កីឡា
កីឡាករព្រះខ័នរាជស្វាយរៀង៣រូបកំពុងបង្កើតការចាប់អារម្មណ៍ខ្លាំង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកាន់តែរឹងមាំក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ជុំទី៣ បន្ទាប់ពីសមាជិកក្រុមមួយចំនួនកាន់តែល្អប្រសើរបានធ្វើឲ្យក្រុមកាន់តែខ្លាំង។

ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber និងខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Gabriel Silva លេចធ្លោជាងគេតាំងពីដើមរដូវកាលរហូតដល់ឥឡូវនេះ ប៉ុន្តែមានកីឡាករមួយចំនួនទៀតបានរីកចម្រើនខ្លាំងមួយរយៈពេលចុងក្រោយ។
សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកីឡាករ៣រូបដែលកំពុងល្អ និងគួរឲ្យចាប់អារម្មណ៍របស់ព្រះខ័នរាជស្វាយរៀង។ ទី១ ខ្សែការពារ សារ៉េត គ្រីយ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសម្រាប់ទម្រងលេងរបស់គេ។ ក្នុងតួនាទីជាខ្សែការពារ រារាំងដៃគូមិនឲ្យស៊ុតចូលជាកត្តាដ៏ចាំបាច់ហើយ ប៉ុន្តែរូបគេរកបានគ្រាប់បាល់ជារឿយៗមួយរយៈពេលចុងក្រោយនេះដែលស្ទើរតែដូចខ្សែប្រយុទ្ធ។

កាលពីសប្តាហ៍ទី២២ គ្រីយ៉ា បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនៅពេលរូបគេរកបាន១គ្រាប់ក្នុងជំនួបដែលព្រះខ័នរាជស្វាយរៀងឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ២-៤។ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ រូបគេរកបាន១គ្រាប់ពេលព្រះខ័នរាជស្វាយរៀងឈ្នះណាហ្គាវើលដ៍ ៦-០។
ទី២ កីឡាករខ្មែរ-អាមេរិក Nick Taylor កាន់តែល្អៗទៅ បន្ទាប់ពីរូបគេស្គាល់បរិយាកាសបាល់ទាត់កម្ពុជា និងមិត្តរួមក្រុមកាន់តែច្បាស់។ រូបគេបានចូលរួមជាមួយព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាល២០២៣-២៤ ដោយបានបង្ហាញខ្លួនក្នុងការប្រកួត Pre-Season ហើយក៏រកបានគ្រាប់បាល់ជាបន្តបន្ទាប់។

សម្រាប់ការប្រកួតលីគកំពូលកម្ពុជាផ្លូវការកាលពីជុំទី១ រូបគេមិនទាន់រកបានគ្រាប់បាល់ទេ ប៉ុន្តែនៅតែទទួលបានការទុកចិត្តពីលោកគ្រូបង្វឹក Josep Muñoz សម្រាប់ជម្រើស១១នាក់ដំបូង។ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានប្រាប់«កម្ពុជាថ្មី»ថា ៖«គាត់ជាកីឡាករដ៏ល្អដែលមានកាយសម្បទាមាំមួន មានល្បឿនលឿន។ គាត់ជាកីឡាករយល់ច្បាស់ពីរបៀបលេងនៅលើទីលាន សហការជាមិត្តរួមក្រុមបានល្អ។ ការសម្រេចចិត្តរបស់គាត់លឿន ពេលត្រូវបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ពេលណាត្រូវមានចលនាបណ្តើរបាល់ ពេលណាត្រូវលើកបាល់ឲ្យមិត្តរួមក្រុម ឬទាត់ទីជាដើម»។

ការបង្ហាញទម្រង់លេងកាន់តែល្អ ទីបំផុត Nick Taylor រកបានគ្រាប់បាល់ដំបូងនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា នៅពេលព្រះខ័នរាជស្វាយរៀងយកឈ្នះគិរីវង់សុខសែនជ័យដោយលទ្ធផល ០-៤ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ចាប់តាំងពីរកបានគ្រាប់បាល់ រូបគេក៏រកបានគ្រាប់បន្តបន្ទាប់ទៀតតាមរយៈជំនាញស៊ុតជើងឆ្វេងយ៉ាងល្អគួរឲ្យចាប់អារម្មណ៍ និងជាកីឡាករ Assist បានច្រើនជាងគេ។
ទី៣ កីឡាករកូតាអាស៊ាន Bounkong Bounphachan មួយរយៈពេលចុងក្រោយនេះស្និទ្ធស្នាលនឹងទីលានលីគបាល់ទាត់កំពូលកម្ពុជា រហូតទទួលបានការទុកចិត្ត និងដាក់ឲ្យលេងជម្រើស១១នាក់ដំបូង។

កាលពីដើមរដូវកាល Bounkong ភាគច្រើនត្រូវបានលោក Muñoz ដាក់ឲ្យលេងក្នុងវគ្គទី២ ប៉ុន្តែការបង្ហាញខ្លួននៅវគ្គទី២ រូបគេបង្កើតសមិទ្ធផលល្អច្រើន។ នៅសប្តាហ៍ទី៥ រូបគេរកបានគ្រាប់បាល់ដំបូង នៅពេលព្រះខ័នរាជស្វាយរៀងយកឈ្នះអង្គរថាយហ្គឺរដោយលទ្ធផល ៥-២។ សប្តាហ៍ទី៦ រូបគេត្រូវបានដូរចូលវគ្គទី២ ក៏បង្កើត assist ឲ្យព្រះខ័នរាជស្វាយរៀងយកឈ្នះវិសាខា ១-០ ហើយក្រោយៗមកក៏រកបានគ្រាប់បាល់បន្តបន្ទាប់ទៀត។
កីឡាករ Bounkong បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការស្នាក់នៅក្នុងប្រទេសកម្ពុជាគឺមិនលំបាកទេសម្រាប់ខ្ញុំ។ ដោយសាររបៀបរស់នៅទីនេះមិនសូវខុសគ្នានឹងនៅឡាវ។ ម្ហូបអាហារ ការធ្វើដំណើរ ទំនាក់ទំនង សម្រាប់ខ្ញុំគឺមានអារម្មណ៍កក់ក្តៅ»។

ចំណែក លោក Josep Muñoz បាននិយាយថា ៖«Bounkoong ជាកីឡាករឆ្លាតវៃដែលយល់ច្បាស់ពីរបៀបលេងរបស់យើង។ គាត់មានទំនាក់ទំនងល្អ និងឧស្សាហ៍ហ្វឹកហាត់»។
គិតត្រឹមសប្តាហ៍ទី២២ ព្រះខ័នរាជស្វាយរៀង មាន៥៦ពិន្ទុ បន្ទាប់ពីឈ្នះ១៨ ស្មើ២ និងចាញ់២ នាំមុខ៧ពិន្ទុលើក្រុមលេខ២ ភ្នំពេញក្រោន ដែលមាន៤៩ពិន្ទុ។ ការប្រកួតជុំទី៣ នៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះ មុនពេលយកក្រុមកំពូលទាំង៤ (Top 4) ប្រកួតជុំទី៤ស្វែងរកជើងឯក៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ