កីឡា
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្លាយជាដៃគូឧបត្ថម្ភផ្លូវការជាមួយ ខេមបូឌាន ព្រីមៀរលីគ
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/363335408_793236022651345_2178150013798063687_n-1024x683.jpg)
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/363412352_793235769318037_7003001712154522202_n-1024x683.jpg)
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ មានប្រសាសន៍ក្នុងកម្មវិធីចុះហត្ថលេខានេះថា «គួររំលឹកពីអនុស្សាវរីយកាលពី ឆ្នាំ ១៩៧៨ រយៈពេល ៤៥ ឆ្នាំ ដែលក្រុមហ៊ុនភេសជ្ជៈ និងស្រាបៀរដ៏ធំនៅជប៉ុន បានចាប់ផ្តើមចូលរួមឧបត្ថម្ភធំសម្រាប់បាល់ទាត់ជប៉ុន ហើយបានធ្វើឲ្យបាល់ទាត់ជប៉ុនមានការរីកចម្រើនខ្លាំងនៅលើពិភពលោក។ គួរជាទីមោទនភាពបំផុត កាលពីប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសហ្គាតា ដែលកាលនោះជប៉ុនបានយកឈ្នះប្រទេសអេស៉្បាញ និងអាល្លឺម៉ង់ ដែលជាប្រទេសខ្លាំងខាងវិស័យបាល់ទាត់ ហើយជោគជ័យនោះគឺជាផ្នែកមួយដ៏ធំកើតចេញពីការចូលរួមរបស់ក្រុមហ៊ុនឧបត្ថម្ភ»។ លោកបានបន្តទៀតថា «សម្រាប់ថ្ងៃទី ២៨ កក្កដា ២០២៣ នេះគឺជាពេលវេលាប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្លាយជាម្ចាស់សហការឧបត្ថម្ភធំផ្លូវការជាមួយ ខេមបូឌាន ព្រីមៀរលីគ ដើម្បីចូលរួមលើកស្ទួយបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅការដណ្តើមពានរង្វាន់បាល់ទាត់ World Cup នាពេលអនាគត។ ខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបានធ្វើឲ្យស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកស្អាត ដោយការឧបត្ថម្ភម៉ាស៊ីនថែរក្សាស្មៅដែលមានគុណភាព ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា”។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/thumbnail-1024x683.jpg)
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា «នៅក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី យើងខ្ញុំជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតមានឡើងនៅពេលដែលយើងជួបជុំគ្នាដើម្បីសម្រេចបាននូវគោលដៅរួម អបអរក្នុងឱកាសពិសេស ដើម្បីរក្សាភាពវិជ្ជមាន និងដើម្បីជួយគ្នាទៅវិញទៅមក។ ដូច្នេះ បេសកកម្មរបស់ក្រុមហ៊ុនយើង គឺដើម្បីនាំយក និងចែករំលែកភាពរីករាយនេះទៅកាន់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា និងពិភពលោក។»
![](https://www.kampucheathmey.com/wp-content/uploads/2023/07/363387273_793236312651316_2436405870208634965_n-1024x683.jpg)
អ្នកឧកញ៉ាបានបន្តទៀតថា «ការចូលរួមសហការនេះ គឺជាបេសកកម្មថ្មីរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាមួយ ខេមបូឌាន ព្រីមៀរលីគ ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា។ ដើម្បីឲ្យក្រុមជម្រើសជាតិរបស់យើងកាន់តែរឹងមាំ និងធ្វើបានកាន់តែល្អ ពិតណាស់យើងត្រូវតែមានលីគបាល់ទាត់ដ៏រឹងមាំសម្រាប់ហ្វឹកហ្វឺន និងអភិវឌ្ឍកីឡាករបាល់ទាត់ប្រកបដោយគុណភាព។ នេះហើយជាមូលហេតុដែលយើងពិតជាមានកិត្តិយស និងរំភើបរីករាយដែលត្រូវបានផ្តល់ឱកាសមួយទៀតក្នុងការចាប់ដៃគូ និងគាំទ្រ ខេមបូឌាន ព្រីមៀរលីគ ដោយសង្ឃឹមថានឹងចូលរួមអភិវឌ្ឍន៍លីគឱ្យកាន់តែរឹងមាំ លើកកម្ពស់បាល់ទាត់តាមរយៈការបង្កើនការចូលរួមរបស់សហគមន៍ និងលើកកម្ពស់គុណភាពនៃកីឡាបាល់ទាត់ និងកីឡាករបាល់ទាត់របស់យើង។ យើងក៏សូមឆ្លៀតឱកាសនេះ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យមករួមគ្នា និងគាំទ្រខេមបូឌាន ព្រីមៀរលីគ កីឡាករបាល់ទាត់របស់យើង និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា។»
![](https://www.kampucheathmey.com/wp-content/uploads/2023/07/362642895_793236005984680_1757841903123964181_n-1024x683.jpg)
លើសពីការចូលរួមចំណែកសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានធ្វើការឧបត្ថម្ភទៅតាមក្លិបបាល់ទាត់ផ្សេងៗដូចជាក្លិបបាល់ទាត់ព្រៃវែង ក្លិបបាល់ទាត់គិរីវង្សសុខសែនជ័យ ហើយកាន់តែពិសេសនោះ គឺវឌ្ឍនៈ ប៊្រូវើរី ក៏គឺជាដៃគូឧបត្ថម្ភធំផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺពិតជាធំធេងណាស់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដោយយើងជឿជាក់ថា ការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/362263399_793236469317967_1938620699166985046_n-1024x683.jpg)
ការចូលរួមគាំទ្ររបស់ប្រជាជនកម្ពុជា នឹងធ្វើឲ្យវិស័យកីឡាយើងកាន់តែរឹងមាំ។ កុំភ្លេចចូលរួមទស្សនាការប្រកួតពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ឆាប់ៗនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕
![](https://www.kampucheathmey.com/wp-content/uploads/2023/07/363363030_793236485984632_2027529247728420621_n-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច