កីឡា
ប្រធាន APSF សរសើរកម្ពុជាមានសមត្ថភាពរៀបចំអាស៊ានប៉ារ៉ាហ្គេមដោយជោគជ័យ
ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) លោកឧត្តមសេនីយ៍ Osoth Bhavilai បានកោតសរសើរកម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ និងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកដំបូងទទួលបានជោគជ័យគួរជាទីមោទនភាព។
កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាការរៀបចំលើកដំបូងនៅប្រទេសកម្ពុជាបានរៀបចំពិធីបិទដ៏អស្ចារ្យកាលពីល្ងាចថ្ងៃទី៩ ខែមិថុនា នៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ាននៅកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ប្រតិភូកីឡាជនពិការទាំង១១ប្រទេស អត្តពលិកជនមានពិការភាព ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកគាំទ្ររាប់ម៉ឺននាក់ពេញពហុកីឡដ្ឋានជាតិ។
ថ្លែងសុន្ទរកថាក្នុងពិធីបិទជាផ្លូវការនារាត្រីដ៏ត្រកាល លោកឧត្តមសេនីយ៍ Osoth Bhavilai បានសម្តែងក្តីសប្បាយរីករាយ និងអបអរសាទរដល់ព្រះរាជាណាចក្រកម្ពុជាដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកដំបូងប្រកបដោយជោគជ័យ និងជាប្រវត្តិចងចាំជារៀងរហូត។
លោកមានប្រសាសន៍ថា ៖«សម្រាប់រយៈពេលជាងមួយសប្តាហ៍កន្លងទៅ យើងខ្ញុំឃើញផ្ទាល់ភ្នែកពីការបង្ហាញភាពក្លាហាន និងឆន្ទៈពិតប្រាកដដ៏គួរឲ្យរំភើបរីករាយ។ កម្ពុជា! អ្នកបានបង្ហាញសមត្ថភាពពិតប្រាកដក្នុងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកដំបូងប្រកបដោយជោគជ័យ។ ខ្ញុំសូមចូលរួមអបអរសាទរ»។
«ចំពោះអត្តពលិក! អ្នកជាអ្នកទទួលបានជ័យជម្នះទាំងអស់គ្នា! ចំពោះក្រុមការងារស្ម័គ្រចិត្ត អ្នកបានផ្តល់សេចក្តីស្រឡាញ់ និងភាពរីករាយប្រកបដោយភាតរភាព! ហើយចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ ការគាទ្ររបស់អ្នកដល់យើងខ្ញុំគឺជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានដើម្បីបន្តផ្តល់កម្លាំងកាយចិត្តដល់សហគមកីឡាជនមានពិការភាព»។
ស្ថិតក្រោមក្រសែភ្នែកអ្នកទស្សនាក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះអគ្គិជ័យកីឡាត្រូវបានពន្លត់ ហើយទង់ជាតិអាស៊ានប៉ារ៉ាត្រូវបានបង្ហូតចុះដើម្បីប្រគល់ទៅប្រទេសថៃដើម្បីយកទៅរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៦។
សូមបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានកីឡា១៤ប្រភេទត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមិថុនា។ លទ្ធផលនៃការប្រកួតជាងមួយសប្តាហ៍ត្រូវបានបញ្ចប់ ប្រទេសឥណ្ឌូណេស៊ីទទួលបានមេដាយច្រើនជាងដោយឈរលើកំពូលតារាង បន្ទាប់មកថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងកម្ពុជា។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះទទួលបានមេដាយសរុប៧១គ្រឿងគឺមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៤ ដែលជាចំនួនមេដាយច្រើនបំផុតលើកដំបូងរបស់ខ្លួន ចាប់តាំងពីធ្លាប់ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកដំបូង ឆ្នាំ២០០១មក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ