កីឡា
កម្ពុជានឹងបង្ហាញ ទស្សនីយភាពប្លែកមិនធ្លាប់មានក្នុងពិធីបើក MMA ថ្ងៃស្អែក
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានគ្រោងបង្ហាញទស្សនីយភាពពិសេសប្លែក និងមិនធ្លាប់មានសម្រាប់ពិធីបើកការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ល្ងាចថ្ងៃទី១១ ខែកក្កដា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះ កម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតគុនចម្រុះអាស៊ី លើកទី២។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងបង្ហាញផ្ទាំងទស្សនីយភាពពិសេសប្លែក និងមិនធ្លាប់បានបង្ហាញពីមុន។

ក្រោយពេលចុះពិនិត្យផ្ទាល់នៅកន្លែងរៀបចំនៅវិមានពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី៩ ខែកក្កដា លោក វ៉ាត់ ចំរើន បានប្រាប់ដល់អ្នកសារព័ត៌មានថា ៖«យើងមានការសម្តែងក្នុងពិធីបើកនេះខុសប្លែកពីមុនគឺសម្តែងពីភាពសំបូរបែបនៃយុទ្ធគុនខ្មែរបុរាណ។ ចូលរួមជាមួយនឹងការរៀបចំឲ្យមានទស្សនីភាពប្លែកៗ និងអ្វីដែលមិនធ្លាប់មានពីមុន។ ដូចជាការសម្តែងវាយខែល យើងមិនធ្លាប់សម្តែងទេពីមុន តែឥឡូវនេះ យើងយកមកបង្ហាញដល់បងប្អូន ក៏ដូចជាភ្ញៀវអន្តរជាតិ១៨ប្រទេសដែលបានមកកម្ពុជា»។

អ្វីដែលកាន់តែពិសេសទៀតនោះ កម្ពុជាទទួលបានបទពិសោធ និងចំណេះដឹងច្រើនពីអ្នកជំនាញគុនចម្រុះអន្តរជាតិ។ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ខាងភាគីគុនចម្រុះអន្តរជាតិបាននាំយកអ្នកជំនាញការគ្រប់ទាំងអស់ដើម្បីធ្វើការជាមួយម្ចាស់ផ្ទះកម្ពុជាទាំងការងាររៀបចំ និងបច្ចេកទេស។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ៖«ជាពិសេស ការងារបច្ចេកទេសមិនមែនជាការប្រកួតធម្មតា ដូច្នេះត្រូវការរៀបចំប្រព័ន្ធឌីជីថលទំនើបមួយដើម្បីបញ្ជាក់ពីយុត្តិធម៌ និងភាពត្រឹមត្រូវនៃកីឡា។ ពួកគេមានប្រព័ន្ធដាក់ពិន្ទុ ប្រព័ន្ធទិន្នន័យ ដែលចេញពិន្ទុដោយស្វ័យប្រវត្តិ ហើយមានការហាត់រៀបចំច្បាស់លាស់ណាស់។ ភាពប្រាកដប្រជាក្នុងបច្ចេកទេសដាក់ពិន្ទុគឺជារឿងសំខាន់»។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះបានបន្ថែមថា ខាងភាគីអន្តរជាតិក៏បានយកចិត្តទុកខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះភាគីកម្ពុជាជាម្ចាស់ផ្ទះ និងប្រព័ន្ធផ្សព្វផ្សាយដូចជាទូរទស្សន៍ជាដើមគឺបានរៀនសូត្រច្រើនណាស់ពីជំនាញការអន្តរជាតិដែលបានមកជួយកម្ពុជា។
តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ គឺមានការប្រកួតជម្រុះជុំទី១គ្រប់វិញ្ញាសាទាំងអស់ចាប់ពីម៉ោង៩ព្រឹកដែលអ្នកគាំទ្រអាចចូលទស្សនាដោយសេរី។ នៅពេលល្ងាចគឺជាពិធីបើកផ្លូវការក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ប៉ុន្តែមិនអនុញ្ញាតឲ្យមហាជនចូលទស្សនាផ្ទាល់ទេ។

នៅថ្ងៃទី២ពោលគឺនៅថ្ងៃទី១២ ខែកក្កដា ជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពិធីបំពាក់មេដាយ និងពិធីបិទ។
កម្ពុជាបានត្រៀមអត្តពលិកទាំង១៦រូបរួចហើយគឺកីឡាករ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុន, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង, ហាត ភី ខណៈកីឡាការិនីមានដូចជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ Cambodia 2023

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង