កីឡា
កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ១១៨នាក់នឹងប្រកួត គុនខ្មែរពិភពលោកក្នុងខែធ្នូ
សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិនឹងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរ ពិភពលោក លើកទី៥ នៅថ្ងៃទី៦-៧-៨ ខែធ្នូ ឆ្នាំ២០២៤ នៅមុខឧទ្យានព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។

លោក មៀម រ៉ា ប្រធានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ប្រទេសចំនួន២៤ស្មើនឹងកីឡាករ កីឡាការិនីចំនួន១១៨នាក់នឹងចូលរួមប្រកួតគុនខ្មែរពិភពលោកលើកទី៥។ ការប្រកួតត្រូវបានបែងចែកជា៣កម្រិតផ្សេងគ្នាគឺ ការប្រកួតមិនអាជីព ការប្រកួតពាក់កណ្តាលអាជីព និងការប្រកួតអាជីព។ ការប្រកួតទាំង៣កម្រិតនេះត្រូវបានកំណត់ទៅតាមអាយុគឺចាប់ពី១០-១៣ឆ្នាំ អាយុ១៤-១៧ឆ្នាំ និងអាយុ១៨-៤៨ឆ្នាំ ទៅតាមប្រភេទទម្ងន់។
លោក មៀម រ៉ា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក លើកទី៥ មានទ្រង់ទ្រាយធំជាលើកមុនៗ។ គោលដៅសំខាន់នៃការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោកគឺដើម្បីសម្លឹងឆ្ពោះទៅការដាក់គុនខ្មែរក្នុងទ្វីបអាស៊ី និងកីឡាអូឡាំពិក។

«យើងដាក់គោលដៅចូលកីឡាអូឡាំពិកនៅក្នុងឆ្នាំ២០៣៦ ប៉ុន្តែយើងក៏សម្លឹងឆ្ពោះទៅចូលកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅប្រទេសអូស្ត្រាលី ដូច្នេះធ្វើយ៉ាងណាដើម្បីរុញច្រានគុនខ្មែរឲ្យសម្រេចគោលដៅ»។ លោក មៀម រ៉ា បានបញ្ជាក់។
ជាមួយគ្នានេះ ការប្រកួតអាជីពមាន៩គូដែលជាការប្រកួតគូពិសេសមិត្តភាពអន្តរជាតិ។ កីឡាករ កីឡាការិនីគុនខ្មែរ៩នាក់នឹងប្រកួតអាជីពមានដូចជា ព្រុំ សំណាង, សុខ ធី, មឿន សុខហ៊ុច, គោមរៈ ច័ន្ទរាជ, រិទ្ធី រុងរឿង, សំអឿន សុផា និងកីឡាករ កីឡាការិនី៣នាក់ទៀត។

ក្នុងព្រឹត្តិការណ៍ការប្រកួតគុនខ្មែរពិភពលោក សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិនឹងរៀបចំមហាសន្និបាតគុនខ្មែរប្រចាំឆ្នាំ២០២៤។ ក្នុងមហាសន្និបាតនេះនឹងមានកិច្ចពិភាក្សាលើការងារសំខាន់ផ្សេងៗដែលធ្វើយ៉ាងណាជំរុញវិស័យកីឡាគុនខ្មែរឲ្យរីកចម្រើនស្តង់ដាអន្តរជាតិ។ ជាពិសេស មហាសន្និបាតនឹងមានកិច្ចពិភាក្សាដើម្បីជ្រើសរើសប្រទេសណាដែលនឹងទទួលរៀបចំការប្រកួតគុនខ្មែរពិភពលោកនៅក្រៅប្រទេស។
លោក មៀច រ៉ា បានប្រាប់ថា ៖«គោលបំណងរបស់យើងគឺចង់ឲ្យប្រទេសជាសមាជិកទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតគុនខ្មែរពិភពលោកនៅឆ្នាំ២០២៥។ រហូតដល់ពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានណាមួយពីប្រទេសណាបង្ហាញការចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះទេ តែក្នុងមហាសន្និបាត យើងនឹងជជែកគ្នា ហើយបើកចំហឲ្យប្រទេសជាសមាជិកដាក់ពាក្យដើម្បីទទួលរៀបចំការប្រកួត»។

លោកបានសង្កត់ធ្ងន់ថា ៖«យើងខ្ញុំនឹងជួយរកដៃគូឧបត្ថម្ភដើម្បីអាចរួមចំណែកជួយដល់ប្រទេសណាដែលចង់ធ្វើម្ចាស់ផ្ទះ។ យើងអាចទៅរួច ពីព្រោះនៅក្រៅប្រទេស ការរៀបចំព្រឹត្តិការណ៍ គេលក់សំបុត្រចូលទស្សនា ហើយបើម្ចាស់ផ្ទះស្វែងរកបានដៃគូឧបត្ថម្ភខ្លះ លក់សំបុត្រផង ហើយយើងជាម្ចាស់ផ្ទះក្បាច់ អាចរកម្ចាស់ឧបត្ថម្ភទៀតនោះគឺអាចទៅរួច»។
លោកបានបន្ថែមថា ប្រសិនបើឆ្នាំ២០២៥មិនមានប្រទេសណាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតគុនខ្មែរពិភពលោក លើកទី៦ សហព័ន្ធគុនខ្មែរអន្តរជាតិនឹងរៀបចំនៅខេត្តព្រះសីហនុវិញម្តង។

នៅក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក សម្រាប់ការប្រកួតគុនខ្មែរអាជីព មានកីឡាករមួយចំនួនបានដឹងដៃគូប្រកួតហើយ ក្នុងនោះកីឡាករ ព្រុំ សំណាង ប៉ះកីឡាករវៀតណាម កីឡាករ គោមរៈ ច័ន្ទរាជ និងកីឡាករ រុង រឿង ប៉ះកីឡាករមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា ការប្រកួតគុនខ្មែរពិភពលោកនេះមានប្រទេសជាសមាជិកប្រមាណ៥ទៅ៧នឹងបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតជាលើកដំបូង។ ជាពិសេស ប្រទេសបារាំងបានត្រៀមកីឡាករ កីឡាការិនី១៥នាក់ដើម្បីមកប្រជែងមេដាយ និងខ្សែក្រវាត់គុនខ្មែរពិភពលោក៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ