កីឡា
រឿងអស្ចារ្យ៦យ៉ាងធ្វើឲ្យគុនខ្មែរផ្ទុះខ្លាំងក្នុងឆ្នាំ២០២៣
ឆ្នាំ២០២៣ត្រូវបានចាត់ទុកជាយុគសម័យមាសនៃកីឡាប្រដាល់គុនខ្មែរដែលបានធ្វើឲ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំងអំពីក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ។ រឿងរ៉ាវជាច្រើនដែលបានធ្វើឲ្យពិភពលោកស្គាល់«គុនខ្មែរ» ប៉ុន្តែពេលនេះសង្ខេបខ្លីគឺមានរឿងសំខាន់៦យ៉ាង។

១. គុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេម
ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលមានលក្ខណៈកីឡាអូឡាំពិកអាស៊ាន លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបានប្រើឯកសិទ្ធិ និងបញ្ចុះបញ្ចូលសមាជិកនៅក្នុងតំបន់អាស៊ានរហូតទទួលបានការគាំទ្រដើម្បីដាក់បញ្ចូល«គុនខ្មែរ»ក្នុងកីឡាស៊ីហ្គេមដោយជោគជ័យ។
ជោគជ័យរបស់របស់ម្ចាស់ផ្ទះកម្ពុជាដែលបានសម្រេចចំពោះការដាក់បញ្ចូលកីឡាអត្តសញ្ញាណជាតិនៅក្នុងធម្មនុញ្ញស៊ីហ្គេមដែលមានន័យថា ស៊ីហ្គេមបានចារឈ្មោះ«គុនខ្មែរ»ជាកីឡាមួយប្រភេទក្នុងចំណោមប្រភេទកីឡាជាច្រើនក្នុងបញ្ជីរបស់ខ្លួន។

ក្រៅពីជោគជ័យក្នុងការដាក់បញ្ចូល កីឡាករ កីឡាការិនីគុនខ្មែរកម្ពុជាបានឈ្នះមេដាយមាសចំនួន១៤គ្រឿង ក្នុងចំណោមមេដាយមាស១៩គ្រឿង (១៩វិញ្ញាសា) ឈរចំណាត់ថ្នាក់លេខ១លើតារាងមេដាយមាសគុនខ្មែរដែលរួមចំណែកជួយដល់ម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុបគ្រប់ប្រភេទកីឡា ២៨២គ្រឿងគឺមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ ឈរចំណាត់ថ្នាក់លេខ៤ជាប្រវត្តិសាស្ត្រដំបូង។
២. ជម្លោះថៃជាមួយកម្ពុជារឿងដាក់គុនខ្មែរចូលស៊ីហ្គេម
នៅពេលកម្ពុជាបានដាក់គុនខ្មែរក្នុងស៊ីហ្គេមបានធ្វើឲ្យប្រទេសថៃខឹងសម្បារយ៉ាងខ្លាំងរហូតផ្ទុះការចាប់អារម្មណ៍ទូទាំងពិភពលោក។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ពិភពលោកផ្ទុះការចាប់អារម្មណ៍នៅពេលមានជម្លោះជាមួយថៃជុំវិញគុនខ្មែរ។ ពិភពលោកបានចាប់អារម្មណ៍ថា អ្វីទៅជាគុនខ្មែរ ហើយពួកគេបានចាប់ផ្តើមស្រាវជ្រាវទើបដឹងថា គុនខ្មែរមាននៅលើប្រាង្គប្រាសាទគឺជាក្បាច់គុនរបស់បុព្វបុរសខ្មែរពិតៗ។
៣. កីឡាករ Thiago បោះចោល«មួយថៃ» យក«គុនខ្មែរ»
រឿងរ៉ាវកីឡាករផ្ទាល់ខ្លួនរបស់កីឡាករជនជាតិប្រេស៊ីល Thiago Teixeira ដែលបានផ្លាស់ប្តូរពីកីឡាមួយថៃមកចាប់យកគុនខ្មែរគឺជាទីចាប់អារម្មណ៍របស់មហាជន ហើយបានក្លាយជាអត្ថប្រយោជន៍ដល់គុនខ្មែរដ៏ធំធេង។ រូបគេបានប្រកួតឈ្នះខ្សែក្រវាត់នៅប្រទេសបារាំង ប៉ុន្តែក្រោយមកត្រូវបានថៃដកហូតខ្សែក្រវាត់វិញដែលរឹតតែធ្វើឲ្យមានការចាប់អារម្មណ៍មកលើកម្ពុជាកាន់តែខ្លាំង។ បន្ទាប់មក កីឡាកររូបនេះទទួលបានសញ្ជាតិខ្មែរ និងដើរតួនាទីជាអ្នកផ្សព្វផ្សាយគុនខ្មែរយ៉ាងសំខាន់រហូតដល់បច្ចុប្បន្ន។

៤. គុនខ្មែរបង្កើនសមាជិកដល់ជាង៦០ប្រទេសយ៉ាងឆាប់រហ័ស
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិទទួលបានប្រទេសជាសមាជិកជាង៦០ក្នុងរយៈពេលមួយដ៏ខ្លីនៅពេលគុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងស៊ីហ្គេម។ តាមការឲ្យដឹងពីសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិថា មុនពេលស៊ីហ្គេមមានសមាជិកមិនច្រើនប៉ុន្មានទេ ប៉ុន្តែក្រោយពេលដាក់គុនខ្មែរចូលស៊ីហ្គេមគឺមានប្រទេសជាច្រើនបានចូលជាសមាជិករហូតដល់ជាង៦០ប្រទេស។

ការកើនឡើងសមាជិកច្រើនគឺជាកត្តាចាំបាច់បំផុតដើម្បីឲ្យប្រទេសជាសមាជិកគាំទ្រដល់ការដាក់គុនខ្មែរចូលក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ។ ជាក់ស្តែកត្រូវការសមាជិកគាំទ្រចាប់ពី៤ប្រទេសឡើងគឺអាចដាក់ចូលក្នុងកីឡាស៊ីហ្គេមបាន ហើយសមាជិកគាំទ្រចាប់ពី៣០ប្រទេសឡើងគឺអាចដាក់ចូលក្នុងកីឡាទ្វីបអាស៊ីបាន (Asian Games) និងការគាំទ្រចាប់ពី៧០ប្រទេសឡើងអាចដាក់ចូលក្នុងកីឡាអូឡាំពិភពលោកបាន។
៥. ការប្រកួតគុនខ្មែរជើងឯកពិភពលោក
នៅដើមខែធ្នូ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោកនៅខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍នេះក៏មានរៀបចំមហាសន្និបាតគុនខ្មែរអន្តរជាតិប្រចាំឆ្នាំដែលមានសមាជិកចូលរួមផ្ទាល់១៧ប្រទេស និងសិទ្ធិតំណាងជាង៤០ប្រទេសផ្សេងទៀតដែលបានគាំទ្រដល់ការសម្រេច៦ចំណុចរបស់មហាសន្និបាត។ សេចក្តីសម្រេចទាំង៦ចំណុចនោះហើយជាការបើកផ្លូវកាន់តែមានពន្លឺដើម្បីពង្រីក ពង្រឹង និងអភិវឌ្ឍគុនខ្មែរឆ្ពោះទៅចូលក្នុងកីឡាទ្វីបអាស៊ី និងអូឡាំពិកពិភពលោកដែលជាគោលដៅទី២ និងទី៣របស់កម្ពុជា។


៦. សង្វៀនឯកជនរៀបចំព្រឹត្តិការណ៍ប្រកួតផ្ទុះខ្លាំង
រឿងរ៉ាងសំខាន់ៗខាងលើចាត់ទុកជាបេសកកម្មដ៏សំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍគុនខ្មែរ ប៉ុន្តែអ្វីដែលរឹតតែអស្ចារ្យថែមទៀតនោះគឺស្ថាប័នឯកជនបានរួមចំណែកយ៉ាងខ្លាំងស្ទើរនឹកស្មានមិនដល់អំពីគុនខ្មែរក្នុងឆ្នាំ២០២៣។

និយាយជារួម សង្វៀនប្រដាល់ និងម្ចាស់ឧបត្ថម្ភជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្តរជាតិ។ ពួកគេនាំចូលកីឡាករបរទេសល្បីៗមកពីជុំវិញពិភពលោកដើម្បីប្រកួតជាមួយកីឡាករគុនខ្មែរ ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់ និងពានរង្វានជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះនាំយកពិធីករបរទេសមកអត្ថាធិប្បាយប្រដាល់គុនខ្មែរជាភាសាបរទេស និងរៀបចំព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេសថែមទៀតដូចជាប្រទេសបារាំង និងអូស្ត្រាលីជាដើម។

និយាយដោយឡែក កីឡាករ កីឡាការិនីគុនខ្មែរ ក៏ដូចជាគ្រូបង្វឹកកាន់តែមានកម្លាំងចិត្តដើម្បីគុនខ្មែរ និងមានជីវភាពកាន់តែល្អប្រសើរ។ កីឡាករ កីឡាការិនីគុនខ្មែរទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ ប្រាក់រង្វាន់កាន់តែច្រើន សប្បុរសជនបានចំណាយធនធានផ្ទាល់ខ្លួនឧបត្ថម្ភដល់ពួកគេ។ ជាពិសេសម្ចាស់ឧបត្ថម្ភមានរង្វាន់រថយន្តដល់ជយលាភីថែមទៀត។ រហូតដល់ពេលនេះមានកីឡាករជាច្រើនរូបដែលទទួលបានរង្វាន់រថយន្តពីការឡើងប្រកួតរបស់ខ្លួនដូចជា ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, អេ អាំម៉ារីន និង ធឿន ធារ៉ា ជាដើម ព្រមទាំងកំពុងរៀបចំដាក់រង្វាន់រថយន្តជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ ប្រជាជនបានផ្តល់ការគាំទ្រភ្លូកទឹក-ដីរាល់ពេលមានសង្វៀនប្រកួត។

ការឧបត្ថម្ភគាំទ្រគាំទ្រទាំងកម្លាំងកាយចិត្ត សម្ភារ និងថវិកាដ៏មហាសាលបែបនេះគឺជាមហាវិថីដ៏ធំធេងក្នុងការអភិរក្ស អភិវឌ្ឍ និងពង្រីកគុនខ្មែរឲ្យរីកចម្រើនពោរពេញដោយសក្តានុពលទូទាំងពិភពលោក៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?