Connect with us

កីឡា

តើ​គុន​ខ្មែរ​ជា​កីឡា​កំពុងពេញ​និយម​ជាងបាល់ទាត់នា​ពេលបច្ចុប្បន្នឬយ៉ាងណា?

បានផុស

នៅ

ឆ្នាំ​២០២២ និង​​២០២៣​បាន​ក្លាយ​ជា​ពេល​វេលា​​​ដ៏​ត្រចះត្រចង់​​សម្រាប់​កីឡា​អត្តសញ្ញាណ​ជាតិ​«គុន​ខ្មែរ» និង​កំពុង​ក្លាយ​ជា​ពេញ​និយម​ខ្លាំង​​សម្រាប់​អ្នក​គាំទ្រ​នា​ពេល​បច្ចុប្បន្ន។ សំណួរ​លើក​ឡើង​ថា តើ​កីឡា​គុន​ខ្មែរ​កំពុង​​មាន​ប្រជា​ប្រិយភាព​​នាំ​មុខ​កីឡា​បាល់ទាត់​ឬ​យ៉ាង​ណា?

បាល់ទាត់​

រាប់​ឆ្នាំ​មក​ហើយ បាល់ទាត់​ជា​កីឡាពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ទូទាំង​ពិភ​ព​លោក។ រាល់​ការ​ប្រកួត​អន្តរជាតិ​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​តែង​តែ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បើ​ទោះ​បី​ជា​​ការ​ចូល​ទស្សនា​តម្រូវ​ឲ្យ​ទិញ​សំបុត្រ​ដែល​មាន​តម្លៃ​ចាប់ពី​១​ម៉ឺន​រៀល​ឡើង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ប្រហែល​ជា​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​រាប់​ចាប់​តាំង​ពី​កម្រិត​យុវជន​ដល់​ក្រុម​ធំ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទេ។ ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ស្ទើរ​ទាំង​អស់​ដូច​ជាពាន​រង្វាន់ AFC Asian Cup, AFF, Sea Games និងជម្រុះ World Cup ជា​ដើម។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់អ្នក​គាំទ្រ​ចូល​ទស្សនា​ភាគ​ច្រើន​បំផុត​នៅ​ពេល​មាន​ការ​ប្រកួត​អន្តរជាតិ ប៉ុន្តែ​ការ​ប្រកួត​លីគកំពូល​កម្ពុជា​មិន​សូវ​មាន​មនុស្ស​ចូល​មើល​ច្រើន​ដូច​ប្រដាល់​ឡើយ។ រដូវ​កាល​២០២៣-២៤​ ការ​ប្រកួត​​លីគ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​មាន​អ្នក​គាំទ្រ​ចូល​មើល​ច្រើន​ជាង​គេ​ស្ទើរ​ពេញ​រាល់​ពេល​មាន​ការ​ប្រកួត។

ផ្ទុយ​ទៅ​វិញ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង Youtube និង Facebook មាន​អ្នក​គាំទ្រ​មើល​មិន​ច្រើន​ប៉ុន្មាន​​ឡើយ។ គូ​​ធំ​ប្រចាំ​សប្តាហ៍​អាច​មាន​អ្នក​គាំទ្រ​មើល​ច្រើន​បំផុត​ចន្លោះ​ពី​១០​ទៅ​២០​K ប៉ុន្តែ​បើ​គូ​​ដែល​ក្រុម​មិន​សូវ​ល្បី​ប្រកួត​​មាន​អ្នក​ទស្សនា​ចន្លោះ​ពី​៥​ទៅ​១០​Kប៉ុណ្ណោះ។

ប្រដាល់​គុន​ខ្មែរ

បាល់ទាត់​ហាក់​ខុស​ប្លែក​ពី​ប្រដាល់​ទាំង​នៅ​សង្វៀន​ផ្ទាល់ និងតាមបណ្តាញ​ទំនាក់​ទំនង​សង្គម​​​។ កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ​ព្រឹត្តិការណ៍​ប្រដាល់​ធំ​ៗ​មាន​អ្នក​គាំទ្រ​ចូលទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់​រក​តែ​កន្លែង​អង្គុយស្ទើរ​គ្មាន។ ការ​ទៅ​មើល​ផ្ទាល់​ច្រើន​ជាង​បាល់ទាត់​​អាច​និយាយ​បាន​ថា គ្មាន​អ្វី​ចម្លែក​ទេ​ ដោយសារ​ប្រដាល់​មិន​លក់​សំបុត្រ ប៉ុន្តែ​បើនៅ​តាម​បណ្តាញ​សង្គមវិញ អ្នក​គាំទ្រមើល​ច្រើន​លើស​លប់។

ការ​គាំទ្រភ្លូកទឹក-ដីចំពោះ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​កើត​មាន​ឡើង​ទន្ទឹម​គ្នានឹង​សមិទ្ធផល​​គួរ​ជាទី​មោទន:​។ គុន​ខ្មែរត្រូវ​បាន​ដាក់​ចូលក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ជា​សមិទ្ធផល​ដ៏​សំខាន់​បំផុត​ដែល​អ្នក​គាំទ្រ​អបអរសាទរ។ ប្រទេស​ថៃបាន​ខឹង​សម្បារ​នឹង​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​​តាម​បណ្តាញ​សង្គម ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អន្តរជាតិ​ជា​ច្រើន​ផ្សាយ​ពី​គុន​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​​ចាប់​អារម្មណ៍​លើ​គុន​ខ្មែរ​កាន់​តែ​ខ្លាំង។

ជាពិសេស​ទៀត​នោះ គុន​ខ្មែរ​បាន​ឈ្នះ​មេដាយ​មាស​ចំនួន១៩​គ្រឿង​គឺ​មាស១៤ ប្រាក់​៣ និង​សំរិទ្ធ២​ពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ដែល​ជួយ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​កម្ពុជាស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​មេដាយ​ជា​ប្រវត្តិ​សាស្ត្រ​លើកដំបូង​ជា​មួយ​មេដាយ​មាស​៨១ ប្រាក់​៧៤ និង​សំរិទ្ធ​១២៧។

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​កើន​សមាជិក​រហូត​ដល់​ជាង​៦០​ប្រទេស​ក្នុង​​ឆ្នាំ​២០២៣ នៅ​ពេល​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ស៊ីហ្គេម។ វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​ទៀត​សម្រាប់​សហព័ន្ធ​ដែល​គ្រប់​គ្រង​​គុន​ខ្មែរ​ទូទាំង​ពិភព​លោក។ ចុង​ឆ្នាំ​២០២៣ សហព័ន្ធ​បាន​រៀបចំ​មហា​សន្និបាត និង​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ពិភព​លោក​ដែល​មាន​ប្រទេស​ជា​ច្រើន​ចូល​រួម​ប្រកួត​នៅ​ខេត្ត​សៀមរាប។

ក្នុង​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​បាន​ដាក់​គោល​ដៅ​បន្ត​បង្កើន​ចំនួន​សមាជិក​អន្តរជាតិ បន្ត​អភិវឌ្ឍ​គុន​ខ្មែរ​ឲ្យ​មាន​ទម្រង់​អន្តរជាតិ និង​ដាក់​គោល​ដៅ​​ឆ្ពោះ​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី និង​អូឡាំពិក។

ក្រៅ​ពី​ព្រឹត្តិការណ៍​ផ្លូវ​ការ​​ថ្នាក់​ជាតិ ស្ថាប័ន​ឯកជន​ជា​ច្រើន​បាន​គាំទ្រ​យ៉ាង​សកម្មភាព​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ។ សង្វៀន​ប្រដាល់​តាម​ស្ថានីយ៍​ទូរទស្សន៍ និង​ម្ចាស់​ឧបត្ថម្ភ​បានសម្រុក​រៀប​ចំ​ការ​ប្រកួត​ធំ​ៗ​ដែល​មាន​ដណ្តើម​ខ្សែ​ក្រវាត់ ប្រាក់​រង្វាន់​រាប់​លាន និង​​រង្វាន់​រថយន្ត​ថែម​ទៀត។ កីឡាករ​ជា​ច្រើន​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣ ហើយ​ក៏​មាន​កីឡាករ​ជា​ច្រើន​​ទទួល​បាន​រង្វាន់​រថយន្ត​ថែម​ទៀត។

តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ កីឡាករ​បរទេស​​ជា​ច្រើន​មក​ពី​ប្រទេស​ផ្សេង​ៗ​បាន​មក​ប្រកួត​នៅ​កម្ពុជា​ដែល​ផ្តល់​ឲ្យ​ពួក​គេ​ស្គាល់​គុន​ខ្មែរ​កាន់​តែ​ច្រើន និង​រួម​ចំណែក​ជួយ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ។ ការ​គាំទ្រ​ដ៏​សំបូរ​បែប ការរៀបចំ​ព្រឹត្តិការណ៍​ធំ និង​មាន​រង្វាន់​កាន់​តែល្អ​ប្រសើរ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​កីឡាករ កីឡាការិនី​មាន​សន្ទុះ​ចិត្ត​ចាប់​អាជីព​គុន​ខ្មែរ ហើយ​ជីវភាព​របស់​ពួក​គេ​កាន់​តែ​ល្អ​ប្រសើរ។

និយាយ​ជា​រួម​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាល់ទាត់​​​នៅ​តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង​លើ​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​ការ​​គាំទ្រ​​ក្នុង​​​លីគ​នៅ​មាន​កម្រិត ស្រប​ពេល​​លទ្ធផល​របស់​ក្រុម​ជម្រើស​ជាតិ​មិន​សូវ​ល្អ​ប្រសើរ។ ទោះ​ជា​យ៉ាង​ណា រាល់​ការ​ប្រកួត​បាល់ទាត់​ទាំង​ជម្រើស​ជាតិ និង​លីគ​លក់​សំបុត្រ​ដែល​អ្នក​គាំទ្រ​ត្រូវ​តែ​ចំណាយ​​ប្រាក់។ ចំណែក​​កីឡា​ប្រដាល់​គុន​ខ្មែរ​រីក​ចម្រើន​យ៉ាង​ខ្លាំង​​លើ​ឆាក​អន្តរជាតិ ទាំង​សមិទ្ធផល សន្ទុះ​ការ​គាំទ្រ និង​ព្រឹត្តិការណ៍សំខាន់​ៗ​ ប៉ុន្តែ​ការ​ចូល​ទស្សនាដោយ​ឥត​គិត​ថ្លៃ៕

ការ​លើក​ឡើង​ខាង​លើ​គ្រាន់​តែ​ជា​ទស្សនៈ​របស់​ស្មេរ​ប៉ុណ្ណោះ ចុះ​មិត្តអ្នកអានមាន​មតិ​យោបល់​យ៉ាង​ណា?

អត្ថបទ៖ ទស្សនៈ​ស្មេរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម