កីឡា
ពលរដ្ឋចិននាំមុខប្រទេសផ្សេងៗក្នុងការចុះឈ្មោះរត់ប្រណាំង៨មីនា
ប្រជាពលរដ្ឋចិនបានចុះឈ្មោះច្រើនជាងប្រទេសផ្សេងៗសម្រាប់ការចូលរួមរត់ប្រណាំងទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅឧទ្យានមុខវត្តមទុមក្នុងរាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ក្នុងនោះស្ត្រីក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡា។ ជាក់ស្តែង កម្ពុជាមានកីឡាការិនីតិចជាងបុរសក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិកន្លងមក ប៉ុន្តែកីឡាការិនីទទួលបានសមិទ្ធផលច្រើនជាងបុរស។
លោក វ៉ាត់ ចំរើន បន្តឲ្យដឹងថា ទាំងនៅក្នុងតំបន់អាស៊ាន និងអាស៊ីបានដាក់គោលដៅជំរុញស្ត្រីឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ ក៏ដូចជាអន្តរជាតិឲ្យបានហោចណាស់៤០% ហើយស្ត្រីក៏ជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។ សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំង៨មីនាខាងមុខនេះមានស្ត្រីចុះឈ្មោះចូលរួមជាង៥០%ទៅហើយ ដូច្នេះស្ត្រីចូលរួមច្រើនជាងបុរសដែលជាផ្នែកមួយសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងកម្ពុជាបានឲ្យដឹងថា ការរត់ប្រណាំង៨មីនា ឆ្នាំ២០២៤ ពេលនេះទទួលបានការចុះឈ្មោះចូលរួមប្រកួតចំនួន២០៤០នាក់ហើយ ដែលជិតសម្រេចតាមគោលដៅកំណត់ចំនួន២៥០០នាក់។ ទន្ទឹមជាមួយគ្នានេះក៏មានការបញ្ជូនឈ្មោះជាបន្តបន្ទាប់ដើម្បីចូលរួម ដូច្នេះឆ្នាំនេះនឹងទទួលបានចំនួនអ្នកចូលរួមច្រើនជាង២លើកមុន។
ប្រធានគណៈកម្មការម៉ារ៉ាតុងកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះរួចរាល់ជាង២០០០នាក់គឺមានជនបរទេសជាង២០០នាក់។ ប្រជាជនកម្ពុជាបានចុះឈ្មោះចូលរួមការប្រកួតច្រើនជាង ប៉ុន្តែនិយាយពីជនបរទេសវិញគឺពលរដ្ឋចិនទាំងបុរស និងស្ត្រីបានចុះឈ្មោះច្រើនជាងប្រទេសផ្សេងៗ។ ក្រៅពីនេះ ក៏មានសហរដ្ឋអាមេរិក បារាំង ថៃ និងប្រទេសផ្សេងៗទៀត។

សម្រាប់ការចុះឈ្មោះចូលរួមប្រកួតគឺ១៥ដុល្លារសម្រាប់ចម្ងាយ១០គីឡូម៉ែត្រ និង១០ដុល្លារសម្រាប់ចម្ងាយ៤គីឡូម៉ែត្រ ដោយទទួលបានវត្ថុអនុស្សាវរីយ៍ ក៏ដូចស្លាកសញ្ញា និងមេដាយដែលត្រូវបានផលិតនៅក្រៅប្រទេស។
តាមការគ្រោងទុក វេលាម៉ោង៥ព្រឹកសម្រាប់ចម្ងាយ១០គីឡូម៉ែត្រចាប់ផ្តើមចេញដំណើរ និងម៉ោង៥:១០នាទីព្រឹកសម្រាប់ចម្ងាយ៤គីឡូម៉ែត្រចេញដំណើរពីឧទ្យានមុខវត្តឆ្ពោះទៅរដ្ឋសភាចាស់ ឆ្ពោះទៅវិថីសុធារស បត់ស្តាំឆ្ពោះទៅរូបសំណាក់សម្តេចព្រះសង្ឃរាជ ជូន ណាត រួចបត់ឆ្វេងតាមផ្លូវណាហ្គាវើលដ៍ឆ្ពោះទៅកោះពេជ្រ ឆ្ពោះទៅរង្វង់មូលកោះពេជ្រ។ សម្រាប់ចម្ងាយ១០គីឡូម៉ែត្របន្តឆ្លងស្ពានកោះនរា ទៅមុខឆ្ងាយទៀតទើបបត់ត្រឡប់ក្រោយវិញ ខណៈចម្ងាយ៤គីឡូម៉ែត្រមិនឆ្លងស្ពានកោះនរាទេគឺដល់រង្វង់មូលកោះពេជ្រត្រឡប់ក្រោយវិញ ឆ្ពោះទៅឆ្លងស្ពានហង្សកោះពេជ្របន្តទៅទីផ្តាច់ព្រ័ត្រនៅមុខវត្តបទុម៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត