កីឡា
ភក្តី ជាគុនខ្មែរទី១ប្រកួតនៅ Knock Out ប៉ះម្ចាស់ខ្សែក្រវាត់រសៀលនេះ
កីឡាករ ភក្តី គុនខ្មែរ បានក្លាយជាកីឡាករប្រដាល់កម្ពុជាទី១ត្រូវប្រកួតនៅសង្វៀនជប៉ុន Knock Out ដែលអាចនឹងបើកទ្វារសម្រាប់កីឡាករគុនខ្មែរផ្សេងទៀតទៅប្រកួតនៅទឹកដីជប៉ុន ប្រសិនបើរូបគេធ្វើបានល្អ។

សង្វៀនប្រដាល់ជប៉ុនភាគច្រើនគឺនាំយកកីឡាករថៃ ចិន និងអឺរ៉ុបទៅប្រកួតនៅក្នុងប្រទេសរបស់ខ្លួន។ ជាពិសេសសង្វៀនដ៏ធំរបស់ជប៉ុន Knock Out មិនដែលបាននាំយកកីឡាករគុនខ្មែរទៅប្រកួតនៅទីនោះទេ។ នេះជាលើកទី១ដែលកីឡាករគុនខ្មែរទៅប្រកួតនៅទីនោះប៉ះកីឡាករ Shibata Shingo ជាម្ចាស់ខ្សែក្រវាត់ប្រចាំសង្វៀន Knock Out នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា។

កីឡាករ Shibata Shingo មានប្រវត្តិប្រកួតចំនួន៣៨ដង ក្នុងនោះឈ្នះ២៥ដង ចាញ់១១ដង និងស្មើ២ដង។ ភាគច្រើនរូបគេប្រកួតនៅក្នុងស្រុក ប៉ុន្តែការប្រកួត៣ដងនៅសង្វៀន ONE ក្នុងប្រទេសថៃ រូបគេឈ្នះ១ដង និងចាញ់២ដង។
កីឡាករជប៉ុនរូបនេះអាយុ២៨ឆ្នាំមានកម្ពស់១.៨៣ម៉ែត្រដែលមានប្រៀបលើ ភក្តី គុនខ្មែរ មានកម្ពស់១.៧៣ម៉ែត្រ ធ្លាប់ប្រកួតបាន៩១ដង ក្នុងនោះឈ្នះ៧៧ដង ចាញ់១១ដង និងស្មើ៣ដង។
ភក្តី ជាកីឡាករម្នាក់ដែលស៊ូ ធន់ និងមានទឹកចិត្តក្លាហានក្នុងការតទល់ជាមួយដៃគូ ប៉ុន្តែអាវុធរបស់គេមិនសូវមានទម្ងន់ និងក្បាច់វ៉ៃស្មើគ្នា ដែលអាចនិយាយបានថា មិនមានក្បាច់សម្លាប់ណាមួយគ្រោះថ្នាក់គួរឲ្យកត់សំគាល់ទេ។

Shibata Shingo ដែលជាម្ចាស់ខ្សែក្រវាត់ WMC NKF នៅប្រទេសជប៉ុនក៏មានអាវុធស្រាល និងមិនសូវស៊ូធន់ប៉ុន្មានទេ។ ការប្រកួតចុងក្រោយត្រូវបានកីឡាករវ័យក្មេងថៃអាយុ១៧ឆ្នាំ Kwanmuang វាយឲ្យសន្លប់នៅដើមទឹកទី១។ រូបគេធ្លាញ់ពិន្ទុកីឡាករថៃ Wor Chakrawut ដែលធ្លាប់ស្មើពិន្ទុកីឡាករកម្ពុជា ផល សោភ័ណ្ឌ និង ឈ្នះពិន្ទុ មឿន សុខហ៊ុច។
ឃើញថា មួយរយៈពេលចុងក្រោយនេះ កីឡាករចិន និងជប៉ុនបានមកប្រកួតច្រើននៅកម្ពុជាដោយបានកោតសរសើរពីកីឡាគុនខ្មែរ។ ជាមួយគ្នានេះ កីឡាករកម្ពុជាក៏បានចេញទៅប្រកួតនៅប្រទេសចិនច្រើន ហើយឥឡូវនេះ ភក្តី គុនខ្មែរ បានចេញទៅប្រកួតនៅជប៉ុនថែមទៀត។ ដូច្នេះនៅពេលខាងមុខកីឡាករគុនខ្មែរកាន់តែច្រើនទៅប្រកួតនៅចិន និងជប៉ុន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ