កីឡា
ធឿន ធារ៉ា ស័ក្តិសមជា«ស្តេចប្រដាល់» ក្រោយមានឈ្មោះក្នុង Forbes?
ការមានឈ្មោះនៅក្នុងបញ្ជីទស្សនាវដ្តី«Forbes»គឺជាផលចំណេញច្រើនបំផុតសម្រាប់កីឡាប្រដាល់គុនខ្មែរ ខណៈកីឡាករ ធឿន ធារ៉ា បានក្លាយជាអត្តពលិកខ្មែរដំបូងគេបង្អស់ត្រូវបានជាប់ឈ្មោះក្នុងស្ថាប័នផ្សព្វផ្សាយដ៏ល្បីទូទាំងពិភពលោកមួយនេះ។

ទស្សនាវដ្តីសហរដ្ឋអាមេរិកដ៏ល្បី Forbes បានចាត់ ធឿន ធារ៉ា ចូលក្នុងបញ្ជី «30 Under 30 Asia Class of 2024» ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូលចំនួន៣០រូបដែលមានអាយុក្រោម៣០ឆ្នាំ។
ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីនេះបានសរសេរខ្លីពីថា ៖«ទោះបីជាគុនខ្មែរមិនសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចកីឡាមួយថៃ ប៉ុន្តែ ធឿន ធារ៉ា កំពុងធ្វើឲ្យពិភពលោកទទួលស្គាល់ និងបានឈ្នះខ្សែក្រវាត់លំដាប់កំពូលៗនៅប្រទេសទាំងពីរ។ ចាប់តាំងពីរូបគេអាយុ១០ឆ្នាំ ធារ៉ា បានធ្វើការរកលុយជួយផ្គត់ផ្គង់គ្រួសារទាំងនៅកម្ពុជា និងជាពលករអន្តោប្រវេសន៍នៅថៃ រហូតដល់ពេលរូបគេបានចូលហ្វឹកហាត់ក្នុងក្លិបប្រដាល់គុនខ្មែរមួយនៅទីក្រុងភ្នំពេញនៅពេលអាយុ១៥ឆ្នាំ។ ឆ្នាំ២០១៨ គាត់បានប្រកួតក្នុងក្រុមជម្រើសជាតិគុនខ្មែរ និងខែមករា ឆ្នាំ២០២៣ ធឿន ធារ៉ា បានផ្តួលកីឡាករថៃកំពូល២រូបតាមរយៈកណ្តាប់ដៃពិឃាតដើម្បីក្លាយជាអត្តពលិកកំពូលនៅក្នុងពិភពប្រដាល់»។

តាមរយៈសមត្ថភាព កេរ្តិ៍ឈ្មោះ និងសមិទ្ធផលនាប៉ុន្មានឆ្នាំចុងក្រោយ ធឿន ធារ៉ា ពិតជារួមចំណែកច្រើនណាស់ក្នុងជំរុញ អភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកទទួលស្គាល់។ អាចនិយាយបានថា រូបគេជាកំពូលកីឡាករឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលស័ក្តិមនឹងទទួលរហស្សនាម ឬងារពិសេសណាមួយដើម្បីជាការជំរុញទឹកចិត្តទ្វេរឡើង។
នៅក្នុងអាជីពប្រដាល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ធឿន ធារ៉ា បានបង្កើតភាពអស្ចារ្យជាច្រើនសម្រាប់កេរ្តិ៍ឈ្មោះគុនខ្មែរ។ រូបគេបានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារអាមេរិក។
នៅសង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។

អ្នកគាំទ្រខ្មែរមួយចំនួនបាននាំគ្នាហៅកីឡាករ Buakaw ជាស្តេចប្រដាល់ស្រុកថៃ និងហៅកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ជាស្តេចប្រដាល់មីយ៉ាន់ម៉ា ប៉ុន្តែនៅកម្ពុជាមិនទាន់មានកីឡាករណាម្នាក់ត្រូវបានដាក់រហស្សនាមថា «ស្តេចប្រដាល់គុនខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសមទទួលបានរហស្សនាម«ស្តេចប្រដាល់គុនខ្មែរ»ទេ? ពិធីករបរទេសដែលបានមកអត្ថាធិប្បាយនៅកម្ពុជាគឺលោក Whitelaw បានបង្ហោះលើគណនី IG ពីកីឡាករ ធឿន ធារ៉ា ពាក់ម្កុដ ដែលជាសញ្ញាថា ស្តេចប្រដល់គុនខ្មែរ។
ប្រសិនបើ ធឿន ធារ៉ា ត្រូវបានមហាជនហៅ«ស្តេចប្រដាល់» រឹតតែល្អ ពីព្រោះគ្មានអ្វីខាតបង់ទេ។ ផ្ទុយទៅវិញជាការលើកទឹកចិត្ត ជំរុញផ្សព្វផ្សាយ ហើយយូរៗជនបរទេសរួមទាំងអ្នកសារព័ត៌មានអន្តរជាតិនាំគ្នាហៅ ឬសរសេរ King of Kun Khmer ដូច្នេះ«គុនខ្មែរ»កាន់តែល្បីលើឆាកអន្តរជាតិ៕

សមិទ្ធផលខ្លះៗដែល ធឿន ធារ៉ា ទទួលបាន
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
- ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
- ខ្សែក្រវាត់ និងពានរង្វាន់ជាច្រើនទៀត

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច