កីឡា
ឪពុកម្តាយកីឡាការិនី អប្សរាកា នឹងចេញពីអាមេរិកទៅគាំទ្រដល់បារាំង
កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា សាក់ប៊ុន អប្សរាកា តារីណា ស្ថិតក្នុងចំណោមអត្តពលិកខ្មែរ៣រូបដែលត្រូវចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។

កីឡាការិនីវ័យក្មេង អប្សរាកា រំភើបរីករាយនៅពេលកញ្ញាត្រូវបានគណៈកម្មការជំនាញអន្តរជាតិជ្រើសរើសសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤។ តាមពិតទៅកញ្ញាទើបតែដឹងពីខ្លួនមានឈ្មោះប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ពីព្រោះកម្ពុជាមិនមែនជាអ្នកកំណត់ជ្រើសរើសម្នាក់ឯងនោះទេ។ វាអាស្រ័យលើគណៈកម្មការជំនាញអន្តរជាតិពិនិត្យមើលពីសមត្ថភាពដិតដល់ទើបគេសម្រេចចិត្តជ្រើសរើសយក បើទោះបីជាការចូលរួមរបស់កម្ពុជាក្នុងនាមជាសមាជិកអនុគ្រោះនៃចលនាជំរុញកីឡាអូឡាំពិក។
អប្សរាកា បាននិយាយថា ៖«ខ្ញុំមិនធ្លាប់រំពឹងថា ទទួលបានឱកាសចេញទៅប្រកួតអូឡាំពិកទេ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលទទួលបានឱកាសនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើបានកំណត់ត្រាល្អបំផុតសម្រាប់ការចូលរួមប្រកួតលើកដំបូងនេះ។ ខ្ញុំពិតជារំភើបរីករាយដែលតំណាងឲ្យកម្ពុជាដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក បន្ទាប់ពីខ្ញុំធ្វើបានល្អកាលស៊ីហ្គេម ឆ្នាំ២០២៣។ លើកនេះខ្ញុំនឹងធ្វើឲ្យបានល្អបំផុត»។

ក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនីខ្មែរ-អាមេរិករូបនេះបានត្រឡប់ទៅសហរដ្ឋអាមេរិក និងបានហ្វឹកហាត់នៅទីនោះដោយមិនសូវបានសម្រាកទេ។
កញ្ញាបានប្រាប់ថា ៖«ក្រោយចប់ស៊ីហ្គេម ខ្ញុំមិនបានសម្រាកច្រើនទេ គឺខ្ញុំបន្តហ្វឹកហាត់នៅអាមេរិក។ ខ្ញុំហ្វឹកហាត់៦ថ្ងៃក្នុងមួយសប្តាហ៍ រយៈពេលមួយឆ្នាំចុងក្រោយនេះ»។
កីឡាការិនីវ័យក្មេងរូបនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ការចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹក។ ជាពិសេសទៀតនោះ ក្រុមគ្រួសារនឹងចាកចេញពីសហរដ្ឋអាមេរិកដើម្បីទៅលើកទឹកចិត្តកញ្ញាផ្ទាល់ដល់ទីក្រុងបារីសថែមទៀត។

កីឡាការិនី អប្សរាកា បានប្រាប់ថា ៖«ក្រុមគ្រួសាររបស់ខ្ញុំមានការគាំទ្រយ៉ាងខ្លាំងដែលឃើញខ្ញុំទទួលបានឱកាសដ៏កម្រនេះ។ ពួកគាត់សប្បាយរីករាយ។ ឪពុកម្តាយរបស់ខ្ញុំ និងបងប្រុសរបស់ខ្ញុំនឹងទៅគាំទ្រខ្ញុំដល់ទីក្រុងបារីសតែម្តង»។
កីឡាការិនី សាក់ប៊ុន អប្សរាកា តារីណា នឹងប្រកួតវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ។ ថិរវេលារបស់កញ្ញាដែលធ្វើបានកាលពីស៊ីហ្គេម ឆ្នាំ២០២៣គឺ ២៦.២៤វិនាទី។ កញ្ញាបានចាប់ផ្តើមហែលទឹកតាំងពីអាយុ៤ឆ្នាំនៅសហរដ្ឋអាមេរិក និងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា បន្ទាប់ពីកញ្ញាធ្លាប់បានចូលរួមប្រកួតជាច្រើននៅទីនោះ។
បើក្រឡេកមើលបេក្ខនារីសម្រាប់ការចូលរួមប្រកួតវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រនៅកីឡាអូឡាំពិក ឆ្នាំ២០២៤ គឺមានចំនួន៧៩នាក់ដែលសុទ្ធតែកីឡាការិនីឆ្នើមជម្រើសជាតិទូទាំងពិភពលោក។

ក្រៅពីកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកា តារីណា ក៏មានកីឡាករហែលទឹកខ្មែរ-បារាំង អង់ត្វ័ន ម៉ាតាំង ក្លូឌ ព្រមទាំងកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ជាម្ចាស់មេដាយមាសស៊ីហ្គេមដែលនឹងធ្វើដំណើរទៅប្រទេសបារាំង ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច