កីឡា
មកដឹងផែនការសំខាន់ៗរបស់ស្រីលង្កាមុនប៉ះកម្ពុជាខែក្រោយ
ប្រទេសស្រីលង្កាបានរៀបចំផែនការជាច្រើនដើម្បីពង្រឹងក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនទាំងកម្រិតយុវជន រហូតដល់ក្រុមធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ស្រីលង្កាបានរៀបចំផែនការអភិវឌ្ឍរយៈពេល៣ឆ្នាំដែលបានសហការជាមួយសមាគមកីឡាបាល់ទាត់កាតារ (QFA) និងគម្រោងអភិវឌ្ឍដ៏ល្បីទូទាំងពិភពលោក Aspire Academy របស់កាតារដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២២។

គម្រោងអភិវឌ្ឍរបស់ស្រីលង្កាបានក្លាយជាផែនការធំសំខាន់មិនធ្លាប់មានក្នុងប្រវត្តិបាល់ទាត់ស្រីលង្កាដែលផ្តោតតាំងពីថ្នាលយុវជន ក្រុមធំ និងនារី។ គម្រោងនេះត្រូវបានដឹកនាំដោយអតីតកីឡាករបាល់ទាត់លំដាប់ពិភពលោកពីររូបគឺ Andrew Morrison អតីតកីឡាកររបស់ក្លិប Manchester City និងលោក Keith Stevens អតីតកីឡាករស្កុតឡែនដែលបានប្រកបអាជីពបាល់ទាត់នៅលីគកំពូលអង់គ្លេស៥៤៧ប្រកួត។ លោក Marcus Ferreira ដែលល្បីខ្លាំងនៅឆ្នាំ១៩៩៥ជាគ្រូបង្វឹកកាយសម្បទា និងវីរបុរសបាល់ទាត់អូស្ត្រាលី Tim Cahill ជាអ្នកមើលការខុសត្រូវលើគម្រោងទាំងស្រុង។
គម្រោងនេះមានសមាសធាតុជាច្រើនដូចជា យុទ្ធសាស្ត្រអភិវឌ្ឍក្រុមជម្រើសជាតិ កំណែទម្រង់រចនាសម្ព័ន្ធប្រកួត វគ្គបណ្តុះបណ្តាលនិងត្រួតពិនិត្យគ្រូបង្វឹកអាជីព រចនាសម្ព័ន្ធថ្នាលយុវជន ការផ្លាស់ប្តួរអ្នកជំនាញ និងអាហារូបករណ៍ដើម្បីឲ្យយុវជនមានទេពកោសល្យទៅលេងលីគនៅក្រៅប្រទេស។

កាលពីខែមីនា ឆ្នាំ២០២៤ លោក Jaswar Umar ប្រធានសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បានមានការរជឿជាក់យ៉ាងមុតមាំចំពោះសមត្ថភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។
ជាមួយសារព័ត៌មាន Dailynews.lk លោកបាននិយាយថា ៖«ឥឡូវនេះ ក្រុមរបស់យើងអស្ចារ្យ ហើយយើងត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតជាមួយក្រុមណាក៏បាន។ ពេលអនាគត យើងដាក់គោលដៅឈ្នះក្រុមការប្រកួតអន្តរជាតិ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់ក្រុមជម្រើសជាតិ»។
បកស្រាយបន្ថែមជុំវិញការជឿជាក់ខាងលើ លោក Umar បានលើកឡើងថា ៖«យើងមានកីឡាករស្រីលង្កាលេងនៅក្រៅប្រទេសស្ទើរគ្រប់កន្លែង ជ្រើសរើសកីឡាករដែលមានទេពកោសល្យមកពង្រឹងជម្រើសជាតិរបស់យើង។ យើងត្រូវចំណាយពេលមួយឆ្នាំកន្លះដើម្បីសម្រិតសម្រាំងក្រុមមួយដែលមានគុណភាព»។
ក្រៅពីគម្រោងអភិវឌ្ឍដ៏សំខាន់ខាងលើ ស្រីលង្កាបានផ្តល់សញ្ជាតិដល់កីឡាករបរទេស និងមានកីឡាករកូនកាត់ជាច្រើនដែលកំពុងលេងនៅក្រៅប្រទេស។ ជាក់ស្តែងកីឡាករ Samuel Joseph David កើតនៅឆ្នាំ២០០២ ជាកូនកាត់អង់គ្លេស-ស្រីលង្កា កំពុងលេងឲ្យក្លិប Dundalk លីគប្រទេសអៀរឡង់ និងធ្លាប់ជាយុវជនរបស់ Everton និង Liverpool។
កីឡាករ Wade Dekker អាយុ៣០ឆ្នាំកើតនៅប្រទេសអូស្ត្រាលីទើបតែទទួលបានសញ្ជាតិស្រីលង្កា។ រូបគេលេងឲ្យក្លិបជាច្រើននៅប្រទេសអូស្ត្រាលីពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០២៤។

កីឡាករ Barath Suresh អាយុ២១ឆ្នាំជាកីឡាកររបស់ក្លិបអូស្ត្រាលី Langwarrin។ កីឡាករ Dallon De Silva អាយុ២២ឆ្នាំលេងនៅក្លិបបារាំង Borgo B។ កីឡាករ Leon Heimer Pereira អាយុ២៧ឆ្នាំលេងនៅក្លិបអាល្លឺម៉ង់ Luneburger SK Hansa។ កីឡាករ Rahul Suresh លេងនៅ ក្លិបអូស្ត្រាលី Langwarrin។ កីឡាករ Ahmed Waseem Razeek អាយុ២៩ឆ្នាំលេងនៅ Estern District របស់ហុងកុង និង កីឡាករ Oliver Kelaat អាយុ២៦ឆ្នាំលេងនៅក្លិប Haukar របស់ប្រទេសអៀរឡង់ជាដើម។

ស្រីលង្កា នឹងទទួល កម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះ 2027 AFC Asian Cup មុនពេលធ្វើដំណើរមកទឹកដីកម្ពុជានៅថ្ងៃទី១០ ខែកញ្ញា សម្រាប់ការប្រកួតជើងទី២។ ក្រុមឈ្នះនឹងឡើងទៅជុំបន្ត៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង