Connect with us

កីឡា

កម្ពុជា​កំពុង​ជំរុញឲ្យជន​ជាតិចិនយ៉ាងតិច៥០០​នាក់​ចូលរួម​​ម៉ារ៉ាតុងចក្រភពអង្គរ

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​ លើក​ទី៩​ ឆ្នាំ​២០២៤ នឹង​ធ្វើ​នៅ​ថ្ងៃ​​អាទិត្យ ទី​​៤ ខែ​សីហា នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ខេត្ត​សៀម​រាប ដែល​ថ្នាក់​ដឹក​នាំ​រំពឹង​ទទួល​បាន​អ្នក​ចូល​រួម​ជាតិ និង​អន្តរជាតិច្រើនជាង​ឆ្នាំ​មុន។

លោក វ៉ាត់ ចំរើន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​​​នៅ​ទី​ស្នាក់​ការនៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤​ ​ការ​ចុះ​ឈ្មោះ​ចូល​រួម​រត់​​ទទួល​បាន​ចំនួន​១៣៧៦​នាក់​ហើយ​។ ចំនួន​នេះ​ប្រៀប​ធៀប​នឹង​ឆ្នាំមុន​គឺ​កើន​ឡើង​​បន្តិច ពី​ព្រោះ​​ឆ្នាំ​មុន​អ្នក​ចុះ​ឈ្មោះ​សរុប​ចុង​ក្រោយ​បាន​​ជាង​២០០០​នាក់។ ដូច្នេះ​ទម្រាំ​ដល់​បិទ​ការ​ចុះ​ឈ្មោះ អាច​នឹង​កើន​ឡើង​​​ចន្លោះ​ពី​២៥០០​ទៅ​ជាង​៣០០០​នាក់។

ទោះ​បី​ជា​យ៉ាង​ណា ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ ជា​ពិសេស​មុន​វិបត្តិ​កូវីដ-១៩ គឺ​​មាន​ការ​​ថយ​ចុះ​។ លោក វ៉ាត់ ចំរើន បាន​លើក​ឡើង​ពី​មូលហេតុ​ថា បណ្តាល​មក​ពី​ទី​ផ្សារ​​​​ចុះ​ឈ្មោះ​​ជន​ជាតិ​ចិន​ថយ​ចុះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច និងសុខមាលភាព​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

ដើម្បី​បង្កើន​​ការ​ចុះ​ឈ្មោះ​ពី​ប្រជា​ជន​ចិន​ត្រឡប់​មក​វិញ ថ្នាក់​ដឹក​នាំ​កីឡា​ដែល​មាន​លោកទេស​រដ្ឋ​មន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​ទទួល​បន្ទុក​អភិវឌ្ឍ​​វិស័យ​កីឡា​បាន​អញ្ជើញ​ទៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​ៗ​​ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ភាគី​ចិន​ក្នុង​គោល​បំណង​បង្កើន​ការ​ចុះ​ឈ្មោះ​របស់​ជន​ជាតិ​ចិន ក៏​ដូច​ជា​រួម​ដៃ​គ្នា​​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។

លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​ថា ៖«ក្នុង​ខ្លឹមសារ​ចុះ​ហត្ថលេខាគឺ យើង​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​គឺ​ផ្តល់​អ្នក​រត់​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​អ្នក​រត់​​ជន​ជាតិ​ចិន​អាជីព​នៅ​ខេត្ត​​យូណាន​១០០​នាក់ ហើយ​យើង​ក៏​មាន​អ្នក​រត់​ជា​អាជីព​១០០​នាក់​ដែរគឺ​យើង​នឹង​ផ្លាស់​ប្តូរ​គ្នា​ដោយ​ឥត​គិត​​ថ្លៃ។ ប៉ុន្តែ​ក្រៅ​ពី​អ្នក​រត់​អាជីព គឺ​យើង​ផ្តល់​ឲ្យ​ពួក​គាត់​ចុះ​ឈ្មោះ​ចូល​រួម​​ដូច​គេ​ឯង​ធម្មតា»។

តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​កំពុង​រង់ចាំ​​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ ខាង​ភាគី​ចិន​នៅ​ខេត្ត​យូណាន​នឹង​បញ្ជាក់​​ពី​​ចំនួន​ប៉ុន្មាន​រយ​នាក់​ដែល​ត្រូវ​ចូល​រួម​រត់​ម៉ារ៉ាតុង​ចក្រភព​អង្គរ។

លោក​បាន​បញ្ជាក់​ថា ៖«ឯកឧត្តមបណ្ឌិត ថោង ខុន កំពុង​ជំរុញលើ​រឿង​នេះដែល​យ៉ាង​ហោច​ណាស់​ឲ្យ​មាន​ការ​ចូល​រួម​៥០០​នាក់ពី​ភាគី​ចិន។ ឥឡូវ​នេះ យើង​កំពុង​រង់ចាំ​ពី​រដ្ឋបាល ឬ​អាជ្ញាធរ​ខេត្ត​យូណាន​បញ្ជាក់​ពី​ការ​ចូល​រួម ហើយ​យើង​ក៏​ត្រូវ​​ត្រៀម​លក្ខណៈ​សម្បត្តិ​ដើម្បី​ធ្វើ​បដិសណ្ឋារកិច្ច​ពួក​គាត់»។

កន្លង​មក​ជន​ជាតិ​ចិន​ចុះឈ្មោះ​ឈាន​មុខ​គេ​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​​បច្ចុប្បន្ន​ការ​ចុះ​ឈ្មោះ​គឺ​​ជន​ជាតិ​ជប៉ុន​ឈាន​មុខគេ​ ដោយ​ចិន​ធ្លាក់​មលេខ២ បន្ទាប់​មក​មានជន​ជាតិ​ម៉ាឡេស៊ី និង​ប្រទេស​ផ្សេង​ៗ​ទៀត។

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ​ធ្វើ​ឡើង​ដោយ​មាន​គោល​ដៅ​ធំសំខាន់​២​យ៉ាង​គឺ​ទី​១​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍។ នៅ​ពេល​ជន​បរទេស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន​ នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍​កាន់​តែ​ច្រើន​ទាំង​ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ និង​ម្ហូប​អាហារ។ ទី​២​ដើម្បី​កិច្ច​ការ​សប្បុរស​ធម៌។ ថវិកា​ដែល​​សល់​ពី​ការចំណាយ​​​លើ​ការ​ផលិត​មេដាយ អាវយឹត​ និង​ស្លាក​លេខ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់ នឹង​ប្រើ​ប្រាស់សម្រាប់​កិច្ច​សប្បុរស​ធម៌​ដូច​ជា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្លា មន្ទីរ​ពេទ្យ​កុមារ​អង្គរ និង​អង្គការ​សប្បុរស​ធម៌​ជា​ច្រើន​ទៀត។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​ លើក​ទី​៩ ឆ្នាំ​២០២៤ មាន​​៤​វិញ្ញាសា​គឺ​ចម្ងាយ​​៤២​គីឡូម៉ែត្រ ចម្ងាយ​២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ និង​ចម្ងាយ​៥​គីឡូម៉ែត្រ​​។ ​កីឡា​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​នេះ​ជា​ព្រឹត្តិការណ៍​រត់ម៉ារ៉ាតុង​ពេញ (Full Marathon) តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​៤២​គីឡូម៉ែត្រ ខណៈ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​ពាក់​កណ្តាល​ម៉ារ៉ាតុង​​​ពោល​គឺ​មាន​ចម្ងាយ​ឆ្ងាយ​បំផុត​ត្រឹម​តែ​២១​គីឡូម៉ែត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម