Connect with us

កីឡា

កីឡាករបរទេស៣នាក់មិនពេញចិត្តលទ្ធផលចាញ់អ្នកលេងគុនខ្មែរយប់មិញ

បានផុស

នៅ

កីឡាករ​បរទេស​៣​នាក់​បាន​បង្ហាញ​កាយ​វិការ​មិនពេញ​ចិត្ត​ចំពោះ​លទ្ធផល​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចៅក្រម​កាត់​សេចក្តី​ឲ្យ​ចាញ់ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​សង្វៀន​ថោន។

កីឡាករ​ព័រទុយហ្គាល់ មីហ្គេល ទ្រីនដានី ចាញ់ ផល សោភ័ណ្ឌ

កីឡាករ​ព័រទុយហ្គាល់ មីហ្គេល ទ្រីនដានី ហាក់​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ខ្លួន​ចាញ់​ពិន្ទុ​កីឡាករ​គុន​ខ្មែរ ផល សោភ័ណ្ឌ ទេ បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក។ ​អ្នក​គាំទ្រម្នាក់​ឈ្មោះ Aida Trindade បាន​លើក​ឡើង​ថា ៖«នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​ប្លន់​យ៉ាង​សាហាវ អ្នក​មិន​អាច​ឈ្នះ​ទេ…ប៉ុន្តែ​​យើង​នៅ​តែ​គាំទ្រ​ជា​និច្ច​គឺ​កីឡាករ Migule របស់​យើង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា ផល សោភ័ណ្ឌ និង ទ្រីនដានី ​មិន​សូវ​សម្រុក​វ៉ៃ​គ្នា​ខ្លាំង​ទេ ដោយសារ​​អ្នក​ទាំង​ពីរ​មាន​ការ​​ប្រុងប្រយ័ត្ន​រៀង​ៗ​ខ្លួន​។ នៅ​ទឹក​ទី១ កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​បាន​ព្យាយាម​ចេញ​អាវុធ​ច្រើនទាំង​ទាត់ និង​កណ្តាប់​ដៃ​ ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព។ ផ្ទុយ​ទៅ​វិញ នៅ​ទឹក​ទី២ និង​ទី​៣ អ្នក​លេង​គុន​ខ្មែរ​ចេញ​អាវុធ​បាន​ច្រើន​​ទាំង​ទាត់ និង​កណ្តាប់​ដៃ ហើយ​មាន​ទាំង​កែង​ថែម​ទៀត​ដែល​ធ្វើ​ឲ្យ ទ្រីនដានី ព្យាយាម​ការពារ និង​ចេញ​អាវុធ​មួយ​ៗ។

កីឡាករ​ឡាវ ឆាតសម័យ ឆាតឆៈរ៉ាម ចាញ់ ម៉ានូ សិល្បៈ

កីឡាករ​ឡាវ ឆាតឆៈរ៉ាម មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ត្រូវ​បាន​អាជ្ញា​កណ្តាល​បញ្ឈប់​​ឲ្យ​ចាញ់​កីឡាករ​គុន​ខ្មែរ ម៉ានូ សិល្បៈ នៅ​ចុង​ទឹក​ទី​៣ បន្ទាប់​ពី​រូប​គេ​ធ្វើ​បាន​ល្អ​ពីរ​ទឹក​ដំបូង។ ពិត​ណាស់​សម្រាប់​ពីរ​ទឹក​ដំបូង កីឡាករ​ឡាវ​ម្នាក់​នេះទាត់​បាន​ល្អ​ទាំង​លើ​ដង​ខ្លួន និង​ជើង​ក្រោម​របស់​ ម៉ានូ។

យ៉ាង​ណា នៅ​ចុង​ទឹក​ទី​៣ ម៉ានូ បាន​វាយ​ចំ​មុខ​ហាក់​ធ្វើ​ឲ្យ​រូប​គេ​បាត់​បង់​ម្ចាស់​ការ និង​ត្រូវ​បាន​ ម៉ានូ វ៉ៃ​សន្ធាប់ ហើយ​ក៏​បានខ្ជាក់​ឧបករណ៍​ការពារ​ធ្មេញ​​ចេញ។ ប្រការ​នេះ​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​រាប់ ដោយសារ​លក្ខន្តិកៈ​មិន​ត្រូវ​ឲ្យ​កីឡាករ​ខ្ជាក់​ចេញ​ទេ លើក​លែង​តែ​ទាត់ ឬ​វ៉ៃ​កណ្តាប់​ដៃ​ត្រូវ​ធ្លាក់​ចេញ​ពី​មាត់។ ប្រហែល​ជា​រឿង​អាជ្ញា​កណ្តាល​រាប់​ហ្នឹង​ហើយ​បាន​ធ្វើ​ឲ្យ​រូប​គេ​មិន​ចេញ និង​មិន​​ផ្តល់​សញ្ញា​បន្ត​ការ​ប្រកួត​ដែល​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាប់បញ្ឈប់​តែ​ម្តង។

កីឡាករ​ថៃ ឆាងភឿក ចេស្តា ចាញ់ រឿង សោភ័ណ្ឌ

ចំណែក អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ ឆាងភឿក ចេស្តា ក៏​មិន​អស់​ចិត្ត​នឹង​លទ្ធផល​ឲ្យ​ចាញ់ រឿង សោភ័ណ្ឌ​ដែរ។ មុន​ពេល​ប្រកួត កីឡាករ​ថៃ​រូប​នេះ​បាន​ប្រកាស​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​តតាំង​នឹង​ខ្លួន និង​កុំ​​​ថយ​ក្រោយ​ឲ្យ​សោះ។ ពេល​ជួប​គ្នា​លើ​សង្វៀន អ្នក​លេង​គុន​ខ្មែរមិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ​​ដោយ​មាន​ស្មារតី​ប្រយុទ្ធ ក្លាហាន និង​​តតាង​ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ដើរ​ថយ​ក្រោយ​ដែរ។

ការ​ពិត​លើ​សង្វៀន​បង្ហាញ​ថា ចេស្តា បាន​សម្រុក​វ៉ៃ​ខ្លាំង​នៅ​ទឹក​ទី​១​តាម​រយៈ​ការ​ទាត់ និង​ចាប់​អោប​ឡើង​ជង្គង់ ស្រប​ពេល រឿង សោភ័ណ្ឌ បាន​ព្យាយាម​ទាត់ កែង និង​កណ្តាប់​ដៃ​។ នៅ​ទឹក​ទី​៣ កីឡាករ​ថៃ​ព្យាយាម​ចាប់​អោប កាច់​ផ្តួល និង​ឡើង​ជង្គង់​ដែល​មាន​ប្រៀប​លើ​កម្លាំង​ស៊ុហ្វ ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​អ្នក​លេង​គុន​ខ្មែរ​វ៉ៃ​​កណ្តាប់​ដៃត្រូវ​គោល​ដៅ​ច្រើន។

ទោះ​បី​ជា​យ៉ាងណា ចុង​ក្រោយ ចេស្តា បាន​បង្ហាញ​សញ្ជា​ពី​ការ​ចូល​រួម​អបអរសាទរ​ដល់​ រឿង សោភ័ណ្ឌ ដែល​ទទួល​បាន​ជ័យជម្នះ។

នៅ​ចាំ​បាន​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ចេស្តា ​បាន​​ប្រកួត​ជា​មួយ ឡៅ ចិន្ទ្រា នៅ​ក្នុង​ពិធី​បុណ្យអុំទូក​នៅ​កោះ​ពេជ្រ រូប​គេ​បាន​ចុះ​ពី​សង្វៀន​ មុន​ពេល​ប្រកាស​លទ្ធផល ​ដោយ​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​ដែល​ ឡៅ ចន្ទ្រា ព្យាយាម​ថយ​​ក្រោយ​ជាង​ការ​តទល់​គ្នា​សម្រាប់​ការ​ប្រកួត​៥​ទឹក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម