កីឡា
គ្រូភ្នំពេញក្រោន Oleg មានក្តីស្រមៃធំចង់ឃើញរឿងនេះក្នុងបាល់ទាត់កម្ពុជា
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនពិតជាចង់ឃើញបំផុតនូវការប្រកួតជើងឯក ឬលីគយុវជនឲ្យទៀងទាត់ប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជាដែលកម្មវិធីទាំងនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» បុរសញ្ជាតិអ៊ុយក្រែន Oleg Starynskyi បានរៀបរាប់ថា លោកបានកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា៤ទៅ៥ឆ្នាំហើយ ប៉ុន្តែលោកមិនទាន់ឃើញមានការប្រកួតជើងឯកយុវជន លីគយុវជន ឬលីគនារីឲ្យបានទៀងទាត់ឡើយ។ លោកពិតជាចង់ឃើញណាស់ចំពោះការប្រកួតកម្រិតយុវជនទាំងបុរស និងនារីជាប្រចាំឆ្នាំ។

លោក Oleg Starynskyi បានលើកឡើងថា ៖«ក្តីស្រមៃធំបំផុតរបស់ខ្ញុំមិនថានៅពេលនេះ ឬពីរបីឆ្នាំខាងមុខទេ ខ្ញុំចង់ឃើញមានការប្រកួតកម្រិតយុវជនឲ្យបានទៀងទាត់។ បច្ចុប្បន្នមានក្លិបជាច្រើនបានបណ្តុះបណ្តាលថ្នាលយុវជន ប៉ុន្តែនៅពេលពួកគាត់បណ្តុះបណ្តាលក្រុមយុវជនហើយ មិនដឹងយកទៅធ្វើអី បើគ្មានការប្រកួតប្រជែងទៀងទាត់ផងនោះ»។
«សព្វថ្ងៃនេះ នៅកម្ពុជាខំប្រឹងបង្កើតតែដំបូងខាងលើ តែផ្នែកក្រោមមិនពង្រឹងផង តើឲ្យគុណភាពបាល់ទាត់កម្ពុជាល្អប្រសើរដោយរបៀបណា។ យើងគួរបង្កើតឲ្យមានការប្រកួតលីគយុវជនកម្រិត១៥ឆ្នាំ កម្រិត១៧ឆ្នាំ ឬលីគបាល់ទាត់នារីឲ្យបានទៀងទាត់ អីចឹងអនាគតក្រុមធំទាំងក្លិប និងជម្រើសជាតិនឹងខ្លាំង»។ លោក Oleg Starynskyi បានសង្កត់ធ្ងន់។

គ្រូបង្វឹកដែលជួយឲ្យភ្នំពេញក្រោនឈ្នះពានរង្វាន់៦ក្នុងពីរដូវកាលចុងក្រោយបានបន្ថែមថា កន្លងមក ឃើញមានការប្រកួតជើងឯកយុវជន និងលីគនារីដែរ ប៉ុន្តែម្តងម្កាលដោយមិនបានរៀបចំទៀងទាត់ប្រចាំឆ្នាំ ដូច្នេះក្លិបបាល់ទាត់ខ្លះស្ទើរតែលែងចង់បង្កើតឲ្យមានថ្នាលយុវជនទៅហើយ។
ចំណែក លោក Kazunori Ohara នាយកបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់«កម្ពុជាថ្មី»ថា ការបណ្តុះបណ្តាលថ្នាលយុវជនទាំងនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងតាមសាលាតម្រង់ទិស២៥ខេត្ត-ក្រុងពិតជាពិបាកធ្វើឲ្យក្រុមយុវជនក្លាយជាទំពាំងស្នងឬស្សីនៃអនាគតជម្រើសជាតិកម្ពុជាដ៏រឹងមាំបានណាស់ ពីព្រោះខ្វះការប្រកួតប្រជែងទៀងទាត់។ ការហ្វឹកហាត់ត្រូវការដើរទន្ទឹមគ្នាជាមួយការអនុវត្តផ្ទាល់ទើបមានគុណភាព។

បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងសាលាបាល់ទាត់តម្រង់ទិស២៥ខេត្ត-ក្រុងដែលបណ្តុះបណ្តាលថ្នាលយុវជនជម្រើសជាតិកម្ពុជា។ ស្របពេលជាមួយគ្នានេះមានក្លិបជាច្រើនទាំងក្លិបលីគកំពូលកម្ពុជា និងក្លិបលីគទី២ក៏មានបណ្តុះបណ្តាលថ្នាលយុវជនដែរ ប៉ុន្តែផ្ទុយទៅវិញមិនមានកម្មវិធីប្រកួតទៀងទាត់ទេ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង