កីឡា
អត្តពលិកកៀគីស្ថានប្រឆាំងរដ្ឋាភិបាលខ្លួនពីការកែប្រែទង់ជាតិ
អត្តពលិកជនជាតិកៀគីស្ថានឆ្នើមៗជាច្រើនរូបកំពុងបដិសេធការប្រើទង់ជាតិថ្មីដែលបង្កើតឡើងដោយប្រធានាធិបតី លោក Sadyr Japarov ដែលបានកែប្រែដោយសារពួកគេមានអារម្មណ៍ដូចជាស្រដៀងនឹងផ្កាឈូករ័ត្នជាជាងព្រះអាទិត្យ។

អត្តពលិកកំពូលមួយចំនួនរបស់កៀគីស្ថាន បាននិយាយថា ពួកគេនឹងមិនប្រកួតក្រោមទង់ជាតិដែលទើបតែត្រូវបានអនុម័តដោយសភា និងមានការគាំទ្រដោយលោកប្រធានាធិបតី Sadyr Japarov ក្នុងការផ្លាស់ប្តូរទង់ជាតិដើមនោះទេ។
ម្ចាស់ជើងឯកកីឡាចំបាប់ពិភពលោក កីឡាករ Zholaman Sharshenbekov បាននិយាយប្រឆាំងនឹងការផ្លាស់ប្តូរទង់ជាតិ។ កីឡាករវ័យ២៤ឆ្នាំមកពីក្លិប Bala-Saruu ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅអូឡាំពិកតូក្យូ ឆ្នាំ២០២០ បាននិយាយថា ៖«ខ្ញុំនៅតែស្រឡាញ់ចាស់។ ខ្ញុំមិនទទួលយកថ្មីនោះទេ។ នៅពេលអនាគត ខ្ញុំនឹងប្រកួតប្រជែងក្រោមទង់ជាតិចាស់ដដែល»។

ម្ចាស់ជើងឯកប្រដាល់សេរីពិភពលោក កីឡាករ Dastan Sharsheyev វិញក៏បានបន្ទរពីអារម្មណ៍របស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនដូចជាជនជាតិកៀគីស្ថាន៩៩%ដែរមិនទទួលស្គាល់ទង់ជាតិថ្មីនោះទេ។ លោកបាននិយាយនៅក្នុងវីដេអូមួយថា ៖«ខ្ញុំបានប្រកួតប្រជែងនៅក្រោមទង់នេះ (ទង់ចាស់) ដែលអ្នកឃើញនៅពីក្រោយខ្ញុំចាប់តាំងពីខ្ញុំមានអាយុ១៩ឆ្នាំ។ ខ្ញុំចាត់ទុកវាជាកិត្តិយស»។
កីឡាករ Sharsheyev បានបន្ថែមថា ៖«ទង់ជាតិរបស់យើង គឺជាប្រវត្តិសាស្ត្រ និងអនាគតរបស់យើង មិនចាំបាច់ផ្លាស់ប្តូរវាទេ»។
ការជំទាស់ក៏បានរាលដាលទៅដល់វិស័យបាល់ទាត់ ដោយកីឡាករ Azamat Baymatov និង Mirlan Murzayev បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នា។
Baymatov បាននិយាយថា ៖«ខ្ញុំដឹងរឿងតែមួយគត់។ ទង់ជាទីស្រឡាញ់របស់ខ្ញុំនឹងស្ថិតនៅក្នុងដៃរបស់ខ្ញុំជានិច្ច»។ ទន្ទឹមនឹងនេះដែរ កីឡាករ Murzayev ដែលលេងឱ្យក្លិបនៅតួកគីបានបញ្ចេញមតិថា ៖«ខ្ញុំធ្លាប់ឈ្នះឯកលីគតួកគី៥ដង ហើយរាល់ពេលខ្ញុំអបអរដោយការគ្រវីទង់ជាតិនេះ។ ទង់ជាតិចាស់ជាទីស្រឡាញ់របស់យើង»។

ទោះបីជាមានការជំទាស់ជាសាធារណៈ និងជំហររបស់អត្តពលិកលេចធ្លោមួយចំនួនក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តគាំទ្រការប្រើប្រាស់ទង់ជាតិថ្មី។ លោកឧបនាយករដ្ឋមន្ត្រី Edil Baysakov បានឆ្លើយតបថា អត្តពលិកជនជាតិកៀគីស្ថាន ទាំងអស់នឹងប្រើប្រាស់ទង់ជាតិថ្មីនៅក្នុងការប្រកួតនាពេលអនាគត រួមទាំងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីក្នុងខែមេសា និងការប្រកួតអន្តរជាតិផ្សេងទៀត ក្នុងនោះមានកីឡាអូឡាំពិកនៅទីក្រុងប៉ារីស។
លោកប្រធានាធិបតី Japarov បាននិយាយនៅក្នុងកិច្ចប្រជុំសភាមួយថា ៖«យើងមិនធ្វើឱ្យវាទៅជាពណ៌ខៀវឬពណ៌សទេ។ យើងគ្រាន់តែផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ»។
លោកប្រធានាធិបតីធ្លាប់បានលើកឡើងថា រលកកាំរស្មីព្រះអាទិត្យនៅលើទង់ជាតិ មើលទៅដូចជាផ្កាឈូករ័ត្ន។ «នៅពេលកាំរស្មីព្រះអាទិត្យត្រូវបានតម្រង់ ព្រះអាទិត្យនឹងភ្លឺហើយញញឹមដាក់យើងវិញ ហើយចាប់ពីពេលនោះមកយើងនឹងក្លាយជាប្រទេសអភិវឌ្ឍនិងឯករាជ្យ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច