កីឡា
កម្ពុជាប៉ះបង់ក្លាដែសម៉ោង៧យប់នេះនៅស្តាតអូឡាំពិក
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ជម្រើសជាតិបង់ក្លាដែស វេលាម៉ោង៧យប់នេះក្នុងជំនួបមិត្តភាពអន្តរជាតិកម្តៅសាច់ដុំត្រៀមជម្រុះជើងឯកពិភពលោក និងជើងឯកអាស៊ី។


ការប្រកួតមិត្តភាពអន្តរជាតិនឹងក្លាយជាជំនួបដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិទាំងពីរ ខណៈម្ចាស់ផ្ទះព្យាយាមស្វែងរកជ័យជម្នះលើកដំបូងលើបង់ក្លាដែស ប៉ុន្តែក្រុមភ្ញៀវប្តេជ្ញាការពារកំណត់ត្រារបស់ខ្លួន។
- សំដីគ្រូ
លោក Javier Fernadez Cabrera គ្រូបង្វឹកជម្រើសជាតិបង់ក្លាដែសបាននិយាយថា ការប្រកួតនេះនឹងតឹងតែង ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ខ្លាំង។ «ការប្រកួតនេះជាការធ្វើតេស្តកីឡាករត្រៀមប្រកួតជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ និងជម្រុះជើងឯកអាស៊ី។ ខ្ញុំដឹងក្រុមកម្ពុជាមានកីឡាករបទពិសោធច្រើន ប៉ុន្តែខ្ញុំមិនគិតលើកីឡាករម្នាក់ៗទេ»។ អ្វីដែលលោកផ្តោតសំខាន់គឺការលេងជាក្រុម។

លោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជាបាននិយាយថា ៖«បង់ក្លាដែសជាក្រុមមានកីឡាករ និងគ្រូបង្វឹកល្អ។ ជំនួបនេះគឺពិបាកខ្លាំង។ ខ្ញុំចង់ឲ្យមានគ្រាប់បាល់ច្រើនលើសពី២គ្រាប់»។ ការប្រកួតមិនទាន់ចាប់ផ្តើមផង លោកបានរំភើបទុកមុនហើយ ពីព្រោះលោកដឹងថា សំបុត្រត្រូវបានលក់អស់ ដូច្នេះច្បាស់ណាស់បរិយាកាសនៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងរំភើបរីករាយ។
- សំដីកីឡាករ
កីឡាករ Jamal Bhuran ប្រធានក្រុមជម្រើសជាតិបង់ក្លាដែសបាននិយាយថា ៖«ខ្ញុំបានមកប្រកួតនៅកម្ពុជាពីរដងហើយ ហើយនេះជាលើកទី៣។ ខ្ញុំស្គាល់កីឡាករកម្ពុជា ពួកគាត់មានសមត្ថភាព និងបច្ចេកទេសល្អ»។ លោកសប្បាយរីករាយដែលបានមកប្រកួតជាមួយកម្ពុជាទៀត។

កីឡាករ គួច សុកុម្ភៈ ប្រធានក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា ៖«ក្រុមយើងមានកីឡាករវ័យក្មេង និងចាស់ច្រើន ប្រមូលផ្តុំហ្វឹកហាត់ត្រឹមតែ២សប្តាហ៍មុន តែអត់មានបញ្ហាអ្វីគួរឲ្យបារម្ភឡើយ»។ ក្នុងនាមលោកជាសមាជិកម្នាក់ និងជាប្រធានក្រុមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីឲ្យទទួលបានលទ្ធផលល្អ។
- ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា៣លើកកន្លងមក កម្ពុជាមិនទាន់ស្គាល់ជ័យជម្នះលើបង់ក្លាដែសឡើយ ក្នុងនោះស្មើ ១-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅទឹកដីបង់ក្លាដែស និងជំនួបមិត្តភាព២លើកទៀតនៅរាជធានីភ្នំពេញ កម្ពុជាចាញ់ ០-១ ដូចគ្នា។
-២០០៧៖ បង់ក្លាដែស ១-១ កម្ពុជា
-២០១៩៖ កម្ពុជា ០-១ បង់ក្លាដែស
-២០២២៖ កម្ពុជា ០-១ បង់ក្លាដែស

- ព្យាករណ៍
តាមប្រវត្តិជួបគ្នា៣លើកកន្លងមក ក្រុមទាំងពីរមិនដែលរកបានគ្រាប់បាល់លើសពី២គ្រាប់បានឡើយ។ ការជួបគ្នាលើកនេះក៏នៅតែតឹងតែង និងប្រុងប្រយ័ត្នខ្ពស់រៀងៗខ្លួន។ គ្រាប់បាល់អាចកើតមានគឺ កម្ពុជា ២-១ បង់ក្លាដែស៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ