កីឡា
ស្វាគមន៍ នៅ ស្រីពៅ នឹងដាក់ពាក្យឈប់ធ្វើការនៅរោងកុនវិលចូលប្រដាល់វិញ
កីឡាការិនីពហុជំនាញ នៅ ស្រីពៅ នឹងដាក់ពាក្យលាឈប់ពីការងារនៅរោងកុនមួយកន្លែងដើម្បីវិលត្រឡប់ចូលអាជីពប្រដាល់វិញ បន្ទាប់ពីមានការធានាពីលោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ពីរថ្ងៃចុងក្រោយនេះមានការចាប់អារម្មណ៍ខ្លាំងចំពោះកីឡាការិនី នៅ ស្រីពៅ បន្ទាប់ពីនាងបានបង្ហាញអារម្មណ៍ពិតពាក់ព័ន្ធនឹងអាជីពប្រដាល់គ្មានទីផ្សាររហូតធ្វើឲ្យនាងបានឈប់ពីប្រដាល់កាលពីមួយឆ្នាំមុនដើម្បីធ្វើការនៅរោងកុនមួយកន្លែង។

ការមិនបានឡើងប្រកួតដោយសារគ្មានអ្នកចាប់គូឲ្យជាមូលហេតុចម្បងដែលជំរុញឲ្យនាងឈប់ពីប្រដាល់។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ កីឡាការិនីដែលវ៉ៃសកល គុនចម្រុះ ឃីកបុកស៊ីង និងគុនខ្មែរបានប្រាប់ថា ៖«ដូចដឹងស្រាប់ហើយ ខ្ញុំខំប្រឹងហាត់ពីមុន អត់មានទីផ្សារប្រកួត។ ណាមួយ ខ្ញុំអត់មានក្របខណ្ឌដូចគេ។ គេមានក្របខណ្ឌ ទោះគេអត់បានប្រកួត ក៏គេមានលុយផ្គត់ផ្គង់ដែរ តែខ្ញុំវិញអត់បានប្រកួត គឺអត់លុយចាយ»។

កាលពីល្ងាចមិញនេះ លោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធានារៀបចំឲ្យ នៅ ស្រីពៅ ទទួលបានឱកាសឡើងប្រកួតទៀងទាត់វិញ ប្រសិនបើកីឡាការិនីរូបនេះវិលត្រឡប់ចូលសង្វៀនវិញ។
លោកអនុប្រធានគុនខ្មែរបានរៀបរាប់ថា ៖«ខ្ញុំគាំទ្រឲ្យ ស្រីពៅ ត្រឡប់មកហ្វឹកហាត់ និងឡើងសង្វៀនប្រកួតវិញ។ ខ្ញុំធានាថា នឹងសម្របសម្រួលក្នុងការចាប់គូឲ្យស្រីពៅបានឡើងប្រកួតទៀងទាត់។ សហព័ន្ធកំពុងត្រៀមពិភាក្សាជាមួយស្ថានីយ៍ទូរទស្សន៍ និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីកំណត់គោលការណ៍ឲ្យស្ថានីយ៍ទូរទស្សន៍ទាំងអស់ ត្រូវរៀបចំឲ្យមានគូយុវជនថ្នាល និងគូកីឡាការិនីយ៉ាងតិច១គូ សម្រាប់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ប្រចាំសប្តាហ៍»។

ឃើញដំណឹងដ៏ល្អនេះ នៅ ស្រីពៅ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ខ្ញុំនឹងវិលចូលសង្វៀនវិញ តែខ្ញុំដាក់ពាក្យឈប់ពីកន្លែងធ្វើការសិន»។
នៅ ស្រីពៅ ជាកីឡាការិនីប្រដាល់ម្នាក់ដែលបានធ្វើឲ្យល្បីសុះសាយលើឆាកអន្តរជាតិនៅពេលបានយកឈ្នះកីឡាការិនីថៃ Rika Ishige កាលពីឆ្នាំ២០១៩ នៅសង្វៀន ONE Championship ។ បន្ទាប់មកនាងបានប្រកួតចាញ់ពិន្ទុកីឡាការិនីឥណ្ឌូណេស៊ Priscilla និងចាញ់កីឡាការិនីឥណ្ឌា Ritu Phogat។

អតីតកម្មការិនីរោងចក្រកាត់ដេរដែលមានជំនាញប្រដាល់សកល គុនខ្មែរ ឃីកបុកស៊ីង និងគុនចម្រុះបានផ្ទុះល្បីខ្លាំងនៅពេលប្រកួត Lethwei នៅប្រទេសមីយ៉ាន់ម៉ាចន្លោះឆ្នាំ២០១៧-២០១៨ នៅប្រទេសមីយ៉ាន់ម៉ាដោយបានប្រកួត២ដងគឺឈ្នះទាំង២ដង ហើយត្រូវបានជ្រើសរើសជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨។
សមិទ្ធផលសំខាន់របស់នាងគឺឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Kun Khmer World Champion ឈ្នះមេដាយមាសប្រដាល់សកលថ្នាក់ជាតិជាច្រើនលើក និងឈ្នះមេដាយសំរិទ្ធស៊ីហ្គេម។ កាលពីខែមករា ឆ្នាំ២០២៤ កីឡាការិនីរូបនេះបានរៀបការជាមួយកីឡាករ សុខ រិទ្ធ ជាម្ចាស់មេដាយមាសឃីកបុកស៊ីងជើងឯកអាស៊ីឆ្នាំ២០២២ និងបានឈ្នះមេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី