កីឡា
ថ្នាក់ដឹកនាំ NOCC៖ ចង់ឲ្យគេស្រឡាញ់គុនខ្មែរ ត្រូវប្រកាន់គោលការណ៍
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក លើកទី៤ នៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីពង្រីកសក្តានុពលគុនខ្មែរទៅលើឆាកអន្តរជាតិឲ្យកាន់តែរីកចម្រើន។
តាមការគ្រោងទុកមានប្រទេសប្រមាណ១២ដឹកនាំប្រតិភូគុនខ្មែររបស់ខ្លួនចូលរួមប្រកួតដើម្បីដណ្តើមមេដាយ និងខ្សែក្រវាត់គុនខ្មែរពិភពលោកដែលមានវិញ្ញាសាជាច្រើនប្រភេទទម្ងន់លើកម្រិត៣គឺលក្ខណៈស្ម័គ្រចិត្ត កម្រិតពាក់កណ្តាលអាជីព និងអាជីព។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា នេះជាឱកាសដ៏ល្អវិសេសវិសាលដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះត្រូវទាក់ទាញចិត្តភ្ញៀវឲ្យស្រឡាញ់ចូលចិត្តក្បាច់គុនខ្មែរខ្លាំងឡើងទាំងនៅលើសង្វៀន និងក្រៅសង្វៀន។
ក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន បានលើកឡើងថា សូមឲ្យគណៈកម្មការរៀបចំការប្រកួត និងអត្តពលិកទាំងអស់ត្រូវប្រកាន់ខ្ជាប់គោលការណ៍យុត្តិធម៌ (Fair Play) ដែលគោរពគ្នាទៅវិញទៅមក គោរពបទបញ្ជានៃការប្រកួត និងគោរពតួនាទីរបស់ខ្លួន។ គោលការណ៍យុត្តិធម៌នេះហើយដែលនឹងធ្វើឲ្យគុនខ្មែររឹងមាំ រីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិ។

«ទីមួយ កីឡាករ កីឡាការិនីត្រូវតែជ្រះស្រឡះក្នុងចិត្តថា យើងប្រកួតជាមួយបរទេស យើងត្រូវគោរពគ្នាទៅវិញទៅមក។ កីឡាករជៀសឲ្យផុតពីការប្រកួតដោយកំហឹង តែត្រូវប្រកួតដោយបច្ចេកទេស គោរពបទបញ្ជានៃការប្រកួត និងគោលការណ៍យុត្តិធម៌»។ លោកបានសង្កត់ធ្ងន់។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបន្តថា ៖«ប្អូនៗកីឡាករ កីឡាការិនីទាំងអស់គ្នាត្រូវចាំថា ក្បាច់គុននេះជារបស់យើង។ យើងត្រូវប្រកួតជាមួយគេដោយបច្ចេកទេស មិនត្រូវបង្ហាញអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងម្ចាស់ក្បាច់គុនឡើយ»។

លោក វ៉ាត់ ចំរើន បន្ថែមថា អ្វីដែលសំខាន់ទៀតនោះ មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមត្រូវមានភាពសុក្រឹត និងតម្លាភាព ក្នុងការកាត់ក្តី ឈ្នះចាញ់ឲ្យត្រឹមត្រូវតាមបទបញ្ជា តាមច្បាប់ តាមបច្ចេកទេស។ ជៀសវាងឲ្យបានអគតិទាំង៤ ដោយជៀសវាងពីការស្រឡាញ់ បក្សពួក សាច់ញាតិ ផលប្រយោជន៍ ប៉ុន្តែត្រូវប្រកាន់គោលការណ៍ឧបេក្ខាគឺនៅកណ្តាលជានិច្ច។
«គេមកប្រកួត មិនមែនដើម្បីប្រកួតតែម្យ៉ាងនោះទេ ប្រកួតជារឿងមួយ តែមានរឿងល្អៗច្រើនទៀតដែលយើងត្រូវទាក់ទាញចិត្តគេ។ គេសុខចិត្តមកដើម្បីគុនខ្មែរ អីចឹងយើងត្រូវបំពេញតួនាទីជាម្ចាស់ផ្ទះល្អដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវ»។ រដ្ឋលេខាធិការប្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់។

នេះជាលើកទី៤ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិរៀបចំការប្រកួតគុនខ្មែរពិភពលោកដើម្បីពង្រឹង ពង្រីក និងពន្លឿនក្បាច់គុនខ្មែរឲ្យរីកចម្រើន បន្ទាប់ពីធ្លាប់រៀបចំ៣លើកហើយ។ ឆ្នាំ២០២៣នេះត្រូវបានចាត់ទុកជាឆ្នាំជោគជ័យបំផុតសម្រាប់គុនខ្មែរ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីធម្មនុញ្ញកីឡាស៊ីហ្គេម នៅពេលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ ជំហានបន្ទាប់ កម្ពុជាដាក់គោលដៅនាំយកគុនខ្មែរទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងចុងក្រោយកម្រិតកីឡាអូឡាំពិកពិភពលោក៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?