូបនេះបានរៀបរាប់ថា ការហ្វឹកហាត់ពេលខ្លះធ្វើបានថិរវេលាល្អប្រសើរជាងកាលពីអាស៊ានប៉ារ៉ាហ្គេមលើកមុន ប៉ុន្តែពេលខ្លះថិរវេលាទាបជាង ដោយសារអាយុច្រើន កម្លាំងចុះខ្សោយ និងសុខភាពមិនសូវល្អដូចមុន។
ងួន រតនា បានរៀបរាប់ថា ៖«ពេលខ្លះ ខ្ញុំហត់ខ្លាំង ញ័រទ្រូង រត់អត់បានល្អទេ។ ពេលខ្លះចង់បោះបង់ចោល តែក្រោយពេលសម្រាក បាត់ហត់ ក៏មានអារម្មណ៍បន្តអាជីពឡើងវិញ។ ខ្ញុំនឹងបន្តអាជីពរត់ប្រណាំងរហូតដល់ខ្ញុំទៅលែងរួច»។
អ្វីដែលធ្វើឲ្យកីឡាការិនីរូបនេះជួបបញ្ហាប្រឈមសម្រាកការប្រកួតអាស៊ានប៉ារ៉ាហ្គេមនាប៉ុន្មានថ្ងៃខាងមុខគឺស្បែកជើង។ អ្នកស្រី រតនា បានរៀបរាប់ថា ៖«ស្បែកជើងរបស់ខ្ញុំចាស់ អត់លោតផ្លោតៗដូចមុនទេ។ កាលពីខែមេសា ខ្ញុំបានបញ្ជាទិញនៅប្រទេសចិន បានបង់លុយរួចរាល់អស់ហើយ តែក្រោយមក គេថា អស់ហើយ ខ្នាតជើងខ្ញុំគឺអស់ហើយ។ គេវេរលុយឲ្យខ្ញុំវិញ។ ឥឡូវ អត់មានស្បែកជើងថ្មីទេ។ រកទិញអត់បាន។ ស្បែកជើងចាស់លែងមានជ័រលោតលះៗដូចថ្មីហើយ»។
ទោះបីជាយ៉ាងណា អ្នកស្រី ងួន រតនា បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីការពារតំណែងមេដាយមាសរបស់ខ្លួន និងស្វែងរកមេដាយជូនជាតិឲ្យខាងតែបាន៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់