កីឡា
ការងារលេចធ្លោ លោក ខូវ ឆាយ ប្តេជ្ញានាំគុនខ្មែរឈានដល់កម្រិតពិភពលោក
លោក ខូវ ឆាយ បានក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីអតីតប្រធានលោក តែម ម៉ឺន បានលាឈប់ក្នុងពាក់កណ្តាលអាណត្តិទី៧ និងក្រោយពេលលោកបានក្លាយជាអនុប្រធានទី១ត្រឹមតែ៤ខែ។

បុរសវ័យ៤២ឆ្នាំរូបនេះត្រូវបានតែងតាំងជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីត្រូវបានតែងតាំង លោកបានធ្វើសកម្មភាពការងារគួរឲ្យកត់សំគាល់ និងទទួលបានការកោតសរសើរពីអ្នកគាំទ្រកីឡាប្រដាល់។ អ្វីដែលពិសេសគឺលោកហ៊ានចេញមុខដោះស្រាយជាសាធារណៈភ្លាមៗចំពោះការងារអសកម្មដែលបានកើតមានប្រចាំសប្តាហ៍។
ជាក់ស្តែង លោក ខូវ ឆាយ បានចេញមុខដោះស្រាយករណីកីឡាការិនី នៅ ស្រីពៅ បានឈប់ពីកីឡាប្រដាល់ ដោយសារតែគ្មានការចាប់គូឲ្យនាងឡើងប្រកួត។ លោកបានចេញមុខធានាជាសាធារណៈក្នុងការសម្របសម្រួលឲ្យ នៅ ស្រីពៅ ទទួលបានឱកាសឡើងប្រកួតទៀងទាត់។

លោកបានចេញមុខដោះស្រាយចំពោះលទ្ធផលនៃការប្រកួតរវាងកីឡាករ ធន់ រិទ្ធី និងកីឡាករថៃ សៃយុគ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា បើទោះបីជាការប្រកួតនោះដណ្តើមខ្សែក្រវាត់។ ករណីនេះ លោកបានចេញមុខធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺដល់មហាជន។
លោក ខូវ ឆាយ ធ្លាប់បាននិយាយថា លោកមិនអនុញ្ញាតឲ្យកម្មវិធីប្រដាល់នីមួយៗប្រមូលយកតែកីឡាករល្អៗ លំដាប់ជួរមុខដើម្បីប្រកួតនោះទេ។ លោកនឹងរៀបចំឲ្យមានគូឯក គូសំខាន់ គូថ្នាល និងមានគូនារីថែមទៀត។

ក្រៅពីដោះស្រាយការងារចាំបាច់កើតមានប្រចាំសប្តាហ៍ លោកក៏តែងតែចេញមុខចុះទៅសួរសុខទុក្ខតាមបណ្តាក្លិបប្រដាល់ ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនីដែលមានបញ្ហាជាដើម។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមុនៗមិនសូវចេញមុខដោះស្រាយជាសាធារណៈ ឬតាមបណ្តាញទំនាក់ទំនងសង្គមឡើយ។ ផ្ទុយទៅវិញ លោក ខូវ ឆាយ ជាបុគ្គលម្នាក់ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីតាមដានរាល់សកម្មភាពកីឡាប្រដាល់ និងចេញមុខដោះស្រាយទាន់ពេលវេលា។

ការចេញមុខធ្វើសកម្មភាពការងារទទួលបានការកោតសរសើរពីមហាជន លោក ខូវ ឆាយ ក៏ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ រហូតដល់ចប់អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥)។
បន្ទាប់ពីទទួលបានការងារដែលរវល់រាល់ចុងសប្តាហ៍ លោក ខូវ ឆាយ បានអរគុណដល់គណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកគាំទ្រដែលផ្តល់សេចក្តីទុកចិត្តដល់លោក។

លោកមានប្រសាសន៍ថា ៖«ខ្ញុំប្តេជ្ញានឹងពុះពារគ្រប់ឧបសគ្គដើម្បីចូលរួមជាមួយបងប្អូនទាំងអស់គ្នា ដឹកនាំនាវាគុនខ្មែរមួយនេះឲ្យរីកចម្រើនឈានឡើងដល់កម្រិតពិភពលោក មិនឲ្យចាញ់ប្រទេសជិតខាងយើងឡើយ។ ឲ្យតែយើងរួបរួមគ្នា ចាប់ដៃគ្នា ឈរលើស្មារតីដើម្បីផលប្រយោជន៍រួម ខ្ញុំជឿជាក់ថា យើងនឹងអាចធ្វើបានជាក់ជាមិនខាន»។
សូមបញ្ជាក់ថា ក្រៅពីតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ជាអគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ដែលមានក្លិប និងកីឡាជាច្រើនប្រភេទ៕




អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី