កីឡា
កីឡាករថៃ២រូបនេះ អ្នកគាំទ្រចង់ឃើញប៉ះ ពេជ្រ សម្បត្តិ និង ធឿន ធារ៉ា
ជើងខ្លាំងគុនខ្មែរលំដាប់លេខ១កម្ពុជា ពេជ្រ សម្បត្តិ និង ធឿន ធារ៉ា ត្រូវបានអ្នកគាំទ្រចង់ឃើញបំផុតក្នុងការជួបជើងខ្លាំងលំដាប់លេខ១ថៃ Rodtang និង Tawanchai បន្ទាប់ពីអ្នកទាំងពីរកំពុងល្អដូចគ្នា។
ទាំងអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រថៃចង់ឃើញជើងខ្លាំងលំដាប់ជួរមុខជួបគ្នាគឺ ក្របីព្រៃ ពេជ្រ សម្បត្តិ ជួប មនុស្សយន្ត Rodtang ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈអ្នកលេងពូថៅដៃ ធឿន ធារ៉ា ជួប ប្រុសស្អាត Tawanchai ក្នុងទម្ងន់លើ៧០គីឡូក្រាម។
ក្របីព្រៃ ពេជ្រ សម្បត្តិ
ក្របីព្រៃ ពេជ្រ សម្បត្តិ ជាកំពូលអ្នកប្រដាល់គុនខ្មែរក្នុងប្រភេទទម្ងន់៦០គីឡូក្រាមប្រចាំប្រទេសកម្ពុជា។ អាយុ២២ឆ្នាំ កម្ពស់១.៦៥ម៉ែត្រ កីឡាករមានប្រវត្តិឡើងសង្វៀនប្រមាណ៨០ដងក្នុងនោះ ឈ្នះ៦៩ដង ចាញ់៨ដង និងស្មើ៣ដង។

ភាពខ្លាំងរបស់ ពេជ្រ សម្បត្តិ គឺ រឹងមាំ ស៊ូធន់ និងមិនងាយបាក់ស្រុត ទោះជាទទួលរងកណ្តាប់ដៃ ឬរន្ទះជើងពីដៃគូយ៉ាងណាក៏ដោយ។ អាវុធពិឃាតគឺកណ្តាប់ដៃ បូករួមនឹងកែង។ រូបគេបានឈ្នះខ្សែក្រវាត់ជាច្រើនដូចជា ខ្សែក្រវាត់គ្រុឌគុនខ្មែរ៣ខ្សែ ខ្សែក្រវាត់សហព័ន្ធគុនខ្មែរ KKF ខ្សែក្រវាត់ខារ៉ាបាវអន្តរជាតិ ខ្សែក្រវាត់ Extrem Kun Khmer និងរង្វាន់រថយន្ត១គ្រឿង។
មនុស្សដែក Rodtang
ជាកំពូលកីឡាករលំដាប់ទី១ប្រចាំប្រទេសថៃ Rodtang មានអាយុ២៧ឆ្នាំ កម្ពស់១.៦៨ម៉ែត្រ និងធ្លាប់ប្រកួតបាន៣២៥ដងគឺឈ្នះ២៧២ដង ចាញ់៤៣ដង និងស្មើ១០ដង។

អ្នកទស្សនាកីឡាប្រដាល់ស្ទើរទូទាំងពិភពលោកស្គាល់ច្បាស់ពី Rodtang ដែលជាអ្នកប្រដាល់មុខរឹង ស៊ូធន់ និងកម្លាំងខ្លាំងមិនងាយបាក់ស្រុតឡើយ។ កីឡាកររូបនេះមានអាវុធសម្លាប់ដៃគូបានទាំងព្រមគឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង។
សមិទ្ធផលសំខាន់ៗដែល Rodtang ទទួលបានក្នុងអាជីពគឺខ្សែក្រវាត់មួយថៃពិភពលោកទម្ងន់៦០គីឡូក្រាមនៅសង្វៀនលំដាប់អាស៊ី ONE Championship។ ជាមួយគ្នានេះ រូបគេបានឈ្នះខ្សែក្រវាត់នៅសង្វៀន Omnoi និងឈ្នះខ្សែក្រវាត់នៅសង្វៀន Max Mauy Thai ព្រមទាំងពានរង្វាន់ជាច្រើនទៀត។
អ្នកលេងពូថៅដៃ ធឿន ធារ៉ា
ស្ថិតក្នុងវ័យ២៦ឆ្នាំ កម្ពស់១.៧៥ម៉ែត្រ ធឿន ធារ៉ា អាចត្រូវបានចាត់ទុកជាកំពូលអ្នកប្រដាល់គុនខ្មែរលំដាប់ទី១ប្រចាំប្រទេសកម្ពុជាក្នុងទម្ងន់៧២គីឡូក្រាម។ រូបគេទទួលបានជោគជ័យខ្លាំងបំផុតនាប៉ុន្មានឆ្នាំចុងក្រោយជាមួយកំណត់ត្រាឡើងសង្វៀន ១៤៤ដង ក្នុងនោះឈ្នះ១១១ដង ចាញ់២៧ដង និងស្មើ៦ដ។

ធឿន ធារ៉ា ជាអ្នកប្រដាល់មានបច្ចេកទេស និងល្បិចកល់ល្អដែលបានធ្វើឲ្យដៃគូជាប់អន្ទាក់នឹងយុទ្ធសាស្ត្ររបស់គេជាច្រើននាក់មកហើយជាមួយកណ្តាប់ដៃទាំងឆ្វេង និងស្តាំដ៏មានទម្ងន់ បូករួមទាំងការទាត់ក៏ល្អ។
បើនិយាយពីសមិទ្ធផលវិញ កូនសិស្សរបស់លោកគ្រូ អេ ភូថង រូបនេះទទួលបានច្រើនណាស់។ ចាប់តាំងពីឈ្នះខ្សែក្រវាត់ស្តេចថៃមក រូបគេបានឈ្នះខ្សែក្រវាត់ជាបន្តបន្ទាប់ទៀតដូចជា ខ្សែក្រវាត់ តេជោសន្តិភាពគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់ IPCC អន្តរជាតិ២ខ្សែ រង្វាន់រថយន្តថ្មី១គ្រឿង និងពានរង្វាន់ជាច្រើនទៀត។ ជាពិសេស រូបគេជាអត្តពលិកកម្ពុជាទី១បានជាប់ឈ្មោះក្នុងបញ្ជីទស្សនាវដ្តីអាមេរិក Forbes។
ប្រុសស្អាត Tawanchai
តារាប្រដាល់ថៃ Tawanchai កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសថៃតាមរយៈសមត្ថភាព និងរូបកាយដ៏ស្រស់សង្ហាមិនចាញ់តារាសិល្បៈ។ ស្ថិតក្នុងវ័យ២៥ឆ្នាំ កម្ពស់១.៨០ម៉ែត្រជាកីឡាករលំដាប់លេខ១នៅស្រុកថៃក្នុងទម្ងន់៧០គីឡូក្រាម។

ស្ថិតិប្រកួតនៅលើសង្វៀន១៦៤ដងគឺឈ្នះ១៣១ ចាញ់៣១ និងស្មើ២ រូបគេមានសមត្ថភាពល្អតាមរយៈកណ្តាប់ដៃ ទាត់ ជង្គង់ កែង និងបច្ចេកទេសចាប់ដៃគូ។ បច្ចុប្បន្ន រូបគេជាកីឡាករឆ្នើមប្រចាំសង្វៀនលំដាប់អាស៊ី ONE Championship បន្ទាប់ពីឈ្នះខ្សែក្រវាត់ពិភពលោកនៅសង្វៀននេះកាលពីឆ្នាំ២០២២។ ក្រៅពីនោះរូបគេជាម្ចាស់ខ្សែក្រវាត់នៅសង្វៀន Nai Khanom Tom និងខ្សែក្រវាត់ជើងឯកថ្នាក់ជាតិថៃ កាលពីឆ្នាំ២០១៧។ រូបគេក៏បានឈ្នះពានរង្វាន់ពីការប្រកួតល្អបំផុត និងកីឡាករឆ្នើមប្រចាំឆ្នាំជាច្រើនទៀត។
លទ្ធភាពជួបគ្នាពិបាក
ទោះបីជាយ៉ាងណា ការជួបគ្នារវាងតារាឆ្នើមទាំង៤នេះពិតជាលំបាកណាស់ ពីព្រោះ Rodtang និង Tawanchai ជាតារាល្បីប្រចាំសង្វៀន ONE ដូច្នេះពួកគេពិបាកចេញប្រកួតនៅសង្វៀនផ្សេង។ ថៃក៏បិទការនាំយកកីឡាករកម្ពុជាទៅប្រកួតនៅប្រទេសរបស់គេទាំងពីឆ្នាំ២០២៣។ លក្ខខណ្ឌមួយដែលអាចទៅរួចគឺទាល់តែស្ថាប័ន ONE ចុះកុងត្រាយកកីឡាករកម្ពុជាទៅប្រកួតទើបអាចកើតឡើង ប៉ុន្តែប្រមាណ៣ឆ្នាំចុងក្រោយ ស្ថាប័ននេះក៏លែងយកកីឡាករកម្ពុជាទៅប្រកួតថែមទៀត៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍