កីឡា
ការប្រកួតយុទ្ធគុនបុរាណខ្មែរមានពានរង្វាន់ពានរង្វាន់ពិសេស បន្ថែមលើប្រាក់រង្វាន់ច្រើន
ការប្រកួតកីឡាយុទ្ធគុនបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី»ទទួលបានការយកចិត្តទុកដាក់ខ្លាំងមែនទែនពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានប្រាក់រង្វាន់ច្រើនដល់ជ័យលាភី និងពានរង្វាន់អត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗថែមទៀត។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងលើព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនបុរាណខ្មែរ។ គោលបំណងធំបំផុតនៃការបង្កើតឲ្យមានការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរគឺ ដើម្បីចងក្រង អភិរក្ស និងអភិវឌ្ឍ យុទ្ធគុនចម្រុះបុរាណខ្មែរឲ្យមានច្បាប់ទម្លាប់ បច្ចេកទេស លក្ខន្តិកៈ និងគោលការណ៍ច្បាស់លាស់សម្រាប់ខ្មែរជំនាន់ក្រោយបានស្គាល់ និងឈានទៅរកការរីកចម្រើនលើឆាកអន្តរជាតិ។
កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំវឌ្ឍភាពការងារនៃព្រឹត្តិការណ៍កីឡាយុទ្ធគុនបុរាណខ្មែរ លោក វ៉ាត់ ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នេះគឺត្រូវការការចូលរួមឲ្យបានច្រើនពីគ្រប់ភាគីពាក់ព័ន្ធ។ កីឡាករ កីឡាការិនីចូលរួមប្រកួតឲ្យបានច្រើន។ ការផ្សព្វផ្សាយឲ្យបានទូលំទូលាយទូទាំងប្រទេស។ ហេតុដូច្នេះហើយបានជាគណៈកម្មការចំពោះកិច្ចនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានលើកទី២នៅថ្ងៃទី២៣ ខែកញ្ញា បន្ទាប់ពីបានធ្វើសន្និសីទម្តងហើយកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤។

លោក វ៉ាត់ ចំរើន បានបន្តថា អ្វីដែលកាន់តែពិសេសគឺសម្តេចធិបតីនាយករដ្ឋមន្ត្រីជំរុញឲ្យស្ថាប័នឯកជនចូលរួមឧបត្ថម្ភគាំទ្រឲ្យច្រើន ទោះតិចក្តី ច្រើនក្តីគឺសូមចូលរួមដើម្បីបង្ហាញពីការជំរុញ លើកកម្ពស់កីឡាអត្តសញ្ញាណជាតិខ្មែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងមានលិខិតថ្លែងអំណគុណដល់គ្រប់ដៃគូឯកជនដែលបានចូលរួមឧបត្ថម្ភគាំទ្រ។ ជាពិសេសសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ ទស្សនាលើកទឹកចិត្តឲ្យបានច្រើនកុះករ ពីព្រោះការចូលរួមទស្សនាដោយឥតគិតថ្លៃ។
ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរគឺមានតែកីឡាអត្តសញ្ញាណខ្មែរប៉ុណ្ណោះដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទ។ ក្បាច់គុនទាំងនេះមានច្បាប់ បច្ចេកទេស និងលក្ខន្តិកៈរៀងៗខ្លួន ប៉ុន្តែនៅពេលយកមកប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី» គឺមិនប្រើច្បាប់របស់សហព័ន្ធសាមីទេសម្រាប់វិញ្ញាសាប្រយុទ្ធ ប៉ុន្តែវិញ្ញាសាសម្តែងគឺប្រើច្បាប់របស់សហព័ន្ធសាមី។

តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន គឺកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតប្រមាណ១០០នាក់។ ការប្រកួតមាន១៤វិញ្ញាសា មានទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ហើយមាន២កម្រិតគឺ កម្រិតអាជីព និងកម្រិតស្ម័គ្រចិត្ត។
សម្រាប់ប្រាក់រង្វាន់ការប្រកួតកម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន៣០០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ចំណែកការប្រកួតកម្រិតមិនអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន២៥០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះ នឹងមានពានរង្វាន់អត្តពលិកឆ្នើម តាមវិញ្ញាសានីមួយៗថែមទៀតដែលនឹងទទួលបានរង្វាន់ម៉ូតូថ្មី១គ្រឿងស្មើនឹងតម្លៃ៣ពាន់ដុល្លារ។
ទាំងពិធីបើក និងពិធីបិទ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ការប្រកួតឆ្នាំដំបូងនេះ មានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ការប្រកួតអាជីព (វិញ្ញាសាប្រយុទ្ធ និងសម្តែង)
- មេដាយមាស ទទួលបាន៣០០០ដុល្លារ
- មេដាយប្រាក់ ទទួលបាន២០០០ដុល្លារ
- មេដាយសំរិទ្ធ ទទួលបាន១០០០ដុល្លារ
ការប្រកួតមិនអាជីព (វិញ្ញាសាប្រយុទ្ធ និងសម្តែង)
- មេដាយមាស ទទួលបាន២៥០០ដុល្លារ
- មេដាយប្រាក់ ទទួលបាន២០០០ដុល្លារ
- មេដាយសំរិទ្ធ ទទួលបាន១០០០ដុល្លារ
ពានរង្វាន់ពិសេសលើវិញ្ញាសានីមួយៗ
- ការប្រកួតប្រកបដោយយុត្តិធម៌ (Fiar Play)
- បច្ចេកទេសល្អ
- ក្រមសីលធម៌ល្អ គោរពបទបញ្ជា និងលក្ខន្តិកៈ
- គោរពមន្ត្រីបច្ចេកទេស និងទស្សនិកជន
- ទទួលបានពានរង្វាន់អត្តពលិកឆ្នើមពីសម្តេចធិបតីនាយករដ្ឋមន្ត្រី
- ទទួលបានម៉ូតូថ្មី១គ្រឿង
អត្ថបទពាក់ព័ន្ធ
ហេតុអ្វីបានជាការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ត្រូវប្រើច្បាប់ថ្មី?
យុទ្ធគុនបុរាណខ្មែរពាន«សម្តេចធិបតី»នឹងធ្វើរាល់ឆ្នាំជាមួយច្បាប់ថ្មី និងមានតម្លៃបំផុត
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង