កីឡា
តើអ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ មានប្រវត្តិយ៉ាងណាមុនចូលនិវត្តន៍?
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានសម្រេចចូលនិវត្តន៍ជាផ្លូវការកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីចូលចាប់អាជីពកីឡាបាល់ទះអស់រយៈពេល១៥ឆ្នាំដោយបន្សល់ទុកស្នាដៃជាច្រើនដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លិប។

ការលេងឲ្យក្លិប
សួន ចាន់ណារ៉ូ ដែលកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៥ បានចាប់ផ្តើមលេងបាល់ទះតាំងពីក្មេងជាមួយនឹងអំណោយផលកាយសម្បទាល្អគឺកម្ពស់១.៩០ម៉ែត្រ។ ឆ្លងកាត់ការលេងបាល់ទះក្នុងវ័យក្មេងជាច្រើនឆ្នាំតាំងពីក្រុមបាល់ទះបឋមសិក្សា រហូតដល់ក្រុមវិទ្យាល័យ រូបគេបានចាប់ផ្តើមចូលក្លិបអាជីពដំបូងគឺកងពលធំអន្តរាគមន៍លេខ៣នៅឆ្នាំ២០១២ មុនពេលផ្លាស់ទៅក្រុមបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្នុងឆ្នាំ២០១៧ ដែលក្រោយមកប្តូរឈ្មោះ ក្លិបបាល់ទះវិសាខា ជាទ្រនំថ្មីដែលរូបគេជ្រកកោនរហូតដល់ចូលនិវត្តន៍។

ប្រវត្តិប្រកួតក្នុងពានរង្វាន់ឲ្យក្លិបវិសាខា
ឆ្នាំ២០១៧ សួន ចាន់ណារ៉ូ ជួយឲ្យក្លិបវិសាខាឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាជាតិ, ឈ្នះជើងឯកពានរង្វាន់ស្រាបៀរកម្ពុជា និងឈ្នះជើងឯកពានរង្វាន់ស្រាបៀរលីអូ។

ឆ្នាំ២០២២ រូបគេបានជួយក្លិបវិសាខាឈ្នះជើងឯកពានរង្វាន់ Ganzberg Special Volleyball League ជាប្រភេទវិញ្ញាសាលេង៤នាក់ទល់នឹង៤នាក់។ នៅឆ្នាំដដែល សួន ចាន់ណារ៉ូ ជួយក្លិបបានឈ្នះជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឆ្នាំ២០២៣ សួន ចាន់ណារ៉ូ បានជួយក្លិបវិសាខាឈ្នះពានរង្វាន់ Wurkz Special Volleyball ជាការលេង៤នាក់ទល់នឹង៤នាក់ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទទួលបានចំណាត់ថ្នាក់លេខ៤ពានរហ្វាន់ Johor Bahru Mayors Cup នៅប្រទេសម៉ាឡេស៊ី។
ឆ្នាំ២០២៤ គឺជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ សួន ចាន់ណារ៉ូ លេងឲ្យក្លិបវិសាខា។ រូបគេជាផ្នែកដ៏សំខាន់ជួយឲ្យក្លិបឈ្នះពានរង្វាន់អន្តរជាតិ Win+ Streak Volleyball Invitational Tournament នៅកោះតៃវ៉ាន់ និងទទួលបានចំណាត់ថ្នាក់លេខ២ លីគបាល់ទះកំពូលកម្ពុជា«តេជោលីគ»។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា

សួន ចាន់ណារ៉ូ បានជាប់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៦។ រូបគេបានលេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម៤លើកជាប់គ្នាគឺឆ្នាំ២០១៧ ២០១៩ ២០២១ និង២០២៣។ ក្នុងនោះ រូបគេបានរួមចំណែកជាច្រើនសម្រាប់វិស័យបាល់ទះកម្ពុជាគឺឈ្នះលើក្រុមជម្រើសជាតិដែលពីមុនកម្ពុជាមិនធ្លាប់ឈ្នះ។ ជាពិសេសរូបគេបានជួយកម្ពុជាឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ជាលើកដំបូង ឆ្នាំ២០២១ និងឈ្នះមេដាយប្រាក់កីឡាស៊ីហ្គេម ជាលើកដំបូង ឆ្នាំ២០២៣។
ទន្ទឹមជាមួយគ្នានេះ រូបគេបានជួយកម្ពុជាទទួលបានជ័យជម្នះក្នុងការប្រកួតមិត្តភាពអន្តរជាតិជាច្រើន និងទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់ Tri-Nation Cup 2023 នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន។

អ្វីដែលកាន់តែពិសេសអស្ចារ្យថែមទៀតនោះ សួន ចាន់ណារ៉ូ ក្នុងនាមប្រធានក្រុម និងអ្នកប៉ះសេ បានជួយកម្ពុជាឈ្នះជើងឯក SEA V. League Challenge ឆ្នាំ២០២៤ និងបានកៅអីឡើងទៅកាន់ពានរង្វាន់លំដាប់ទី១ប្រចាំតំបន់អាស៊ាន SEA V. League នៅឆ្នាំ២០២៥។
ការចូលនិវត្តន៍
សួន ចាន់ណារ៉ូ ធ្លាប់បានប្រកាសចូលនិវត្តន៍ម្តងហើយ បន្ទាប់ពីបានជួយកម្ពុជាឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ ប៉ុន្តែដោយសារកម្ពុជាខ្វះកីឡាករជំនាញប៉ះសេ ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទើបសហព័ន្ធកីឡាបាល់ទះកម្ពុជាបញ្ចុះបញ្ចូលឲ្យរូបគេវិលត្រឡប់មកជួយក្រុមកម្ពុជាជាថ្មី។

រូបគេបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាថ្មីមានរយៈពេល២ឆ្នាំគឺឆ្នាំ២០២៣-២៤ មុនពេលសម្រេចចូលនិវត្តន៍ជាលើកទី២។ ការចូលនិវត្តន៍នេះបានធ្វើឲ្យថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងមិត្តរួមក្រុមមានការសោកស្តាយយ៉ាងខ្លាំង ពីព្រោះរហូតដល់ពេលនេះមិនទាន់មានអ្នកប៉ះសេណាមានកម្រិតសមត្ថភាពល្អដូច សួន ចាន់ណារ៉ូ ឡើយ។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំពិធីចូលនិវត្តន៍យ៉ាងឱឡារិកដោយមានវត្តមានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អ្នកឧកញ៉ា លាង ម៉េង ជាអ្នកឧបត្ថម្ភ កីឡាករជាមិត្តរួមក្រុម និងអ្នកគាំទ្រយ៉ាងច្រើន។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្របាល់ទះកម្ពុជាដែលរៀបចំពិធីចូលនិវត្តន៍បែបនេះ។

មូលហេតុចម្បងដែល សួន ចាន់ណារ៉ូ បានសម្រេចចូលនិវត្តន៍គឺដោយសារសុខភាពមិនអំណោយផល។ ទម្ងន់របស់កីឡាករកាន់តែឡើង ជាពិសេសឈឺចង្កេះពិបាកធ្វើឲ្យរូបគេបន្តការលេងកម្រិតអាជីព ហើយម្យ៉ាងទៀត រូបគេចង់ផ្តល់ឱកាសឲ្យក្មេងជំនាន់ក្រោយ។ ស្របពេលជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសបើកចំហជានិច្ចសម្រាប់ការវិលត្រឡប់ចូលវិស័យបាល់ទះវិញទាំងក្នុងនាមជាកីឡាករ ឬក្រុមការងារគ្រូបង្វឹកណាមួយក៏បាន។
ជីវិតឯកជន
សួន ចាន់ណារ៉ូ បានរៀបការរួចហើយដែលបច្ចុប្បន្នរូបគេមានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍។ ក្រៅពីនេះ រូបគេក៏ជាមន្ត្រីប៉ូលិសម្នាក់ផងដែរ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ