កីឡា
Thiago ដាក់គោលដៅមេដាយមាសពីកីឡាគុនចម្រុះអាស៊ី
កីឡាករ សែន ចន្ទឬទ្ធីគុណ (Thiago Teixeira) បានដាក់គោលដៅយកមេដាយមាសក្នុងការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១១-១២-១៣ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ផ្លូវការជាលើកដំបូងសម្រាប់ Thiago បន្ទាប់ពីរូបគេទទួលបានសញ្ជាតិខ្មែរកាលពីខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតតំណាងជាតិលើកដំបូងនេះ លោកជឿជាក់លើសមត្ថភាពរបស់ខ្លួនដែលអាចនឹងទទួលបានសមិទ្ធផលជូនជាតិ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» កីឡាករវ័យច្រើន សែន ចន្ទឬទ្ធីគុណ បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាព។ លោកបានឲ្យដឹងថា ៖«យើងបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងជារៀងរាល់ថ្ងៃ។ យើងបានហ្វឹកហាត់ក្នុងក្រុមអត្តពលិកកម្ពុជារួមគ្នា ហើយយើងបានព្យាយាមជួយគ្នាទៅវិញទៅមកដើម្បីកែលំអឲ្យកាន់តែប្រសើរឡើង»។

លោកបន្តថា ៖«ខ្ញុំធ្លាប់ហ្វឹកហាត់ក្បាច់គុនជឺជីតស៊ូជាង៥ឆ្នាំ និង MMA។ ខ្ញុំធ្លាប់ហ្វឹកហាត់នៅក្នុងក្លិបគុនអាជីព។ ដូច្នេះខ្ញុំមានការរីកចម្រើនផ្នែកជំនាញក្រោម បូករួមទាំងជំនាញវ៉ៃឈររបស់ខ្ញុំ និងគុនខ្មែរផង។ ខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដើម្បីទទួលបានមេដាយមាស»។
ក្រៅពីការហ្វឹកហាត់ជាមួយគ្រូដែលមានជំនាញគុនចម្រុះច្បាស់ ការហ្វឹកហាត់ជាមួយមិត្តរួមជាតិគឺជាការចែករំលែកតាមបទពិសោធតាម និងជំនាញរៀងខ្លួន។ Thiago ប្រាប់ថា ៖«រាល់ថ្ងៃ យើងបានហ្វឹកហាត់ជាមួយគ្នា។ ចំណេះ ជំនាញ បទពិសោធដែលយើងមាន យើងតែងតែជួយគ្នាទៅវិញទៅមក។ ជាពិសេសយើងមានគ្រូបង្វឹកដែលមានខ្សែក្រវាត់ខ្មៅផ្នែកកីឡាជឺជីតស៊ូ។ គាត់មានបច្ចេកទេសច្រើន អីចឹងបានហ្វឹកហាត់ជារៀងរាល់ថ្ងៃ»។

Thiago បានប្តេជ្ញាថា ៖«ក្តីរំពឹងរបស់ខ្ញុំគឺធ្វើឲ្យបានល្អបំផុតតាមដែលអាចទៅរួច។ ខ្ញុំជឿជាក់លើព្រះជាម្ចាស់។ ខ្ញុំជឿជាក់លើខ្លួនឯង ស្មារតីរបស់ខ្ញុំខ្លាំងដែលខ្ញុំដាក់គោលដៅយកមេដាយមាស»។
ព្រឹត្តិការណ៍ប្រកួតគុនចម្រុះអាស៊ីគឺរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី (AMMA) និងសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ នេះជាការប្រកូតផ្លូវការ ប៉ុន្តែមិនមែនជាការប្រកួតគុនចម្រុះអាជីពដូចសង្វៀនឯកជនរៀបចំដែលមានក្បាច់គ្រោះថ្នាក់ និងសាហាវៗនោះទេ។ គោលបំណងធំបំផុតនៃការរៀបចំព្រឹត្តិការណ៍នេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។

ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) ឆ្នាំ២០២៤ នៅប្រទេសថៃនាខែវិច្ឆិកា។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុណ, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត់ ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ