Connect with us

កីឡា

លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»

បានផុស

នៅ

លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​មិន​​អនុញ្ញាត​ឲ្យ​កីឡាករ Dave Leduc ប្រកួត​គុន​ខ្មែរ​ដាច់​ខាតនៅ​លើ​ទឹក​ដី​កម្ពុជា​ ដរាប​ណា​លោក​នៅ​តែ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ? បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ។ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរង់ចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ»។

បើ​តាម​បទ​សម្ភាស​ លោក ខូវ ឆាយ បាន​លើក​ឡើង​ពី​មូលហេតុ​ជា​ច្រើន​​ដែល Dave Leduc ជា​បុគ្គល​មិន​គួរ​ឲ្យ​ទុក​ចិត្ត។ ជាក់​ស្តែង នៅ​ពេល​ប្រកួត​ជា​មួយ ព្រុំ សំណាង ​ដល់​ម៉ោង​ប្រកួត​ហើយ ស្រាប់​តែ​ប្រែ​ក្រឡាស់​ទៅ​ជា​​អត់​ប្រើ​ហ្កង់​វិញ ដោយ​ទាម​ទារ​រុំអំបោះឆៅ​វិញ​ដែល​ខុស​ពី​គោលការណ៍​ពី​ដំបូង។ ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​ ព្រុំ សំណាង សុខ​​ចិត្ត​ធ្វើ​តាម។ លោកប្រធាន​គុន​ខ្មែរ​បញ្ជាក់​ថា Leduc ជា​បុគ្គល​មិន​​គួរឲ្យ​ទុក​ចិត្ត​ដែល​មិន​អាច​ធ្វើ​ការ​ជា​មួយ​បាន​ទេ។

កន្លង​មក Dave Leduc ត្រូវ​បាន​គេ​ប្រកាស​ជា​ញឹក​ញាប់​អំពី​ខ្លួន​ឯង​ជា​ស្តេច​ប្រដាល់ រួម​ទាំង​ស្តេច​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ បន្ទាប់​ពី​ប្រកួត​ជា​មួយ​​ ព្រុំ សំណាង។ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​គេ​បាន​ទារ​តម្លៃ​ខ្លួន​ដល់​១​លាន​ដុល្លារ​ដើម្បី​ឡើង​ប្រកួត និង​ផ្តួល​កីឡាករ​ថៃ ប៉ុន្តែ​ប្រការ​នេះ​បាន​ធ្វើ​​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មិន​ពេញ​ចិត្ត។ លោក ខូវ ឆាយ​ បាន​បញ្ជាក់​ថា កីឡា​គឺ​ជា​មិត្តភាព សាមគ្គីភាព និង​មិន​យក​ប្រទេស​ណា​ជស​ត្រូវ​ទេ ហើយ​កីឡាករ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស។

កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ឧសភា Dave Leduc បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​មួយ​នៅ​កោះពេជ្រ រូប​គេ​បាន​ឲ្យ​​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាគីអាវ ធ្វើ​សកម្មភាព​អំពី​សញ្ជា​កីឡា​ឡេវី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថែម​ទៀត។ ប្រការ​នេះ​ក៏​មិន​មែន​ជា​សញ្ញា​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម