កីឡា
ព្រុំ សំណាង ប៉ះកីឡាករបារាំង Reda ជាម្ចាស់ខ្សែក្រវាត់ពិភពលោក៣ស្ថាប័ន
កីឡាករគុនខ្មែរ ព្រុំ សំណាង ប្រឈមនឹងជើងខ្លាំងបារាំង Reda Oudgou ក្នុងជំនួបមិត្តភាពអន្តរជាតិទម្ងន់៨១គីឡូក្រាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំងដែលនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ BTV។

ជំនួបនេះអាចចាត់ទុកជាការងារដ៏ធ្ងន់បំផុតសម្រាប់កីឡាករកម្ពុជាដែលជួបដៃគូជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ពិភពលោក៣ស្ថាប័នផ្សេងគ្នា និងជាម្ចាស់ខ្សែក្រវាត់ថ្នាក់ជាតិបារាំង៣ខ្សែ។
កីឡាករ Reda Oudgou បានចាប់ផ្តើមហ្វឹកហាត់កីឡាឃីកបុកស៊ីង និងគុនចម្រុះតាំងពីតូចដោយបានប្រកួតដំបូងជាអ្នកស្ម័គ្រចិត្តរហូតក្លាយជាកីឡាករអាជីព។ បច្ចុប្បន្នរូបគេមានអាយុ៣៣ឆ្នាំ កម្ពស់១.៨៧ម៉ែត្រ និងទម្ងន់៨១គីឡូក្រាម។

បន្ទាប់ពីជោកជាំក្នុងការប្រកួតលក្ខណៈស្ម័គ្រចិត្ត រូបគេបានចាប់ផ្តើមប្រកួតអាជីពស្ទើរទូទាំងពិភពលោក ជាពិសេសនៅតំបន់អឺរ៉ុបតែម្តង។ រហូតដល់ពេលនេះ រូបគេបានឆ្លងកាត់បទពិសោធលើសង្វៀនចំនួន៣៧ដង ក្នុងនោះឈ្នះ៣២ដង និងចាញ់៥ដង។ ក្រៅពីប្រកួតឃីកបុកស៊ីង រូបគេក៏មានបទពិសោធប្រកួតចម្រុះថែមទៀត។
សមិទ្ធផលធំសំខាន់គឺកីឡាករ Reda Oudgou បានឈ្នះខ្សែក្រវាត់ចំនួន៦ខ្សែ។ រូបគេបានឈ្នះខ្សែក្រវាត់ថ្នាក់ជាតិបារាំង៣ខ្សែ។ ខ្សែក្រវាត់ពិភពលោក ISKA World Championship, ខ្សែក្រវាត់ពិភពលោក WBC Mediterranean Championship និងខ្សែក្រវាត់ពិភពលោក MTGP World Championship។

លោក សឿ វណ្ណៈ ស្ថាបនិកកម្មវិធីប្រដាល់គុនខ្មែរស៊ុបភើហ្វៃ (Kun Khmer Super Fight) បានលើកឡើងថា កម្មវិធីប្រកួតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំងគឺជាព្រឹត្តិការណ៍ប្រកួតដ៏ធំមិនធ្លាប់មានសម្រាប់កីឡាករគុនខ្មែរចូលរួមប្រកួត។ ដៃគូបរទេសគឺសុទ្ធជាជម្រើសឈានមុខនៅតំបន់អឺរ៉ុបដែលពិតជាពិបាកខ្លាំងសម្រាប់កីឡាករគុនខ្មែរ។

លោកបាននិយាយថា ៖«យើងយកកីឡាករគុនខ្មែរជម្រើសឈានមុខទៅប្រកួត ហើយគេក៏ដាក់សុទ្ធតែជម្រើសជួរមុខដែរ។ ជាក់ស្តែងដៃគូរបស់ ព្រុំ សំណាង គឺជាជើងខ្លាំងពិតប្រាកដប្រចាំតំបន់អឺរ៉ុប។ គាត់ជាជើងឯកបារាំង ជាម្ចាស់ខ្សែក្រវាត់ពិភពលោកជាច្រើនស្ថាប័ន។ អីចឹង ព្រុំ សំណាង បើអាចយកឈ្នះកីឡាករបារាំងនោះបានគឺជាជោគជ័យបំផុត»។

លោក សឿ វណ្ណៈ បានបញ្ជាក់ថា ការប្រកួតជាច្រើនគូនេះ បើកីឡាករកម្ពុជាឈ្នះត្រឹមតែ២ ឬ៣នាក់គឺចាត់ទុកជាជោគជ័យបំផុតហើយសម្រាប់កម្ពុជា ដូច្នេះជាឱកាសធំដែលកីឡាករគុនខ្មែរត្រូវសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។

នៅថ្ងៃទី២៧ ខែមិថុនាជាមួយគ្នានេះដែរ ឈុត សេរីវ៉ាន់ថង ត្រូវប្រកួតម៉ារ៉ាតុងដែលមានបេក្ខភាព៣ប្រទេសផ្សេងទៀតគឺម្ចាស់ផ្ទះបារាំង អង់គ្លេស និងអេស្ប៉ាញ។ ប្រសិនបើ រូបគេទទួលបានជ័យជម្នះក្នុងការប្រកួតម៉ារ៉ាតុងនេះ រូបគេនឹងទទួលបានរង្វាន់រថយន្ត១គ្រឿង។ កីឡាករ លន បញ្ញា, ឡៅ ចិត្រា និង ធីម សៀងហៃ ក៏សុទ្ធតែជួបដៃគូខ្លាំងៗដូចគ្នា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?