កីឡា
លោក អាំង សិរីពិសិដ្ឋ ថ្លែងថា បាល់ទះកម្ពុជាមិនមែនជាអ្នកជំងឺអាស៊ានទៀតទេ
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងពីវិស័យបាល់ទះកម្ពុជាមិនមែនជាអ្នកជំងឺអាស៊ានទៀតទេក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ។

នៅក្នុងពិធីនិវត្តន៍ជាផ្លូវការរបស់អ្នកលើកបាល់ (អ្នកប៉ះសេ) និងជាប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ ពីក្រុមជម្រើសជាតិ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក អាំង សិរីសិដ្ឋ បានលើកឡើងពីការរីកចម្រើនរបស់កីឡាបាល់ទះកម្ពុជាគួរឲ្យកត់សំគាល់នាប៉ុន្មានឆ្នាំចុងក្រោយគឺជាការរួមចំណែកដ៏សំខាន់របស់ សួន ចាន់ណារ៉ូ។ ការចាកចេញរបស់ប្រធានក្រុមរូបនេះគឺជាការបាត់បង់ធនធានដ៏សំខាន់នៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ុន្តែលោកសង្ឃឹមថា កីឡាករនឹងមិនទៅណាឆ្ងាយពីបាល់ទះឡើយ ហើយលោកបើកទ្វារចំហជានិច្ច សម្រាប់ សួន ចាន់ណារ៉ូ ទាំងកម្រិតជាកីឡាករ ឬក្រុមការងារគ្រូបង្វឹក។

លោកបានលើកឡើងថា ៖«កាលពីមុន នរណាក៏ចង់នៅពូលជាមួយកម្ពុជាដែរ។ ប្រទេសនៅតំបន់អាស៊ានចង់ចាប់ពូលនៅជាមួយកម្ពុជា ព្រោះគេងាយស្រួលឈ្នះ។ យើងស្ទើរតែអាចនិយាយបានថា ជិះយន្តហោះទៅប្រកួតបង្គ្រប់កិច្ច តែឥឡូវនេះអត់ទេ។ ឲ្យតែចាប់ពូលគឺគេពិចារណា ខ្លាចរអាហើយពីការនៅពូលជាមួយកម្ពុជា។ បច្ចុប្បន្ន យើងជាក្រុមលំដាប់កំពូលទាំង៤នៅតំបន់អាស៊ាន។ បាល់ទះកម្ពុជាយើងមិនមែនជាអ្នកជំងឺនៅអាស៊ានទៀតទេ»។
ជាការពិតណាស់ គិតចាប់តាំងពីឆ្នាំ២០២១ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបង្កការភ្ញាក់ផ្អើលនៅក្នុងតំបន់អាស៊ានតាមរយៈការប្រកួតផ្លូវការជាច្រើន។ ក្រុមកម្ពុជាបានយកឈ្នះ ហ្វីលីពីន ដែលជាម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០១៩ និងបានយកឈ្នះក្រុមខ្លាំងថៃដើម្បីបង្កើតប្រវត្តិសាស្ត្រដំបូងក្នុងការឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១។

នៅស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានបន្តឈ្នះ ហ្វីលីពិន និងឈ្នះ ថៃ ហើយ បានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតក្នុងការឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេមជាលើកដំបូង។ កាលពីចុងឆ្នាំ២០២៣ កម្ពុជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី នៅប្រទេសចិន បន្ទាប់ពីមិនធ្លាប់ចូលរួមសោះក្នុងរយៈពេលប្រមាណ៥០ឆ្នាំចុងក្រោយ។
ឆ្នាំ២០២៤ កម្ពុជាបានអភិវឌ្ឍខ្លួនទៅកាន់ក្រុមកំពូលទាំង៤ប្រចាំតំបន់អាស៊ាន បន្ទាប់ពីបានឈ្នះជើងឯកក្នុងការប្រកួត SEA V. League Challenge ឆ្នាំ២០២៤ ដោយបានយកឈ្នះ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ដើម្បីឡើងទៅកាន់កម្រិត SEA V. League នៅឆ្នាំ២០២៥ ដែលមានឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង កម្ពុជា ខណៈពាន SEA V. League Challenge ឆ្នាំ២០២៥ មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។

និយាយរួម រហូតដល់ពេលនេះ មានតែក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ីតែមួយគត់នៅតំបន់អាស៊ាន ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនធ្លាប់ឈ្នះ។ ក្រៅពីនោះគឺកម្ពុជាធ្លាប់ឈ្នះអស់ហើយដូចជា ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវជាដើម។

សូមបញ្ជាក់ថា សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ពីជម្រើសជាតិកម្ពុជាដោយសារសុខភាពមិនអំណោយផល ហើយអាយុក៏កាន់តែច្រើន។ ស្របពេលជាមួយគ្នានេះ លោកក៏ចង់ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបន្តវេន។ តាមពិតទៅ រូបគេធ្លាប់បានប្រកាសចូលនិវត្តន៍ម្តងហើយ បន្ទាប់ពីឈ្នះមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១ ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកម្ពុជាត្រូវការរូបគេដែលធ្វើឲ្យរូបគេលះបង់គ្រប់បែបយ៉ាងដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិជាថ្មីនាពីរឆ្នាំចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ