Connect with us

កីឡា

ហេតុ​ផល​​៤ ក្រុម​បាល់ទះ​កម្ពុជា​ អាចនឹងឈ្នះ​ជើង​ឯក SEA V. League Challenge

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​រំពឹង​ធ្វើ​បាន​ល្អ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​​អាស៊ាន​លំដាប់​ទី​២ SEA V. League Challenge ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​កាន់​​ពាន​រង្វាន់​លំដាប់​ទី​១ SEA V. League នៅ​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​​បាល់ទះ​ពាន​រង្វាន់សម្តេច​ធិបតី​ SEA V. League Challenge ចាប់​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា ដល់​​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​៤​គឺ​ម្ចាស់​ផ្ទះ​ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។

ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ដាក់​គោល​ដៅ​​​​យក​​ជើង​ឯក​ពាន​រង្វាន់​នេះ​​ដើម្បី​កម្លាំង​ចិត្ត​ដ៏សំខាន់​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។ ការ​រំពឹង​ទុក​នេះ​ស្រប​ពេល​​​​ក្រុម​បាល់ទះ​ជម្រើស​​ជាតិ​កម្ពុជា​​មាន​​ហេតុផល​សំខាន់​៤​យ៉ាង​ដែល​​អាច​​ឈ្នះ​ជើង​ឯក។​

១. សមត្ថភាព​កើន​ឡើង​ខ្ពស់​

កីឡា​​បាល់ទះ​​កម្ពុជា​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់​ក្នុង​រយៈ​ពេល​ប្រមាណ​៤​ឆ្នាំ​ចុង​ក្រោយ និង​ត្រូវ​បាន​ប្រទេស​នៅ​តំបន់​អាស៊ាន​ចាប់​អារម្មណ៍​។ ក្រោយ​ការ​ហ្វឹក​ហាត់​ក្នុង​វិបត្តិ​កូវីដ-១៩​ចន្លោះ​ឆ្នាំ​២០១៩-២០២១ ក្រុម​បាល់ទះ​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ២០២១ និង​ទទួល​បាន​មេដាយ​សំរិទ្ធ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

បន្ទាប់​មក ស៊ីហ្គេម ឆ្នាំ​២០២៣ ក្រុម​បាល់ទះ​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ដោយ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ទទួល​បាន​មេដាយ​​ប្រាក់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

ការ​ទទួល​បាន​មេដាយ​ស៊ីហ្គេម​២លើក​ចុង​ក្រោយ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​ ប៉ុន្តែ​ជា​សមត្ថភាព​ពិត​ៗ​ដែល​កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង។ ថ្នាក់ដឹក​នាំ​សហព័ន្ធ​បាន​ផ្លាស់​ប្តូរ បង្កើន​ការ​ហ្វឹក​ហាត់ បង្កើន​ចំណង​មិត្តភាព​អន្តរជាតិ និង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​លេច​ធ្លោ​ខ្លាំង​​ក្នុង​ពេល​​ប៉ុន្មាន​​ចុង​ក្រោយ។

​២. កម្មវិធី​ប្រកួត​ក្នុង​ស្រុក​ច្រើន

​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​លីគ​បាល់ទះ​កំពូល​កម្ពុជា​​ជា​លើក​ដំបូង​​នៅ​ឆ្នាំ​២០២៤។ ជា​មួយ​គ្នា​នេះ ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ពាន​រង្វាន់​អភិសន្តិបណ្ឌិត​ ស សុខា និង​ពាន​រង្វាន់មហាជន Special Volleyball Challenge Cup ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​បាល់ទះ​កម្ពុជា​គ្រប់​កម្រិត​ចូល​រួម​​ប្រកួត​ប្រជែង បង្ហាញ​សមត្ថភាព និង​បង្កើន​បទ​ពិសោធ​កាន់​តែ​ល្អ​ប្រសើរ​ជា​លំដាប់។

ការ​ហ្វឹក​ហាត់​បូក​រួម​នឹង​ការ​អនុវត្ត​ផ្ទាល់​​​​នៅ​ក្នុង​កម្មវិធី​ប្រកួត​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​កីឡាករ​ ក្លិប ឬ​ក្រុម​នីមួយ​ៗ​មាន​ការ​កើន​ឡើង​នូវ​បទ​ពិសោធ និង​សមត្ថភាពខ្ពស់​​​សម្រាប់​ក្រុម​ជម្រើស​ជាតិដ៏​រឹង​មាំ។

​៣. ថវិកា​គ្រប់​គ្រាន់​សម្រាប់​ការ​អភិវឌ្ឍ

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​​មាន​ធន​ធាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​ក្នុង​ការ​​អភិវឌ្ឍ​កីឡា​​របស់​ខ្លួន។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​និយាយ​ថា កាល​ពី​មុន​ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​មាន​តែ​កម្លាំង​ចិត្ត បច្ចេកទេស និង​ស្មារតី​​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ការ ប៉ុន្តែ​​មិន​មាន​ថវិកា​ទេ។ ​​ឥឡូវ​នេះ សហព័ន្ធ​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍ​កីឡា​បាល់ទះ។ ក្នុង​ការអភិវឌ្ឍ​ទាំង​នោះ​មាន​ដូច​ជា​ការ​​រៀបចំ​កម្មវិធី​ប្រកួត​​ ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ការ​បណ្តុះ​បណ្តាល​​មន្ត្រី​អាជ្ញា​កណ្តាល មន្ត្រី​បច្ចេកទេស មន្ត្រី​រៀបចំ​ការ​ប្រកួត និង​សម្ភារៈ​ជា​ដើម។​

​៤. កីឡាករ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស

ទន្ទឹម​ជា​មួយ​គ្នានេះ​ កីឡាករ​បាល់ទះ​កម្ពុជា​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកប​អាជីព​បាល់ទះ​នៅ​ក្រៅ​ប្រទេស​​ជា​បន្ត​បន្ទាប់។ ជាក់​ស្តែង​កីឡាករ វឿន វាសនា ទៅ​លេង​នៅ​លីគ​តៃវ៉ាន់។ កីឡាករ គួន ម៉ុម កីឡាករ សឿន ហេង និង​កីឡាករ​មួយ​ចំនួន​ទៀត​បាន​ទៅ​លេង​នៅលីគ​វៀតណាម។

ការ​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​ឲ្យ​កីឡាករ​កាន់​តែ​យល់​ច្បាស់​ពី​​បាល់ទះ ​បង្កើន​បទ​ពិសោធ និង​សមត្ថភាព ដែលធ្វើ​ឲ្យ​​ពួក​គេ​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់។

ក្រៅ​ពី​កត្តា​សំខាន់​៤​ខាង​លើ ក្រុម​កម្ពុជា​ក៏​មាន​កម្លាំង​ចិត្ត​​​ដ៏​ធំធេង​ថែម​ទៀត​សម្រាប់​​ការ​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ដើម្បី​លើក​ទឹក​ចិត្ត​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូម​បញ្ជាក់​ថា ពាន​រង្វាន់ម្ចាស់​ជើង​ឯក SEA V. League Challenge នឹង​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​លំដាប់​ទី១ SEA V. League នៅ​ឆ្នាំ​២០២៥ ជា​មួយ​ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន ខណៈ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ វៀតណាម បាន​ធ្លាក់​មក​លេង SEA V. League Challenge បន្ទាប់​ពី​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត SEA V. League ដែល​ទើប​ចប់​កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០២៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម