Connect with us

កីឡា

គោលដៅសំខាន់២ កម្ពុជា​ត្រូវការឈ្នះ ម៉ុងហ្គោលី ល្ងាចនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​មាន​គោល​ដៅ​សំខាន់​២​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជា​មួយ ម៉ុងហ្គោលី វេលាម៉ោង​៦​ល្ងាច ថ្ងៃសុក្រ ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជា​លើក​ទី២​ហើយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា។ លើក​ទី១​ ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ដោយ​លទ្ធផល ១-១ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពីឆ្នាំ២០១៩ ដែល​ពេល​នោះ​ ក្រុមភ្ញៀវម៉ុងហ្គោលី បានបើកការនាំមុខ ០-១ នៅនាទី២១ ប៉ុន្តែ​នៅ​នាទី៣៥ កីឡាករ កែវ សុខផេង របស់កម្ពុជាធ្វើសម្រេចតាមស្មើវិញ ដោយបាល់ពិន័យ១១ម៉ែត្រ។

ទី១ ការ​បង្កើន​ទំនុក​ចិត្ត

ថ្វី​បើ​ការ​ប្រកួត​មិត្តភាព​​ដក​ស្រង់​បទ​ពិសោធ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ​រៀង​ៗ​ខ្លួន​ដោយ​ផ្តោត​លើ​​គោល​ដៅ​សំខាន់​ពីរ​យ៉ាង។ ជ័យជម្នះ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ខ្លួន​ឯង។ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ខក​ចិត្ត​ខ្លាំង​មែន​ទែន​ពី​ការ​ធ្លាក់​ចេញ​ពី​ជម្រុះ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២៦ តាំង​ពី​ជុំ​ដំបូង​ដោយ​ចាញ់​ប៉ាគីស្ថាន។ ៥​ប្រកួត​ចុង​ក្រោយ កម្ពុជា​ស្មើ​១ និង​ចាញ់​៤ មិន​ស្គាល់​ជ័យជម្នះ​សោះ។

តាម​រយៈ​លទ្ធផល​មិន​ល្អ​ប្រសើរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ស្ទើរ​តែ​រក​ទម្រង់​ប្រកួត​ណា​មួយ​ឲ្យ​មាន​​ការជឿ​ជាក់ និង​​ស្មារតី​ប្រកួត​រឹង​មាំ​ឡើយ ដូច្នេះ​ការ​ប្រកួត​មិត្តភាព​លើក​នេះ​ពិត​ជា​ចាំ​បាច់​ណាស់​ក្នុង​ការ​បង្កើន​ភាព​ជឿ​ជាក់ ទំនុក​ចិត្ត និង​ក្តី​សង្ឃឹម​សម្រាប់​ការ​ប្រកួត​សំខាន់​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ដោយ​ត្រូវ​ជួប​ ស្រីលង្កា ក្នុង​ជម្រុះ​ជើង​ឯក​អាស៊ី 2027 AFC Asian Cup។

ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាបខ្មែរ-អាមេរិក Nick Taylor បាន​និយាយ​​ថា ៖«ការ​ប្រកួត​មិត្តភាព​នេះ យើង​ត្រូវ​ការ​ជ័យជម្នះ ពី​ព្រោះ​ជ័យជម្នះ​នឹង​ផ្តល់​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ជឿ​ជាក់​លើ​ខ្លួន​ឯង​សម្រាប់​ការ​ប្រកួត​ជម្រុះ Asian Cup»។

ទី​២ ការ​ស្តាទឹក​ចិត្ត​អ្នក​គាំទ្រ​ឡើង​វិញ

ក្រុម​កម្ពុជា​ត្រូវ​ការ​ជ័យជម្នះ​ដើម្បី​ស្តា​អ្នក​គាំទ្រ​​ឡើង។ តាម​រយៈ​លទ្ធផល​មិន​ល្អ​ទាំង​ក្រុម​ជម្រើស​ជាតិ​ធំ និង​ក្រុម​យុវជន​បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​អ្នក​គាំទ្រ​ហាក់​ដូច​ជា​ថយ​ចុះ​ខ្លះ​នៅ​ពេល​មាន​ការ​ប្រកួត​របស់​កម្ពុជា។ ជាក់​ស្តែង​ ការ​ប្រកួត​របស់​កម្ពុជា​ប៉ុន្មាន​លើក​ចុង​ក្រោយ​​​មាន​ការ​ថយ​ចុះ​ចំនួន​អ្នក​គាំទ្រ​គួរ​ឲ្យ​កត់​សំគាល់ បើ​ប្រៀប​ធៀប​នឹង​កីឡា​ប្រដាល់ និង​បាល់ទះ​កំពុង​កើន​ឡើង។

សូម្បី​កីឡាករ​ជម្រើស​ជាតិ​ផ្ទាល់​ក៏​បាន​និយាយ​​ពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ។ ខ្សែ​ប្រយុទ្ធ សៀង ចន្ធា បាន​និយាយ​ថា ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​ ដូច្នេះ​ត្រូវ​តែ​រ​ក​ជ័យជម្នះ​ឲ្យ​បាន​​ដើម្បី​ស្តា​ទឹក​ចិត្ត​អ្នក​គាំទ្រ​ឡើង​វិញ។

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម៉ុងហ្គោលី​នេះ​ធ្វើ​ឡើង​ពីរ​លើក​គឺ​លើក​ទី១ ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ទឹក​ដី​កម្ពុជា និង​លើក​ទី​២ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ទឹក​ដី​ម៉ុងហ្គោលី​វិញ​ម្តង។

ក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី​ដែល​ចាញ់​៥​លើក​ចុង​ក្រោយ​ក៏​ត្រូវ​ការ​ជ័យជម្នះ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ខ្លួន​ឯង​ដែរ ខណៈ​ពួក​គេ​ក៏​មាន​កាតព្វកិច្ច​ជម្រុះ 2027 AFC Asian Cup ដូច​កម្ពុជា​ដែរ​ដោយ​ត្រូវ​ជួបទីម័រ​ខាង​កើត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម