កីឡា
ប្រវត្តិកីឡាករបារាំង-ខ្មែរ ចាន់ សីហា មករស់នៅកម្ពុជាតាំងពីតូច
កីឡាករប្រដាល់បារាំងសញ្ជាតិខ្មែរ ចាន់ សីហា បានរស់នៅលើទឹកដីនៃប្រទេសកម្ពុជាតាំងពីអាយុទើបបាន៥ឆ្នាំ និងទទួលបានសញ្ជាតិខ្មែរជាច្រើនឆ្នាំមកហើយ ប៉ុន្តែមហាជនមិនសូវបានចាប់អារម្មណ៍។
លោក ចាន់ សីហា បានប្រាប់ថា នៅពេលរូបគេនៅតូច ឪពុកម្តាយបានមកប្រទេសកម្ពុជាដើម្បីបើករបររកស៊ីនៅរាជធានីភ្នំពេញ ក្នុងនោះបានបើកភោជនីយដ្ឋាន៣កន្លែង ប៉ុន្តែបច្ចុប្បន្នបានបិទវិញហើយ។ រូបគេបានរស់នៅប្រទេសកម្ពុជាតាំងពីពេលរហូតដល់ឥឡូវនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/chan-seyha-kun-khmer-kpt-news6-1024x683.jpg)
លោកបានរៀនសូត្រនៅប្រទេសកម្ពុជា និងបានចាប់ហាត់កីឡាប្រដាល់តាមចំណងចំណូលចិត្តរបស់ខ្លួន។ ដើមឡើយ រូបគេបានចាប់ផ្តើមហ្វឹកហាត់កីឡា យុទ្ធគុនខម ដែលមានលោក ចាន់ ប៊ុនធឿន ឪពុកបង្កើតរបស់កីឡាករគុនចម្រុះ ចាន់ រតនា ជាគ្រូបង្ហាត់។ បន្ទាប់មកបានបន្ថែមហ្វឹកហាត់ប្រដាល់សកលជាមួយលោកគ្រូ អាត សំរិទ្ធ។
កីឡាករ ចាន់ សីហា បានផ្តោតលើកីឡាប្រដាល់សកល ប៉ុន្តែទីផ្សារនៅប្រទេសកម្ពុជាសំបូរសង្វៀនប្រដាល់គុនខ្មែរ រូបគេក៏បានហ្វឹកហាត់គុនខ្មែរបន្ថែមទៀតរហូតបានឡើងប្រកួតជាញឹកញាប់កាលនៅពីក្មេង ហើយក៏បានចូលរួមប្រកួតដណ្តើមពានរង្វាន់ទៀតផង។
តាមការសិក្សារៀនសូត្រ និងធំដឹងក្តីឡើងនៅក្នុងសង្គមខ្មែរ លោកបានយល់ច្បាស់ពីប្រទេសកម្ពុជា និងទទួលបានសញ្ជាតិខ្មែរ។ ជាពិសេសលោកបានរៀបការជាមួយនារីខ្មែរដោយទទួលបានកូនស្រីពីរនាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ហើយក៏បានផ្អាកឡើងសង្វៀននៅឆ្នាំ២០១៧។
ពេលនេះ ចាន់ សីហា បានវិលត្រឡប់មកកាន់សង្វៀនវិញដោយប្រកួតជាមួយកីឡាករវៀតណាម ត្រាន មិញទ្រុង សម្រាប់ទម្ងន់៧២គីឡូក្រាម នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។ ពាក់ព័ន្ធនឹងការវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះ រូបគេបានបញ្ជាក់ថា តម្លៃខ្លួននៃការប្រកួតគុនខ្មែរនាពេលបច្ចុប្បន្ននេះប្រសើរជាងមុន។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/chan-seyha-kun-khmer-kpt-news1-1024x683.jpg)
ចាន់ សីហា បានលើកឡើងថា ៖«ការប្រកួតគុនខ្មែរឥឡូវនេះទទួលបានតម្លៃខ្លួនប្រសើរជាងមុន។ ម្យ៉ាងទៀត វាជាកីឡាដែលខ្ញុំចូលចិត្ត តែខ្ញុំត្រូវការចំណូលចិញ្ចឹមគ្រួសារ»។
«មួយរយៈពេលចុងក្រោយនេះ មានកីឡាករចាស់ៗជាច្រើនបានវិលមកប្រកួតវិញ។ យើងពិតជាស្រឡាញ់គុនខ្មែរ តែយើងក៏ត្រូវការចំណូលផ្គត់ផ្គង់គ្រួសារ។ មុនសម្រេចមកប្រកួតវិញ ខ្ញុំក៏ទទួលបានការគាំទ្រពីក្រុមគ្រួសារជំរុញលើកទឹកចិត្តខ្ញុំដែរ»។ ចាន់ សីហា បានបញ្ជាក់។
ចាន់ សីហា បានប្រាប់ថា កីឡាប្រដាល់គុនខ្មែរគឺត្រូវការពេលវេលាលះបង់ និងខិតខំប្រឹងប្រែងខ្លាំងពោលគឺត្រូវការពេលវេលាហ្វឹកហាត់ពេញលេញទើបគុណភាពឈានដល់កម្រិតល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/chan-seyha-kun-khmer-kpt-news3-1024x683.jpg)
កីឡាករអាយុ៣៣ឆ្នាំបាននិយាយថា ៖«ប្រដាល់ជាកីឡាដ៏គ្រោះថ្នាក់មួយ មិនដូចកីឡាផ្សេងៗទេ។ យើងត្រូវការត្រៀមចិត្ត និងចំណាយពេល៤ទៅ៥ម៉ោងក្នុងការហ្វឹកហាត់មួយៗថ្ងៃទើបបាន»។
ចាន់ សីហា បានត្រៀមខ្លួនទាំងកាយសម្បទា និងស្មារតីរួចរាល់ហើយសម្រាប់ការឡើងសង្វៀនជាថ្មី។ រហូតដល់ពេលនេះ កីឡាករធ្លាប់ប្រកួតបាន២២ដង ក្នុងនោះឈ្នះ២០ដង ចាញ់២ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៨ដង៕
![](https://www.kampucheathmey.com/wp-content/uploads/2023/07/chan-seyha-kun-khmer-kpt-news5-1024x683.jpg)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច