កីឡា
កំណត់ត្រាចងចាំ! ថ្ងៃនេះឆ្នាំមុន ធឿន ធារ៉ា ផ្តួល Saiyok ទឹកទី១ផ្ទុះល្បីខ្លាំងដល់ឥឡូវ
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា បានចាប់ផ្តើមផ្ទុះល្បីខ្លាំងបំផុតនៅពេលបានផ្តួលជើងខ្លាំងថៃ Saiyok Pumpanmuang នៅក្នុងទឹកទី១ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ និងពានរង្វាន់ស្តេចថៃអន្តរជាតិ Thai Fight កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះមានរយៈមួយឆ្នាំគត់ដែលជាកំណត់ត្រា និងអនុស្សាវរ៍ស្រក់ទឹកភ្នែករបស់ ធឿន ធារ៉ា នៅលើទឹកដីថៃដើម្បីក្លាយជាកីឡាករគុនខ្មែរដំបូងឈ្នះខ្សែក្រវាត់ Thai Fight។ ចាប់តាំងពីពេលនោះកីឡាករកម្ពុជារូបនេះតែងតែបានបង្កើតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់រហូតក្លាយជាតារាប្រដាល់ឆ្នើមជួរមុខនាពេលបច្ចុប្បន្ន។
រយៈពេលមួយឆ្នាំចុងក្រោយនេះ ធឿន ធារ៉ា បានឡើងប្រកួតមិនក្រោម២០ដងឡើយ ហើយបានចាញ់តែម្តងគត់គឺចាញ់កីឡាករថៃ Krongchak នៅទឹកទី៤ដោយសារឈឺដៃប្រកួតលែងកើតកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ធឿន ធារ៉ា ជាកីឡាករកម្ពុជាដំបូងគេដែលបានផ្តល់បរាជ័យដល់កីឡាករថៃ Saiyok បន្ទាប់ពីធន់ រិទ្ធី ធ្លាប់ចាញ់ក្នុងទឹកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ និង ផាន់ គ្រាន់ ធ្លាប់ចាញ់ទឹកទី១ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ ចាប់តាំងពីចាញ់ ធឿន ធារ៉ាមក Saiyok បានឡើងប្រកួត៧ដងក្នុងឆ្នាំ២០២៣ក៏មិនដែលចាញ់ដែរ និងមានព័ត៌មានជាច្រើនដែលលើកឡើងពីកីឡាករថៃរូបនេះចង់សងសឹក ធឿន ធារ៉ា។

រឿងផ្ទុះខ្លាំងបំផុតមួយទៀតសម្រាប់ ធឿន ធារ៉ា គឺនៅពេលបានឈ្នះជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជុំដំបូង ធឿន ធារ៉ា បានឈ្នះកីឡាករអ៊ុយក្រែន WHITE SHARK អតីតដៃគូរបស់ Buakaw ដោយពិន្ទុ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រូបគេបានផ្តួលកីឡាករសាធារណរដ្ឋឆេក MICHAL សន្លប់ក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្របានផ្តួលកីឡាករប្រេស៊ីល MACHADO BENTO ឲ្យសន្លប់ធំក្នុងទឹកទី១។
ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារអាមេរិក។ សរុបទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភផ្សេងៗ រូបគេទទួលបានប្រមាណ២០០លានរៀល។

អ្នកគាំទ្រមួយចំនួនបាននាំគ្នាហៅកីឡាករ Buakaw ជាស្តេចប្រដាល់ស្រុកថៃ និងហៅកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ជាស្តេចប្រដាល់មីយ៉ាន់ម៉ា ប៉ុន្តែនៅកម្ពុជាមិនទាន់មានកីឡាករណាម្នាក់ត្រូវបានដាក់រហស្សនាមថា «ស្តេចប្រដាល់គុនខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសមទទួលបានរហស្សនាម«ស្តេចប្រដាល់គុនខ្មែរ»ទេ? ពិធីករបរទេសដែលបានមកអត្ថាធិប្បាយយប់មិញនេះគឺលោក Whitelaw បានបង្ហោះលើគណនី IG ពីកីឡាករ ធឿន ធារ៉ា ពាក់ម្កុដ ដែលជាសញ្ញាថា ស្តេចប្រដល់គុនខ្មែរ។
គិតចាប់ពីចុងឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករប្រដាល់គុនខ្មែរទទួលបានជោគជ័យបំផុតទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះរូបគេកំពុងកាន់ខ្សែក្រវាត់អន្តរជាតិចំនួន៦គ្រឿង៕

- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?