កីឡា
ឆ្នាំនេះ កម្ពុជាត្រៀមប្រកួតព្រឹត្តិការណ៍កីឡាធំ៣
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាត្រៀមខ្លួនរៀបចំ ក៏ដូចជាចូលរួមប្រកួតព្រឹត្តិការណ៍សំខាន់៣នៅក្នុងឆ្នាំ២០២៤ជាឆ្នាំចន្លោះគ្មានព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

កីឡាអូឡាំពិករដូវក្តៅ នៅប្រទេសបារាំង
តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជានឹងបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណា នៅមិនទាន់ច្បាស់ថា កម្ពុជានឹងបញ្ជូនកីឡាប៉ុន្មានប្រភេទទៅចូលរួម ពីព្រោះកីឡាអូឡាំពិក ទាល់តែតែជាប់ជម្រុះ ឬឈ្នះមេដាយកីឡាទ្វីបអាស៊ីទើបមានសិទ្ធិចូលរួមប្រកួតបាន។

ប្រសិនបើមិនជាប់វគ្គជម្រុះ ឬឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី កម្ពុជាអាចចូលរូមប្រកួត២ប្រភេទកីឡាគឺ ហែលទឹក និងអត្តពលកម្ម ក្នុងនាមជាសមាជិកបំពេញកាតព្វកិច្ច ពីព្រោះកីឡា២ប្រភេទត្រូវចូលរួមដាច់ខាត។
កីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦
កម្ពុជាត្រៀមខ្លួនបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី លើកទី៦ (6th Asian Indoor & Martial Games 2024) ចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាំងកក ប្រទេសថៃ។ សម្រាប់កីឡានេះ កម្ពុជាអាចនឹងបញ្ជូនច្រើនប្រភេទកីឡាដើម្បីចូលរួមប្រកួត។

កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២
ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាគឺ«កីឡាជាតិ»លើកទី៤ និង«កីឡាជាតិជនពិការ» លើកទី២ ឆ្នាំ២០២៤ តាមរយៈចំណារអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមលិខិតលេខ៦៥៦៥ អយក.រពកឡ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ពហុកីឡានេះតាំងពីដំបូងមកគឺដើម្បីឲ្យមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធមានបទពិសោធ ចំណេះដឹង ចំណេះធ្វើពីការរៀបចំព្រឹត្តិការណ៍កីឡាធំៗដើម្បីរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមកាលពីឆ្នាំ២០២៣។ បន្ទាប់ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣បានបញ្ចប់ កម្ពុជានៅតែបន្តរៀបចំព្រឹត្តិការណ៍កីឡាជាតិដើម្បីបង្កើនបច្ចេកទេស បទពិសោធ ចំណេះដឹង ចំណេះធ្វើបន្ថែមទៀត។ ជាពិសេសដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសកម្ពុជា។

កម្ពុជាធ្លាប់បានរៀបចំកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ លើកទី២ ឆ្នាំ២០១៨ និងលើកទី៣ ឆ្នាំ២០២២ ខណៈកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?