កីឡា
លោក Muñoz ចាត់ទុកជ័យជម្នះលើ ទ័ព ៧-០ ជាការប្រកួតដ៏អស្ចារ្យ
ព្រះខ័នរាជស្វាយរៀងធ្វើបានល្អជាងគេសម្រាប់ការប្រកួតបើកឆាកក្នុងសប្តាហ៍ទី១ ខេមបូឌានព្រីមៀរលីគ២០២៤-២៥ ដោយបានយកឈ្នះក្រុមក្រសួងការពារជាតិមិនឲ្យតដៃរួចក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។

ជ័យជម្នះដ៏ធំធេងនេះត្រូវបានលោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀយចាត់ទុកជាការប្រកួតដ៏អស្ចារ្យ។ លោកបាននិយាយថា លោកបានខកចិត្តតិចតួចសម្រាប់ការប្រកួតនៅវគ្គទី១ ពីព្រោះក្រុមរបស់លោករកបានតែ២គ្រាប់ប៉ុណ្ណោះ។ តាមពិតនៅវគ្គទី១ក្រុមរបស់លោកបង្ហាញទម្រង់លេងយ៉ាងល្អ និងបង្កើតឱកាសបានច្រើន ប៉ុន្តែបែរជារកបានគ្រាប់បាល់តិចទៅវិញ។

បុរសសញ្ជាតិអេស្ប៉ាញបាននិយាយថា ៖«ខ្ញុំគិតថា នេះជាការប្រកួតដ៏អស្ចារ្យសម្រាប់យើង តែការលេង៣០នាទីដំបូងក្នុងវគ្គទី១មិនសមតាមផែនការទេ។ យើងមានឱកាសហើយ តែមិនអាចរកបានគ្រាប់បាល់។ វគ្គទី១ យើងរកបានតែ២គ្រាប់ តែនេះជាបាល់ទាត់ យើងគួររកបានឲ្យច្រើនគ្រាប់ជាងនេះដើម្បីអ្នកគាំទ្ររីករាយ»។

លោកបានលើកឡើងថា ការប្តូរកីឡាករថ្មីពីរនាក់ចូលចុងវគ្គទី១របស់លោក ភា សុភក្ត្រា គ្រូបង្វឹករបស់ក្រសួងការពារជាតិ បានធ្វើឲ្យក្រុមល្អ ហើយនៅដើមវគ្គទី២ ក្រសួងការពារជាតិនៅតែបង្ហាញទម្រង់លេងយ៉ាងល្អ។ ទោះបីជាយ៉ាងណា ការប្តូរកីឡាករមួយចំនួនចូលបានធ្វើឲ្យព្រះខ័នរាជស្វាយរៀងកាន់តែល្អប្រសើររហូតរកបាន៥គ្រាប់ក្នុងវគ្គទី២។

លោក Josep Muñoz បានរៀបរាប់ថា ៖«នៅពេលយើងប្តូរកីឡាករថ្មីមួយចំនួនចូលបានធ្វើឲ្យទម្រង់លេងរបស់យើងកាន់តែល្អប្រសើរ។ កីឡាកររបស់យើងមានគុណភាពអាចរកគ្រាប់បាល់បាន។ និយាយរួមគឺលេងបានល្អ»។

៧គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ៦រូប។ ខ្សែប្រយុទ្ធប្រេស៊ីល Cristian រកបាន២គ្រាប់នៅនាទី៨ និងនាទី៦៣។ កីឡាករវ័យក្មេង មិន រតនៈ រកបាននៅនាទី១៧។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិឡាវ Bounkong Bounphanchan រកបាននៅនាទី៥៦។ ខ្សែការពារទើបទទួលបានសញ្ជាតិកម្ពុជា មីហ្ស៊ូណូ ហ៊ីការ៉ុ រកបាននៅនាទី៦១។ ខ្សែប្រយុទ្ធប្រេស៊ីល Pablo រកបាននៅនាទី៩០+៥ និងខ្សែបម្រើ គឹម សុខយុទ្ធ រកបាននៅនាទី៩០+៥ដែរ។

ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាងដោយមានគ្រាប់បាល់ចំណេញ៧គ្រាប់ និងមិនទាន់ត្រូវបានដៃគូស៊ុតចូលឡើយ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ