កីឡា
ព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរនៅអាមេរិក ប្រាជ្ញ កេនយ៉ា ថើបដីខ្មែរ ពេលជាន់ទឹកដីកំណើតជាថ្មី
ព្រឹទ្ធាចារ្យយុទ្ធគុនខ្មែរបុរាណ ប្រាជ្ញ កេនយ៉ា បានលុតជង្គង់ថើបដីកំណើតរបស់ខ្លួន បន្ទាប់ពីលោកបានវិលត្រឡប់មកប្រទេសកំណើតម្តងទៀតនៅព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានចំណាយពេលប្រមាណជិត៤០ឆ្នាំក្នុងការផ្សព្វផ្សាយយុទ្ធគុនខ្មែរនៅលើទឹកដីអាមេរិក។
ការវិលត្រឡប់មកលេងស្រុកកំណើតជាថ្មី ត្រូវបានកញ្ញា សំ ថារ័ត្ន តារាសម្តែងក្បាច់គុន បានទៅទទួលលោកនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមរយៈរូបភាពបានបង្ហាញពីលោកបានលុតជង្គង់ចុះ និងថើបដីខ្មែរ ជាកន្លែងផ្តល់កំណើត មុនពេលលោករសាត់ខ្លួនទៅដល់សហរដ្ឋអាមេរិក។ ការវិលត្រឡប់មកខ្មែរនេះ ក៏បន្ទាប់ពីលោក និងកញ្ញា ថា រ័ត្ន ព្រមទាំងកីឡាករ កីឡាការិនី អ្នកសិល្បៈជាច្រើនទៀតបានរួមគ្នាបង្ហាញវប្បធម៌សិល្បៈ និងយុទ្ធគុនខ្មែរក្នុង«ទិវាកម្ពុជា ឬ Cambodia Day» កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលាន Union Square ក្នុងទីក្រុងសាន់ ហ្វ្រាន់សិស្កូ រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
រម្លឹកពីប្រវត្តិ លោកព្រឹទ្ធាចារ្យ ប្រាជ្ញ កេនយ៉ា ដែលមានដើមកំណើតនៅខេត្តបាត់ដំបងបានសិក្សារហូតចប់វិទ្យាល័យ ប៉ុន្តែនៅពេលលោកបន្តរៀនមហាវិទ្យាល័យក្នុងខេត្តបាត់ដំបង លោកតែងតែគេចសាលាទៅដើរលេង។ ជាពិសេសលោកតែងតែទៅប្រដាល់តាមបុណ្យតាមភូមិ និងវត្តអារ៉ាមនានា។
ឃើញដូច្នេះឪពុកម្តាយខ្លាចកូនធ្លាក់ក្នុងផ្លូវមិនល្អ ពួកគាត់បានបញ្ជូនឲ្យទៅរស់នៅរៀនសូត្រជាមួយអុំក្នុងខេត្តសៀមរាប។ ការបញ្ជូនលោកទៅនៅខេត្តសៀមរាប ប្រៀបដូចជាបញ្ជូនលោកទៅហ្វឹកហាត់កីឡាប្រដាល់។
ក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០២៣ លោកព្រឹទ្ធាចារ្យបានរៀបរាប់ថា លោកអុំ ពេលឃើញលោកចូលចិត្តទាត់ធាក់ក៏បញ្ជូនទៅរៀននៅវត្ត។ ពេលនោះលោកបានបម្រើព្រះសង្ឃពេលថ្ងៃ និងហ្វឹកហាត់កីឡាប្រដាល់ពេលយប់។ ហ្វឹកហាត់នៅសៀមរាបបានប៉ុន្មានឆ្នាំ លោកត្រូវបានបញ្ជូនទៅហ្វឹកហាត់កីឡាចំបាប់នៅកម្ពុជាក្រោម។
ទោះបីជាយ៉ាងណា លោកតា ប្រាជ្ញ កេនយ៉ា ហ្វឹកហាត់កីឡាចំបាប់បានប្រមាណ៣ខែប៉ុណ្ណោះ ក៏បានត្រឡប់ទៅខេត្តបាត់ដំបងជាស្រុកកំណើតវិញ ដោយសារសម័យនោះមានសង្គ្រាមនៅវៀតណាម។
ក្នុងសម័យខ្មែរក្រហម លោកត្រូវបានបញ្ជូនទៅជាកងចល័តដើម្បីធ្វើស្រែដោយលោតបានលាក់អត្តសញ្ញាណទាំងស្រុងដើម្បីសុវត្ថិភាព។ ប្រហែលឆ្នាំ១៩៨០ លោករស់នៅតំបន់ព្រំដែនដើម្បីរត់ទំនិញចេញចូលខ្មែរ-ថៃ។ បន្ទាប់មក លោកបានទៅដល់ជំរុំធ្វើការជាអ្នកស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យជប៉ុន។ នៅឆ្នាំ១៩៨២ លោកបានទៅសហរដ្ឋអាមេរិកតាមរយៈជីតារបស់លោកដែលរស់នៅសហរដ្ឋអាមេរិកមុនស្រាប់។
លោកតា ប្រាជ្ញ កេនយ៉ា បានរៀបរាប់ថា ពេលទៅដល់អាមេរិក លោកមិនចេះអ្វីទាំងអស់។ លោកត្រូវចំណាយពេលទៅរៀនភាសា និងជំនាញផ្សេងៗ។ ក្នុងរយៈពេលនោះ លោកបានធ្វើការងារដើម្បីកិច្ចការសង្គម និងចាប់ផ្តើមបង្ហាត់ក្បាច់គុន។
ដំបូងឡើយ លោកបានបង្ហាត់ប្រដាល់សកលដល់ជនបរទេសនៅតាមសួនច្បារ និងទីលានផ្សេងៗដោយមិនយកប្រាក់កម្រៃឡើយ។ ការបង្ហាត់ប្រដាល់សកលដោយសារគេមិនទាន់ស្គាល់ក្បាច់គុនខ្មែរ ដូច្នេះលោកត្រូវចាប់ផ្តើមពីប្រដាល់សកលមុន។ ការហ្វឹកហាត់កាន់តែយូរ សិស្សកាន់តែច្រើនចង់ហ្វឹកហាត់ជាមួយ។ បន្ទាប់មកមានក្លិបប្រដាល់សកល ជឺជីតស៊ូ និងកីឡាផ្សេងៗទៀតបានហៅលោកឲ្យទៅបង្ហាត់នៅក្លិបដើម្បីឲ្យលោកអាចរកចំណូលបានខ្លះ។
ពេលនោះលោកបានទៅបង្ហាត់តាមក្លិបគឺមានសិស្សកាន់តែច្រើន ប៉ុន្តែលោកមិនបានបង្ហាត់ពេញម៉ោងទេ។ ប្រការនេះនាំឲ្យលោកគិតគូរដល់សិស្សកាន់តែច្រើនចង់ហ្វឹកហាត់ពេញលេញ ហើយលោកបានចេញបើកក្លិបផ្ទាល់ខ្លួនដែលបង្ហាត់ទាំងប្រដាល់សកល គុនខ្មែរ ល្បុក្កតោ និងឃីកបុកស៊ីងជាដើម។
លោកតា ប្រាជ្ញ កេនយ៉ា បានប្រាប់ថា នៅពេលលោកពេញកម្លាំងហ្វឹកហាត់ និងបង្ហាត់ លោកបានចេញទៅប្រកួត និងបានក្លាយជាជើងឯកនៅសហរដ្ឋអាមេរិកត្រូវបានកាសែត និងទូរទស្សន៍ផ្សព្វផ្សាយពីលោក។ លោកបានចំណាយអស់រយៈពេលជាង៣០ឆ្នាំហើយក្នុងការបង្ហាត់ក្បាច់គុននៅសហរដ្ឋអាមេរិកទាំងជនជាតិខ្មែរ និងជនបរទេស។
លោកបានធ្វើដំណើរមកលេងប្រទេសកំណើតជាលើកដំបូងកាលពីឆ្នាំ២០១៨ ហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤គឺជាការជាន់ដីកំណើតជាថ្មីដែលជាកន្លែងលោកនឹករលឹក និងដឹងគុណជានិច្ច។ ហេតុដូច្នេះហើយបានជាលោកព្រឹទ្ធាចារ្យថើបដីកំណើតរបស់លោក។
សូមបញ្ជាក់ថា លោកបានសរសេរសៀវភៅមានចំណងជើង «Black Stone Hands»ដែលបង្ហាញពីប្រវត្តិផ្ទាល់ខ្លួនរបសលោក ក្បាច់គុនបុរាណខ្មែរ ការតស៊ូ និងប្រតិបត្តិខ្លួនឲ្យក្លាយជាបុគ្គលមានតម្លៃនៅលើទឹកដីនៃប្រទេសទី២៕
អត្ថបទ៖ វីរបុត្រ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក