កីឡា
សហព័ន្ធកីឡាកង់ទទួលបានជោគជ័យបំផុតក្នុងអាណត្តិចាស់កន្លងទៅ
សហព័ន្ធកីឡាទោចក្រយានកម្ពុជាទទួលបានជោគជ័យបំផុតក្នុងអាណត្តិចាស់រយៈពេល៤ឆ្នាំកន្លងទៅ បន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រក្នុងការឈ្នះមេដាយកីឡាស៊ីហ្គេមជាលើកដំបូង។

សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី ២០២៤-២០២៨ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមរបាយការណ៍របស់លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានបង្ហាញថា អាណត្តិចាស់២០២០-២០២៤កន្លងទៅគឺជាអាណត្តិទទួលបានជោគជ័យបំផុតជាប្រវត្តិសាស្ត្ររបស់កីឡាកង់កម្ពុជា។ ជោគជ័យធំបំផុតទី១គឺទទួលបានមេដាយប្រាក់១ និងសំរិទ្ធ១ ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។ កន្លងមក កីឡាជិះកង់កម្ពុជាមិនធ្លាប់ទទួលបានមេដាយស៊ីហ្គេមឡើយ។ មេដាយទាំងពីររកបានដោយកីឡាករ គីម ម៉េងហុង គឺមេដាយប្រាក់ លើវិញ្ញាសាកង់ភ្នំ Men’s Elimination និងមេដាយសំរិទ្ធ លើវិញ្ញាសាកង់ភ្នំ Men’s Cross Country។

លោក នូ ចំរើន បន្ថែមទៀតថា ពិសេសទៀតនោះ អាណត្តិចាស់កន្លងទៅនេះបានបណ្តុះបណ្តាលធនធានបានច្រើន។ ក្នុងនោះបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតអន្តរជាតិ។ ជាក់ស្តែងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជិះកង់ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣គឺភាគច្រើនបំផុតប្រើប្រាស់មន្ត្រីបច្ចេកទេសកម្ពុជា ហើយមន្ត្រីអន្តរជាតិតែ៦នាក់ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏បានបណ្តុះបណ្តាលក្រុមគ្រូបង្វឹកកម្រិតអន្តរជាតិដែលពួកគាត់នឹងកាន់តែឡើងកម្រិតទៀតនៅឆ្នាំបន្តបន្ទាប់។
តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់លោកអគ្គហិរញ្ញិកបានបង្ហាញថា សហព័ន្ធកីឡាទោចក្រយានកម្ពុជាក្នុងអាណត្តិចាស់៤ឆ្នាំកន្លងទៅទទួលបានថវិកាគាំទ្រពី៣ផ្នែក។ ផ្នែកទី១ទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដែលសរុប៤ឆ្នាំគឺ៣០០លានរៀលពីក្រសួងអប់រំ យុវជន និងកីឡា។ ផ្នែកទី២ទទួលបានប្រាក់ពីដៃគូឧបត្ថម្ភជាង១២ម៉ឺនដុល្លារអាមេរិក និងផ្នែកទី៣ទទួលបានប្រាក់ឧបត្ថម្ភពីលោក ប៉ាន សូរស័ក្តិ ដែលជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

លោកអគ្គហិរញ្ញិកបានបញ្ជាក់ថា លោកប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥៥៤១៧ដុល្លារអាមេរិកដើម្បីទ្រទ្រង់សហព័ន្ធក្នុងរយៈពេល៤ឆ្នាំកន្លង។ ការចំណាយសំខាន់ទៅលើ រដ្ឋបាល រៀបចំការប្រកួត ការបណ្តុះបណ្តាល ការហ្វឹកហាត់ ព្រមទាំងកិច្ចការសំខាន់ចាំបាច់ផ្សេងៗទៀត។ ទោះបីជាយ៉ាងណា ថវិកាដែលទទួលបានទាំងនេះមិនគ្រប់គ្រាន់ឡើយ ពីព្រោះកីឡាកង់ត្រូវការចំណាយខ្ពស់។
សម្រាប់សមាសភាពថ្នាក់ដឹកនាំអាណត្តិថ្មី២០២៤-២០២៨ ដែលត្រូវបានបោះឆ្នោតជាឯកច្ឆន្ទគឺលោក ប៉ាន សូរស័ក្តិ បន្តជាប្រធាន ក្នុងនោះអនុប្រធាន៣រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង២រូប អគ្គហិរញ្ញិក១រូប និងសមាជិក៥រូប។
- លោក ប៉ាន សូរស័ក្តិ ប្រធាន
- លោក កឹម សុខុន អនុប្រធាន
- លោក វង្ស ខាន់ពៅ អនុប្រធាន
- លោក ឡាយ សុខសៅគន្ធា អនុប្រធាន
- លោក នូ ចំរើន អគ្គលេខាធិការ
- លោក ព្យែរ អ៊ីវកាទ្រី អគ្គលេខាធិការរង
- លោក សុខ ដារិទ្ធិ អគ្គលេខាធិការរង
- កញ្ញា សួង ចាន់តូរ៉ាទី អគ្គហិរញ្ញិក
- សមាជិក៥រូប លោក ឡុង កែមវិចិត្រ លោក អ៊ូច សាវិន កញ្ញា មាស តឿ លោក សែម ប៊ុតឌី និងលោក ខ្លួត ករណី។

ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ធ្វើវិសោធនកម្មក្នុងការកែប្រែលក្ខន្តិកៈមួយចំនួនដើម្បីឲ្យទាន់តាមសម័យកាល។ ជាពិសេសបានប្តូរឈ្មោះពី«សហព័ន្ធខ្មែរទោចក្រយាន»ទៅជា«សហព័ន្ធទោចក្រយានកម្ពុជា»ដើម្បីស្របទៅតាមឈ្មោះជាភាសាអង់គ្លេស ក៏ដូចជាសម័យកាលរីកចម្រើន។ ជាមួយគ្នានេះ សហព័ន្ធបានផ្តល់លិខិតថ្លែងអំណគុនដល់ភាគីពាក់ព័ន្ធដូចជាដៃគូ ក្លិប និងអ្នកសារព័ត៌មានជាដើមដែលរួមចំណែកជំរុញឲ្យកីឡាជិះកង់ឆ្ពោះទៅមុខជាលំដាប់៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ