កីឡា
ការប្រកួតកីឡាវ័យចំណាស់ អបអរ ទិវាជ័យជម្នះ លេខ១ បានទៅ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព
កម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ ៧មករា” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៨ឆ្នាំហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចតជោ ហ៊ុន សែន។ ឆ្នាំនេះចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ)។

ពិធី “បិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករា ឈ្នះ!ឈ្នះ! តេជោសន្តិភាព រដូវកាលទី៨ ឆ្នាំ២០២៤ អបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា” រៀបចំឡើង ដោយសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីលានបាលទាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពតែងតែបានរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ ៧មករា” ជារៀងរាល់ឆ្នាំ ដោយគិតមកដល់ឆ្នាំនេះមាន រយៈពេល ៨ឆ្នាំហើយ។ នេះ សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពី ស្មារតីដឹងគុណ តបស្នងសងគុណ និងការពារសច្ចធម៌ប្រវត្តិសាស្ត្រជាតិ របស់យុវជនជំនាន់ក្រោយ គោរពជូនចំពោះ វីរយុទ្ធជន-យុទ្ធនារី អ្នកស្នេហាជាតិ និងវីរយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត រំដោះជាតិមាតុភូមិ ឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បន្តថា ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាននូវ អតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយការឈឺចាប់ខ្លោចផ្សារកទីបំផុតគ្មាន ដែលបង្កឡើងដោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយគ្មានសោកនាដកម្មណា គ្មានភាពអយុត្តិធម៌ណា និងគ្មានការបាត់បង់ណា ដែលមានទំហំធំធេងជាងរបបវាលពិឃាតនេះឡើយ។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃ ជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតជោ ហ៊ុន សែន មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសជាតិយើង ដែលធ្លាប់តែគ្របដណ្ដប់ដោយភាពអសន្តិសុខ អស្ថិរភាព ស្លាកស្នាម នៃសង្គ្រាម ភាពក្រីក្រ ឧក្រិដ្ឋកម្ម ការរំលោភសិទ្ធិមនុស្ស និងអំពើប្រល័យពូជសាសន៍ ឥឡូវបានប្រែក្លាយជាប្រទេស ប្រកបដោយសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក ឃួង ស្រេង បានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ ស្តីពី ការរៀបចំការប្រកួតរយៈពេល ប៉ុន្មានថ្ងៃមកនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ថា កម្មវិធីរបស់យើង បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ដោយភាតរភាព ក្នុងនាមជាពលរដ្ឋកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ រីកចម្រើន ជឿនលឿន លើគ្រប់វិស័យ ស្របតាមពាក្យស្លោក “កីឡារស់ក្នុង សន្តិភាព”។ ការរៀបចំព្រឹត្តិការណ៍កីឡាក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការលើកទឹកចិត្ត និងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរីកចម្រើន នៃវិស័យកីឡានៅ កម្ពុជា និងជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយ ស្តីពី វិស័យអប់រំកាយ និងកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកបដោយក្តី មោទនភាពបំផុត។

លោកបានបន្តទៀតថា ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា សូមឱ្យស្មារតី ៧មករា នៅតែជាមេរៀន បទពិសោធន៍ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ សម្រាប់យុវជន និង ប្រជាជនកម្ពុជា ដើម្បីយើងទាំងអស់គា្ន រួមគ្នាការពារមិនឱ្យមានការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ប៉ាន់ ខែម ប៊ុនថន ប្រធាន ប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានលើកឡើងថា កម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ ៧មករា” នេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពី ឆ្នាំ២០១៦ មក ដែលមានរយៈពេល ៨ ឆ្នាំហើយ ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតជោ ហ៊ុន សែន ហើយកីឡាករសុទ្ធតែជាមនុស្សចាស់ដែលមានអាយុរហូត ៧០ ឆ្នាំក៏មាន ជាកីឡាករថ្នាក់ជាតិ នៅក្នុងទស្សវត្តទី៨០ ៩០ ២០០០។

កីឡាករទាំងអស់មានចំនួន ៤ក្រុម ដោយចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព (ភ្នំពេញ) ចំណាត់ថ្នាក់ លេខ២ បានទៅលើ ក្រុមបាល់ទាត់ បក្សីអង្គរ (ខេត្តសៀមរាប) លេខ៣ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធ វ័យចាស់ខ្មែរឥស្លាម មកពីខេត្តត្បូងឃ្មុំ និង លេខ៤ បានទៅលើក្រុមបាល់ទាត់ សម្ព័ន្ធវ័យចាស់កំពង់ស្វាយ ខេត្តកណ្តាល៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?