កីឡា
ខ្វះលុយហាត់ជាបញ្ហាធំសម្រាប់ម្ចាស់មេដាយមាស ឈុន ប៊ុនថន ទៅអូឡាំពិក
ក្តីស្រមៃធំបំផុតរបស់អត្តពលកម្មកម្ពុជា ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺការចូលរួមប្រកួតកីឡាអូឡាំពិក ប៉ុន្តែកង្វះថវិកាសម្រាប់ការហ្វឹកហាត់ជាឧបសគ្គធំរារាំងដល់ដំណើរឆ្ពោះទៅក្តីស្រមៃនេះ។

ក្តីស្រមៃរបស់អត្តពលកម្មកម្ពុជារូបនេះក្នុងកីឡាស៊ីហ្គេមបានសម្រេចហើយ ប៉ុន្តែនៅក្តីស្រមៃធំពីរទៀតដែលរូបគេដាក់គោលដៅគឺកីឡាទ្វីបអាស៊ី (Asian Games) និងកីឡាអូឡាំពិក។ ការចូលរួមរបស់ ឈុន ប៊ុនថន ក្នុងកីឡាទ្វីបអាស៊ីកាលពីឆ្នាំ២០២៣ នៅប្រទេសចិនមិនទទួលបានលទ្ធផលប្រសើរឡើយដោយប្រើថិរវេលា១.៥០.៩៧វិនាទីដែលបានបំបែកកំណត់ត្រារបស់ខ្លួននៅស៊ីហ្គេម ប៉ុន្តែមិនគ្រប់គ្រាន់ប្រជែងជាមួយប្រទេសផ្សេងទូទាំងអាស៊ី។
លទ្ធផលមិនល្អនៅកីឡាទ្វីបអាស៊ី ឈុន ប៊ុនថន ត្រូវប្រកួតជម្រុះក្នុងតំបន់អាស៊ីទើបអាចឆ្ពោះទៅកីឡាអូឡាំពិកបាន។ កីឡាកររត់ប្រណាំងកម្ពុជារូបនេះបានប្រាប់ថា ៖«សម្រាប់កីឡាអូឡាំពិកជាក្តីស្រមៃមួយរបស់ខ្ញុំចាប់តាំងពីឆ្នាំលេងកីឡាឆ្នាំ២០១២។ លើកនេះ (ឆ្នាំ២០២៤) ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចទទួលបានឱកាសចូលរួមប្រកួតកីឡាអូឡាំពិក។ ការចូលរួមកីឡាអូឡាំពិក គេត្រូវការជាប់ជម្រុះ យើងអ្នកលេងចម្ងាយ៨០០ម៉ែត្រ ត្រូវមានថិរវេលាចាប់ពី១.៤៧នាទីចុះក្រោម ហើយសម្រាប់ខ្ញុំមានតែ១.៥០នាទី។ ទី២ ខ្ញុំមានមេដាយមាសស៊ីហ្គេមដែលខ្ញុំបានឈ្នះកាលពីឆ្នាំ២០២៣ជាកម្រិតមួយដែលចូលដែរ តែត្រូវការប្រកួតជម្រុះទៀត។ មួយទៀត ខ្ញុំត្រូវឆ្លងកាត់ការប្រកួត Asian Games នៅចិន ហើយបន្ទាប់មកបានយើងអាចឈានដល់កម្រិតអូឡាំពិក»។

ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបានតាំងចិត្តថា ការដាក់គោលដៅទៅអូឡាំពិក រូបគេខិតខំខ្លាំងមែនទែន។ ការកំណត់គោលដៅនេះត្រូវការជំនួយច្រើនសម្រាប់ការហ្វឹកហាត់។ ការហ្វឹកហាត់លំដាប់អូឡាំពិកគឺត្រូវការចំណាយច្រើន។
កីឡាករវ័យ៣០ឆ្នាំបានប្រាប់ថា ៖«សម្រាប់ទីតាំងហ្វឹកហាត់គឺមានល្អនៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែអ្វីដែលយើងខ្វះខាតគឺម្ហូបអាហារ ត្រូវការចំណាយច្រើនមែនទែន។ ម្ហូបអាហារឡើងថ្លៃ យើងពិបាកផ្គត់ផ្គង់ណាស់។ ការហ្វឹកហាត់សម្រាប់ការប្រកួតលំដាប់ពិភពលោក យើងត្រូវការអាហារូបត្ថម្ភខ្លាំងមែនទែនដូចជាប្រូតេអ៊ីន Electrolytes សម្រាប់ដាក់ទឹកញាំ ពីព្រោះអាហារទាំងនេះគឺជាអាហារវិទ្យាសាស្ត្រ Power Gel, Power Bar ជាដើមគឺសម្រាប់ការហ្វឹកហាត់រយៈពេលយូរ»។

«ការហ្វឹកហាត់អាជីពមិនមែនធ្វើត្រឹមតែ៤០នាទី ឬ១ម៉ោងទេ។ យើងត្រូវការហាត់២ទៅ៣ម៉ោងក្នុង១ថ្ងៃ។ អីចឹងការហ្វឹកហាត់មួយៗថ្ងៃច្រើនម៉ោង។ ដូចខ្ញុំហាត់នៅប្រទេសចិនគឺហាត់ខ្លាំង ហូបខ្លាំង ដេកខ្លាំង។ ៣មុខនេះគឺត្រូវដើរទន្ទឹមគ្នាទើបឈានដល់កម្រិតកំពូល»។ ឈុន ប៊ុនថន បញ្ជាក់។
ទោះបីជាយ៉ាងណា ឈុន ប៊ុនថន បានដាក់ចិត្តព្យាយាមហ្វឹកហាត់តាមលទ្ធភាពដែលមាន។ សព្វថ្ងៃនេះ រូបគេហ្វឹកហាត់តាមលទ្ធភាពដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជាមិនគ្រប់គ្រាន់ ប៉ុន្តែរូបគេនឹងប្រើអស់លទ្ធភាព។

ប្រសិនបើរូបគេមិនទទួលបានជោគជ័យសម្រាប់ការប្រកួតជម្រុះនៅតំបន់អាស៊ានដើម្បីឆ្ពោះទៅកីឡាអូឡាំពិក រូបគេមានឱកាសមួយទៀតគឺការចូលរួមក្នុងនាមជាសមាជិកបំពេញកាតព្វកិច្ច។ ជាទូទៅកីឡាអូឡាំពិកអនុគ្រោះឲ្យកីឡា២ប្រភេទចូលរួមក្នុងនាមជាសមាជិកគឺ អត្តពលកម្ម និង ហែលទឹក។ កីឡា២ប្រភេទនេះហៅថា Compulsory Sports ដែលគ្រប់សមាជិកត្រូវតែបញ្ជូនអត្តពលិកចូលរួមប្រកួត បើទោះបីជាមិនជាប់ជម្រុះក៏ដោយ។ ជាក់ស្តែងអតីតកីឡាការិនីហែលទឹក ហែមថុន វិទិនី មិនដែលបានជាប់វគ្គជម្រុះទេ ប៉ុន្តែនាងបានចូលរួមប្រកួតកីឡាហែលទឹកក្នុងកីឡាអូឡាំពិកកាលពីឆ្នាំ២០១២នៅប្រទេសអង់គ្លេស និងកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។
ឈុន ប៊ុនថន ជាកីឡាកររត់ប្រណាំងកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាសលើប្រភេទកីឡារត់ប្រណាំងក្នុងកីឡាស៊ីហ្គេម។ រូបគេបានប្រើថិរវេលា ១.៥២.៩១វិនាទីដើម្បីឈ្នះមេដាយមាសចម្ងាយ៨០០ម៉ែត្រដោយនាំមុខម្ចាស់មេដាយប្រាក់វៀតណាម Duong Duc Phuoc និងម្ចាស់មេដាយសំរិទ្ធរបស់ម៉ាឡេស៊ី Frederick Ramirez៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?