កីឡា
ខេត្តយូណានសម្រេចយកអត្តពលិកខ្មែរ៧រូបបន្តហាត់៣ឆ្នាំដើម្បីក្តីសុបិនធំរបស់កម្ពុជា
មន្ទីរកីឡាខេត្តយូណានរបស់ប្រទេសចិនបានសម្រេចជ្រើសរើសយកកីឡាករ កីឡាការិនីខ្មែរ៧រូបដែលមានទេពកោសល្យដើម្បីបន្តហ្វឹកហាត់រយៈពេល៣ឆ្នាំទៀតក្នុងគោលបំណងជួយដល់ប្រទេសកម្ពុជាស្វែងរកមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា លោកបានដឹកនាំប្រតិភូកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងនោះចុះសួរសុខទុក្ខដល់អត្តពលិកកម្ពុជាកំពុងហ្វឹកហាត់នៅប្រទេសចិន។ ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជាពិតជាមានការរីកចម្រើន១០០%បើប្រៀបធៀបនឹងការហ្វឹកហាត់ក្នុងស្រុក។

ការហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅចិនគឺសល់ពីគម្រោងដែលភាគីចិនបានយល់ព្រមលើការហ្វឹកហាត់កាលត្រៀមស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ក្រុមអត្តពលិកកម្ពុជាមិនបានទៅហ្វឹកហាត់ពេញលេញទេទើបតែដើមឆ្នាំ២០២៣ បានទៅហ្វឹកហាត់ ដូច្នេះក្រោយចប់ស៊ីហ្គេម ក្រុមអត្តពលិកកម្ពុជាបានបន្តទៅហ្វឹកហាត់តាមគម្រោងដែលនៅសល់។
ទោះបីជាយ៉ាងណា គម្រោងហ្វឹកហាត់នៅចិនរបស់អត្តពលិកកម្ពុជានឹងបញ្ចប់នាពេលខាងមុខ។ កម្ពុជាក៏បានពិភាក្សាជាមួយម្ចាស់ផ្ទះចិនរួចរាល់ដើម្បីស្នើសុំបន្តការហ្វឹកហាត់បន្ថែមទៀតសម្រាប់ការត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។
អ្វីដែលកាន់តែពិសេសទៀតនោះ ខេត្តយូណានមានគម្រោងពិសេសមួយដែលមានសិទ្ធិសម្រេចទទួលយកអត្តពលិកកម្ពុជា៧រូបដើម្បីហ្វឹកហាត់រយៈពេលវែងដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលចិន។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ៖«ថ្មីៗនេះមន្ទីរកីឡាខេត្តយូណានមានគម្រោងពិសេសមួយដែលគេអាចអនុម័តបានក្នុងរង្វង់៦ទៅ៧នាក់ដែលមានទេពកោសល្យអាចបន្តហ្វឹកហាត់ចាប់ពីឆ្នាំក្រោយរហូតដល់៣ឆ្នាំ។ នេះគឺជាមោទនភាពមួយសម្រាប់យើង ជាការរឹតចំណងមិត្តភាពប្រទេសទាំងពីរ។ អីចឹងយើងទទួលបានការងារទាំងអស់នេះ។ យើងនឹងខិតខំប្រឹងប្រែងឲ្យមានអត្តពលិកយើងទៅហាត់នៅក្រៅប្រទេសឲ្យបានច្រើន ពីព្រោះការហ្វឹកហាត់នៅក្រៅប្រទេសគឺមានលទ្ធភាពស្វែងរកឧត្តមភាពរបស់យើង»។
តាមការបញ្ជាក់ពីលោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះថា ភាគីខេត្តយូណានសម្រេចជ្រើសរើសកីឡាករ កីឡាការិនីខ្មែរ៧រូបគឺដើម្បីជួយដល់ប្រទេសកម្ពុជាដែលមានក្តីសុបិនធំបំផុតគឺមេដាយអូឡាំពិក។

លោក វ៉ាត់ ចំរើន បានបន្ថែមថា ៖«សុបិនធំបំផុតរបស់កីឡាកម្ពុជាយើងគឺមេដាយអូឡាំពិក។ អ្នកដែលបានឈ្នះមេដាយអូឡាំពិកនឹងក្លាយជាវីរបុរសកម្ពុជា នឹងមានរូបសំណាក់ ហើយម្ចាស់មេដាយនឹងជិះយន្តហោះពិសេស ទទួលបានការអប់អរសាទរយ៉ាងវិសេសវិសាលបំផុត»។
បច្ចុប្បន្ននេះ កីឡាកម្ពុជាជាច្រើនប្រភេទកំពុងហ្វឹកហាត់នៅប្រទេសចិនដូចជា កីឡាហែលទឹក វូស៊ូ អត្តពលកម្ម កាយសម្ព័ន្ធ លើកទម្ងន់ វាយកូនឃ្លីលើតុ យូដូ វាយសី បាល់បោះបុរស និងបាល់ទះបុរសជាដើម។

រហូតដល់ពេលនេះ កម្ពុជាមិនធ្លាប់ទទួលបានមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិកឡើយទាំងមាស ប្រាក់ និងសំរិទ្ធ។ កម្ពុជាធ្លាប់ទទួលបានមេដាយកីឡាទ្វីបអាស៊ី កីឡាស៊ីហ្គេម កីឡាតំបន់ មេដាយពិភពលោកតាមការប្រកួតជើងឯកនៃប្រភេទកីឡានីមួយៗ ប៉ុន្តែមិនធ្លាប់បានឈ្នះមេដាយអូឡាំពិកឡើយ៕



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?