Connect with us

កីឡា

Al-Ittihad បដិសេធលេងនៅអ៊ីរ៉ង់ ដោយសាររូបសំណាកមេ​បញ្ជាការ​យោធា​អ៊ីរ៉ង់មួយរូប

បានផុស

នៅ

ការប្រកួតពានរង្វាន់ AFC Champions League រវាងក្រុមរបស់អារ៉ាប៊ីសាអ៊ូឌីត​ Al-Ittihad​ ជា​មួយ​ Sepahan របស់អ៉ីរ៉ង់ ត្រូវបានផ្អាកកាលពីម្សិល​មិញ​ បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីតមួយនេះមិនចាកចេញពីបន្ទប់សម្លៀកបំពាក់របស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីអារ៉ាប៊ីសាអ៊ូឌីត ដែលគ្រប់គ្រងដោយអតីតគ្រូបង្វឹក Wolves និង Tottenham លោក Nuno Espirito Santo និងមានកីឡាករឆ្នើមដូចជា N’Golo Kante និង Fabinho បានប្រឆាំង​នឹងរូបសំណាករបស់ឧត្តមសេនីយ៍អ៉ីរ៉ង់ ដែលត្រូវបានគេធ្វើឃាត ហើយវាត្រូវបានដាក់នៅច្រកចូលទីលាន។

អ្នកគាំទ្រប្រហែល​៦​ម៉ឺន​នាក់បានទៅដល់ និងកំពុងរង់ចាំការប្រកួតចាប់ផ្តើមក្នុងកីឡដ្ឋាន Naghsh-e Jahn ទី ក្រុង​ Isfahan​ ប្រទេសអ៉ីរ៉ង់ រួចទៅហើយ។

ភាពតានតឹងរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត មានន័យថា ការប្រកួតរវាងក្លិបមកពីប្រទេសទាំងពីរ​​កាល​ពីមុនត្រូវ​លេងនៅ​ទឹកដីអព្យាក្រឹតតាំងពីឆ្នាំ២០១៦ ដោយសារបញ្ហាសន្តិសុខ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បាននិយាយថា ការប្រកួតនេះត្រូវបាន “លុបចោលដោយសារកាលៈទេសៈមិនបាន​រំពឹង​ទុក និងមិនបានមើលឃើញទុកជាមុន”។ ស្ថាប័ននេះបាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ថា​ ៖«AFC​ សូម​បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសុវត្ថិភាព និងសន្តិសុខ​សម្រាប់​កីឡាករ មន្ត្រីការប្រកួត អ្នកទស្សនា និងអ្នកពាក់ព័ន្ធទាំងអស់»។

រូបសំណាកនោះជាមេបញ្ជាការយោធាអ៉ីរ៉ង់ឈ្មោះ Qasem Soleimani ដែល​ត្រូវបានសម្លាប់នៅជិតអាកាសយានដ្ឋានបាកដាដ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២០។

អារ៉ាប៊ីសាអ៊ូឌីត បានចាត់តាំង លោក Soleimani និងមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀតនៃកងកម្លាំង Quds ​ដែល​ជា​អ្នក​ប្រតិបត្តិការក្រៅប្រទេសរបស់កងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៉ីរ៉ង់ ជាភេរវករ ក្នុងឆ្នាំ២០១៨។

អារ៉ាប៊ីសាអ៊ូឌីត បានចាត់ទុកលោក Soleimani ជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពក្នុងតំបន់របស់អ៉ីរ៉ង់ ហើយបានចោទប្រកាន់ពួកគេពីការវាយប្រហារលើការដឹកជញ្ជូនឈូងសមុទ្រ លើការដំឡើងប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត និងការគាំទ្រដល់ក្រុមឧទ្ទាម Houthi ក្នុងប្រទេសយេម៉ែន ដែលបានវាយប្រហារទីក្រុងនានារបស់អារ៉ាប៊ីសាអ៊ូឌីត។ យ៉ាង​ណា​មិញ​ អ៉ីរ៉ង់បានបដិសេធរឿងនេះ។

រដូវកាលនេះបានឃើញការវិលត្រឡប់របស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត ទៅប្រកួតនៅប្រទេសអ៉ីរ៉ង់ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ នៅពេល​កងជីវពលអ៉ីរ៉ង់ដ៏រឹងរូស​ហៅថា Basij ជាផ្នែក​មួយ​នៃកងឆ្មាំបដិវត្តន៍អ៉ីស្លាមបានវាយប្រហារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់។

បន្ទាប់ពីនោះ ក្រុមមកពីអារ៉ាប៊ីសាអ៊ូឌីត បានបដិសេធ​ធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ង់សម្រាប់ការប្រកួតកីឡាអន្តរជាតិ​នានា​ ដោយនិយាយថា សន្តិសុខរបស់ពួកគេមិនត្រូវបានធានា។

ក្លិប​ Al-Nassr របស់ Cristiano Ronaldo ជាក្រុមអារ៉ាប៊ីសាអ៊ូឌីតដំបូងគេដែលលេងនៅអ៉ីរ៉ង់ ក្នុងរដូវកាលនេះ នៅពេល​ពួកគេបានផ្តួលក្រុម Persepolis កាលពីចុង​ខែ​កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្នុង​ពាន​រង្វាន់ AFC Champions League៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ bbc.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម