កីឡា
កីឡាការិនីឆ្នើម ប៉ាល់ ឆរស្មី រៀបរាប់ពីការចាប់អាជីពថតរូប
កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្មី កំពុងចាប់អាជីពជាអ្នកសារព័ត៌មានកីឡាដោយកំពុងផ្តោតលើជំនាញថតរូប បន្ទាប់ពីបានចូលក្របខណ្ឌរដ្ឋនៅក្នុងអង្គភាពកីឡារបស់ក្រសួងមហាផ្ទៃ។

នៅពេលទទួលកីឡាករ ឈឿង ល្វៃ មកពីទីក្រុងហុងកុង ប៉ាល់ ឆរស្មី អត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា មុនពេលចាប់អាជីពកីឡា រូបនាងស្រឡាញ់ការងារសារព័ត៌មានជាពិសេសផ្នែករូបតាំងពីតូច ប៉ុន្តែមិនមានឱកាស ដោយសារជាប់ដៃនឹងអាជីពកីឡា។ ទោះជាយ៉ាងណា បន្ទាប់ពីចូលក្របខណ្ឌរដ្ឋ ស្ថិតនៅក្រុមប្រឹក្សាកីឡារបស់ក្រសួងមហាផ្ទៃការិយាល័យព័ត៌មាន ដូច្នេះក៏ជ្រើសរើសយកផ្នែកថតរូបស្របតាមក្តីស្រឡាញ់របស់ខ្លួន។
«ឥឡូវនេះ ខ្ញុំចេញទៅយកព័ត៌មានជាមួយក្រុមការងារ ស្របពេលក្រសួងមហាផ្ទៃមានការប្រកួតបាល់ទាត់ពានរង្វាន់របស់ក្រសួង។ ជាដំបូងខ្ញុំចាប់យកផ្នែកថតរូប ដោយមានបងៗជួយបង្ហាត់បង្រៀនផ្នែកថត»។ ប៉ាល់ ឆរស្មី បានរៀបរាប់ និងបានបញ្ជាក់ថា បន្ទាប់ពីយល់ដឹងពីរបៀបថតរូបបានច្រើន រូបនាងនឹងរៀនពីរបៀបសរសេរអត្ថបទថែមទៀត។

ម្ចាស់មេដាយមាសស៊ីហ្គេម អាស៊ី និងពិភពលោកច្រើនគ្រឿងបានបន្តថា សម្រាប់ការចាប់ផ្តើមការងារផ្នែកថតរូបនេះមិនមែនមានអ្វីពិបាកខ្លាំងសម្រាប់រូបនាងឡើយ ពីព្រោះជាការងារដែលខ្លួនស្រឡាញ់តាំងពីតូច។ អ្វីដែលប្លែកគឺអារម្មណ៍ធ្លាប់តែត្រូវបានគេសម្ភាស និងថត ប៉ុន្តែពេលនេះមានអារម្មណ៍ប្លែកមួយទៀតដែលតាមថត និងសម្ភាសគេវិញ។
ប៉ាល់ ឆរស្មី បានប្រាប់ថា ៖«ខ្ញុំអត់មានភ័យខ្លាចអីទេ តែអារម្មណ៍ប្លែក ព្រោះខ្ញុំធ្លាប់តែដើរចេញមក គេសម្ភាសយើង តែឥឡូវនេះ ខ្ញុំតាមថត តាមសម្ភាសគេវិញ មានអារម្មណ៍ពិសេសប្លែក»។ ទោះបីជាយ៉ាងណា មិនថាក្លាយជាអ្នកសារព័ត៌មាន ឬជាអ្នកកីឡាទេ កីឡាការិនីរូបនេះនៅតែបន្តឆន្ទៈដើម្បីរួមចំណែកអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជាដដែល។

ក្រោយចប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កីឡាការិនី ប៉ាល់ ឆរស្មី បានពិចារណាឈប់ពីកីឡាការិនីដើម្បីក្លាយជាគ្រូបង្វឹកដើម្បីចែករំលែកចំណេះជំនាញដល់ក្មេងជំនាន់ក្រោយ ដោយសារមានវ័យកាន់ច្រើន។ ប៉ុន្តែរហូតដល់ពេលនេះ រូបនាងនៅមិនទាន់ឈប់ពីអាជីពកីឡាការិនីទេគឺនៅតែបន្តដោយសារខាងសហព័ន្ធមិនទាន់មានផែនការបង្កើនចំនួនគ្រូបង្វឹកទេ។
ប៉ាល់ ឆរស្មី បានប្រាប់ថា ៖«ត្រៀមប្រមូលផ្តុំជាថ្មីខាងមុខ ខ្ញុំនៅតែជាកីឡាការិនីដដែល ដោយសារឆ្នាំនេះមានផែនការកាត់បន្ថយកីឡាករ កីឡាការិនី គ្រូបង្វឹក ហើយខាងសហព័ន្ធក៏អត់មានលើកបេក្ខភាពគ្រូបង្វឹកដែរ»។

ប៉ាល់ ឆរស្មី បានឈ្នះមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងក្លាយជាអត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍។ ក្រៅពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រូបនាងបានឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ពីកីឡាស៊ីហ្គេម ជើងឯកអាស៊ី និងជើងឯកពិភពលោកជាច្រើនទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ